យ៉ោម បុប្ផា និងទឹម សាក់មុន្នី៖ មន្ត្រីសិទ្ធិមនុស្សថា ជាសាលក្រមគម្រាមការតវ៉ាដីធ្លីនៅកម្ពុជា
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: December 28, 2012
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ជាសវនាការជំនុំជម្រះ លើសំណុំរឿងក្តីដាច់ដោយឡែកពីគ្នា ទាក់ទងករណីអ្នកស្រីយ៉ោម បុប្ផា ពីសំនុំរឿងបឹងកក់ និងអ្នកស្រី ទឹម សាក់មុន្នី ពីសំនុំរឿងបុរីកីឡា ដោយតុលាការសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃពុធទី២៦ ខែធ្នូ កន្លងទៅ និងបានអូសបន្លាយបន្តរ រហូតដល់ព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១២ ។
ក្រុមអ្នកគាំទ្រជនជោប់ចោទទាំងពីរ បានធ្វើការទាមទារ នៅពីមុខតុលាការសាលាដំបូងរាជធានីភ្នំពេញ
កាលពីថ្ងៃទី២៦ធ្នូកន្លងទៅ។ រូបថត MONOROOM.info/ O.Vary។
ចៅក្រមតុលាការសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រម សម្រេចផ្តន្ទាទោស អ្នកស្រី យ៉ោម បុប្ផា អ្នកតវ៉ាដីធ្លីដ៏លេចធ្លោម្នាក់ នៅតំបន់បឹងកក់ ឲ្យជាប់ពន្ធនាគារ៣ឆ្នាំ ពីបទ«ប្រើអំពើហឹង្សាដោយចេតនា» វាយទៅលើបុរស ជាអ្នករត់ម៉ូតូឌុបពីរនាក់ ឲ្យរងរបួសកាលពីដើមខែសីហា ដែលទំនងជាទំនាស់ រវាងអ្នកនៅភូមិផងរបងជាមួយ។ តុលាការក៏បានសម្រេចផ្តន្ទាទោស ដោយកំបាំងមុខ ប្អូនប្រុសពីរនាក់ របស់អ្នកស្រីគឺលោក យ៉ោម កន្លង់ និង យ៉ោម សិទ្ធិ ក្នុងម្នាក់ៗឲ្យជាប់ពន្ធនាគារបីឆ្នាំផងដែរ។ រីឯលោក លួស សាខន ដែលជាប្តីរបស់អ្នកស្រី យ៉ោម បុប្ផា ក៏ត្រូវបានផ្តន្ទាទោសចំពោះមុខ ដាក់ពន្ធនាគារបីឆ្នាំដូចគ្នា តែទោសនេះត្រូវបានព្យួរ អោយនៅ«ក្រៅឃុំ»។
លោក សួស សំអាត ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានបង្គាប់ឲ្យជនជាប់ចោទទាំងអស់ ត្រូវរួមគ្នាផ្តល់ជាសំណង ដល់ជនរងគ្រោះឈ្មោះ ង៉ែត ចិត្រ និង វ៉ាត ថៃសេង ក្នុងម្នាក់ៗ នូវទឹកប្រាក់ចំនួន៣០លានរៀល។ ហើយតុលាការក៏បានអោយរយៈពេល៣០ថ្ងៃ ក្នុងការបើកផ្លូវ«ប្តឹងឧទ្ទរណ៍» សម្រាប់ជនជាប់ចោទពីររូប ដែលមានវត្តមានក្នុងសវនាការ និងការបើកផ្លូវ«ប្តឹងតវ៉ា» សម្រាប់ពីរនាក់ទៀត ដែលត្រូវបានផ្ទន្ទាទោសកំបាំងមុខនោះ។
រីឯករណីអ្នកស្រី ទឹម សាក់មុន្នី អ្នកតវ៉ាដីធ្លីនៅបុរីកីឡា អាយុ ៦៤ឆ្នាំ ក៏ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោស ដាក់ពន្ធនាគារចំនួនប្រាំមួយខែដែរ គិតចាប់ពីថ្ងៃចាប់ខ្លួនមក។ តែដោយអ្នកស្រីបានជាប់ឃុំឃាំង ជិតបួនខែមកហើយ ក្នុងពន្ធនាគារ ដូច្នេះទោសដែលនៅសល់ ជាងពីរខែទៀត ត្រូវសាលក្រមប្រកាសថា «បានព្យួរ»។ ជារួមមក អ្នកស្រី ទឹម សាក់មុន្នី ត្រូវបាន«ដោះលែងពីពន្ធនាគារ» អោយមានសេរីភាព បន្ទាប់ពីសាលក្រមនេះទៅ។
