កម្ពុជានិងថៃ ជជែកគ្នាពីគម្រោងការរួម តាមព្រំដែន
ប្រទេសកម្ពុជា និងថៃ នឹងពន្លឿនការសាងសង់ផ្លូវ និងបើកការិយាល័យត្រួតពិនិត្យថ្មីៗទៀត នៅតាមបណ្ដោយព្រំដែន នៃប្រទេសទាំងពីរ។ នេះជាសេចក្ដីរាយការណ៍ អោយដឹងរបស់ភ្នាក់ងារសារពត៌មានថៃ។
ច្រកប៉យប៉ែត នៅព្រំដែនកម្ពុជាថៃ។ រូបថត the-world-in-photos.com។
ការសម្រេចនេះ បានធ្វើឡើង ក្នុងជំនួបលើកទី៨ នៃគណកម្មាធិការកម្ពុជា-ថៃ នាទីក្រុងបាងកកប្រទេសថៃ ក្នុងពីរថ្ងៃកន្លងមកនេះ ដោយមានវត្តមានរបស់រដ្ឋមន្ត្រីក្រសួងការបរទេស នៃប្រទេសទាំងពីរផង។
លេខាអចិន្ត្រៃយ៍ របស់ក្រសួងការបរទេសថៃ លោកស៊ីហាសាក់ ភួងកេតកែវ (Sihasak Phuangketkeow) បានលើកបញ្ជាក់ថា ក្នុងចំណោមប្រធានបទជាច្រើន ដែលត្រូវបានលើកយកមកជជែកនៅក្នុងជំនួបនោះ មានការព្រមព្រៀងគ្នាមួយចំនួន ដូចជាការបើកច្រកត្រួតពិនិត្យជាប់លាប់ នៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ រវាងពីខេត្តបន្ទាយមានជ័យរបស់កម្ពុជា និងខេត្តស្រះកែវរបស់ថៃ ការសាងសងផ្លូវថ្នល់លេខ៤៨ ដែលភ្ជាប់ខេត្តព្រះសីហនុរបស់កម្ពុជា ទៅខេត្តត្រាតរបស់ថៃ និងព្រមទាំងមានការបន្តផ្លូវដែក ពីច្រកត្រួតពិនិត្យនៃខេត្តអារញ្ញយ៉ាប្រថេតរបស់ថៃ ចូលមកក្នុងប្រទេស កម្ពុជា។
បន្ថែមពីលើនេះទៀត លោកភួងកេតកែវ ក៏បាននិយាយផងដែរ ថាតំណាងមកពីប្រទេសទាំងពីរ បានទទួលព្រមព្រៀងគ្នា ទៅលើយុទ្ធនាការ ដើម្បីទប់ស្កាត់រួមគ្នា ទល់នឹងការជួញដូរមនុស្ស និងការលួចកាប់ឈើក្រញូង នៅតាមព្រំដែន៕
-------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