ឆ្លើយនឹងកិច្ចសម្ភាស របស់មនោរម្យព័ងអាំងហ្វូ លោក អំ សំអាត មន្ត្រីបច្ចេកទេស ឃ្លាំមើលការរំលោភសិទ្ធិមនុស្ស របស់អង្គការលីកាដូ បាននិយាយថា ការសម្រេចនេះ ជាឆន្ទានុសិទ្ធិរបស់តុលាការ ។ តែលោកបានសង្កេតទៅលើអង្គសវនាការទាំងមូល ថាមិនមានចំណុចណាមួយ ដែលបញ្ជាក់ថាអ្នកស្រីយ៉ោម បុប្ផា ជាអ្នកផ្តើមគំនិត ឲ្យមានបទល្មើសប្រើប្រាស់ហឹង្សា សម្រាប់ជាស្ថានទំងន់ទោសទេ ។ លោកបញ្ជក់ថា ទាំងសាក្សី ទាំងជនរងគ្រោះ បានឃើញអ្នកស្រី នៅក្រោយពេលកើតហេតុនោះ។ លោកសន្និដ្ឋាន យ៉ាងដូច្នេះថា «កុំតែអ្នកស្រីយ៉ោម បុប្ផា គឺជាសកម្មជនតំណាងអ្នកបឹងកក់ ការពារដីធ្លី និងផ្ទះសម្បែង កន្លងមកយ៉ាងសកម្មនោះ ប្រហែលជាអ្នកស្រី យ៉ោម បុប្ផា មិនមានវាសនាដូចថ្ងៃនេះទេ»។
សម្រាប់ករណីរបស់អ្នកស្រី ទឹម សាក់មុន្នី ដែលតុលាការបានព្យូរទោស និងបានដោះលែងនោះ លោកអំ សំអាត បានស្វាគមន៍ចំពោះ ការកាត់តម្រឹមទោសរបស់តុលាការ តែលោកនៅតែមានការសោកស្តាយ ព្រោះតែការចាប់ខ្លួនដាក់ទោសនេះ បានធ្វើឡើង ដោយសារតែអ្នកស្រី ក៏ជាសកម្មជនតវ៉ាដីធ្លីដ៏សំខាន់ នៅតំបន់បុរីកីឡាដែរ។ អ្នកបច្ចេកទេសរូបនេះ បានបញ្ជាក់ថា «ករណីទាំងពីរនេះជាការគំរាមកំហែង បំភិតបំភ័យ សំរាប់សកម្មជនការពារដីធ្លីដ៏ទៃៗទៀត»។
គួរបញ្ជាក់ថា កាលពីរសៀលថ្ងៃពុធទី២៦ ខែធ្នូ ឆ្នាំ២០១២ នៅខាងភ្លើងស្តុបនាងគង្ហីង មានក្រុមប្រជាពលរដ្ឋខាងតំបន់បឹងកក់ និងតំបន់បូរីកីឡា ដែលភាគច្រើនជាស្រ្តី និងកូនក្មេង បានប្រមូលផ្តុំលើកបដា និងរូបជញ្ជីងធំ តំណាងឲ្យយុត្តិធម៌ ស្រែកហ៊ោកញ្រៀវទាមទារឲ្យតុលាករ ធ្វើការ«ដោះលែងអ្នកស្រី យ៉ោម បុប្ផា និងអ្នកស្រី ទឹម សាក់មុនី» ។ តែដោយឡែកនៅខាងភ្លើងស្តុបអាងទឹកវិញ មានក្រុមអ្នករត់ម៉ូតូឌុបជាច្រើននាក់ សុទ្ធតែជាបុរស និងមនុស្សពេញវ័យ ក៏បានប្រមូលផ្តុំគ្នាលើកបដាដែរ ប៉ុន្តែពួកគេទាមទារឲ្យតុលាការ«ផ្តន្ទាទោស លើអ្នកស្រី យ៉ោម បុប្ផា» ព្រោះពួកគេទាំងនោះយល់ថា អ្នកស្រីជាអ្នកទទួលខុសត្រូវ លើការវាយដំទៅលើអ្នករត់ម៉ូតូទាំងពីរនាក់។
តាមប្រភពពីមន្ត្រីនគរបាលក្នុងតំបន់ បាននិយាយថា ក្រុមគ្រួសាររបស់អ្នកស្រី យ៉ោម បុប្ផា បានធ្វើការវាយដំទៅលើ អ្នករត់ម៉ូតូឌុបទាំងពីរនាក់ ដោយខឹងនឹងបាត់កញ្ចក់រថយន្ដ ជាញឹកញាប់ពេក ហើយពួកគេទាំងនេះ បានដាក់ការសង្ស័យ ទៅលើអ្នករត់ម៉ូតូឌុបទាំងពីរនាក់ ដែលរស់នៅក្នុងភូមិផងរបងជាមួយ។ អ្នកស្រីយ៉ោម បុប្ផា និងលោក លួស សាខន ជាស្វាមី ត្រូវបាននគរបាលចាប់ឃាត់ខ្លួន នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១២កន្លងមក។ ស្វាមីរបស់អ្នកស្រី ត្រូវបានតុលាការលែងអោយនៅក្រៅឃុំវិញ ក្នុងថ្ងៃជាមួយគ្នានោះ តែបានដាក់លោក អោយស្ថិតនៅក្រោមការឃ្លាំមើល របស់តុលាការដដែល៕
---------------------------------------------------------
ដោយ៖ អ៊ុម វ៉ារី ភ្នំពេញ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១២
រក្សាសិទ្ធិគ្រប់យ៉ាងដោយ មនោរម្យព័ងអាំងហ្វូ