សម័យនេះ ពលរដ្ឋកម្ពុជា អាចឈ្លានពានទឹកដីវៀតណាម?
- ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) -ភ្នំពេញថ្ងៃទី៦ ឧសភា ២០១៥
- កែប្រែចុងក្រោយ: May 07, 2015
- ប្រធានបទ: ព្រំដែន
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បន្ទាប់ពីមានការឆ្លើយតបលិខិត ដោយរដ្ឋមន្រ្តី ក្រសួងការបរទេសកម្ពុជា លោក ហោ ណាំហុង ទៅកាន់ប្រធានរដ្ឋសភា កាលពីថ្ងៃទី៤ ខែឧសភានេះ ដោយបានលើកឡើងថា មិនមានការឈ្លានពានរបស់ទ័ព ឬពលរដ្ឋវៀតណាមណាមួយ មកលើទឹកដីខ្មែរទេ។ តែផ្ទុយទៅវិញ ក្នុងលិខិតនោះ បានបញ្ចាក់ថា គឺពលរដ្ឋខ្មែរទេ ដែលឈ្លានពានទឹកដី របស់វៀតណាម។
ការលើកឡើងនេះ ត្រូវបានតំណាងរាស្រ្ត មណ្ឌលកំពង់ចាម លោក ម៉ៅ មុន្នីវណ្ណ បានបង្ហាញនូវភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះអត្ថន័យ នៅក្នុងលិខិតរបស់លោក ហោ ណាំហុង នេះ ដែលសរសេរថា ប្រជាពលរដ្ឋកម្ពុជា ជាអ្នកដែលឈ្លានពាន ទឹកដីវៀតណាមនោះ។
ក្នុងកិច្ចសម្ភាស ជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ តំណាងរាស្ត្រគណបក្សប្រឆាំង បានចោទជាសំនួរថា តើពលរដ្ឋកម្ពុជា អាចឈ្លានពាន យកដីវៀតណាម បានដែរឬទេ? ចុះបើអាចឈ្លានពានបាន រហូតដល់ជាង១៦ហិចតា ក្នុងទឹកដីវៀតណាម និងដាំដំណាំថែមទៀតនោះ តើវាជាភាពអស្ចារ្យឬទេ ក្នុងសម័យនេះ?
ក្នុងលិខិតរដ្ឋមន្ត្រី ក្រសួងការបរទេសកម្ពុជា លោក ហោ ណាំហុង កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៥ បានបញ្ជាក់ថា៖ «ក្រោយពីសិក្សាយ៉ាងហ្មត់ចត់ ជាមួយគណៈកម្មាធិការចម្រុះ ទទួលបន្ទុកកិច្ចការព្រំដែន និងអាជ្ញាធរស្រុកឃុំ និងភូមិ ឃើញថា ក្នុងឆ្នាំ២០១៥ ពលរដ្ឋយើង (ពលរដ្ឋកម្ពុជា) បានដាំដំណាំ ចូលដីវៀតណាម ចំនួន១៦.៦ហិចតា ថែមទៀត ដែលនាំឲ្យវៀតណាមមានប្រតិកម្ម បាញ់ថ្នាំពុលលើដំណាំកសិករយើង។»
លោក ម៉ៅ មុន្នីវណ្ណ បានលើកឡើងថា៖ «គាត់បកស្រាយមកថា ប្រជាពលរដ្ឋខ្មែរ ទៅធ្វើស្រែធ្វើចំការ នៅលើទឹកដីវៀតណាម។ បានន័យថា វាជាប្រវត្តិសាស្រ្តមួយហើយ ដែលខ្មែរយើង អាចចូលទៅឈ្លានពាន ចូលទៅរំលោភយកដីយួនបាន។ មានតែសម័យនេះទេ ដែលអាចធ្វើទៅបាន។»
យោងតាមសន្ធិសញ្ញា ១៩៨២, ១៩៨៣, ១៩៨៥ និងសន្ធិសញ្ញាបន្ថែម២០០៥?
លោកបានចាត់ទុក ការឆ្លើយតបរបស់រដ្ឋមន្រ្តី ក្រសួងការបរទេសកម្ពុជា ថាបានធ្វើឡើង ដោយយោងតាមតែសន្ធិសញ្ញា ១៩៨២, ១៩៨៣, ១៩៨៥ ដែលបានធ្វើឡើង ក្នុងអំឡុងពេល ដែលបរទេសត្រួតត្រាកម្ពុជា និងសន្ធិសញ្ញាបន្ថែម ២០០៥។ លោកថា សន្ធិសញ្ញាទាំងនោះ មិនបានការពារប្រយោជន៍ ប្រជាពលរដ្ឋ និងអធិបតេយ្យភាព ទឹកដីរបស់កម្ពុជាទេ។
តំណាងរាស្រ្តរូបនេះ បានលើកយកពាក្យសំដី របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងការបំភ្លឺបញ្ហាព្រំដែន កម្ពុជា-វៀតណាម ក្នុងសភាពេញអង្គ នាពេលកន្លងមកថា៖ «ជំនាន់នោះ ទាហានវៀតណាម ជាងមួយសែននាក់ នៅទីនោះ។ ដូច្នេះអ្នកណា ចង់ឲ្យបាត់បង់ទឹកដី ក៏ប៉ុន្តែគេមានវត្តមាន នៅទីនោះ»។ តាមការស្រង់សំដីនេះ លោកស្នើឲ្យធ្វើការគិត និងពិចារណា លើចំណុចនៃការថ្លែង របស់លោក ហ៊ុន សែន នេះឡើងវិញ។ សម្រាប់លោកផ្ទាល់ លោកមិនគាំទ្រ ចំពោះសន្ធិសញ្ញា ៨២, ៨៣, ៨៥ និងសន្ធិសញ្ញា ២០០៥ នោះឡើយ។
លោក ម៉ៅ មុន្នីវណ្ណ បន្តថា នឹងសិក្សា ពិនិត្យតាមផ្លូវច្បាប់ និងធ្វើការតស៊ូមតិ ក្នុងរដ្ឋសភា ជាមួយនឹងការរៀបចំឯកសារ និងលិខិតមួយចំនួនទៀត ដែលអាចឈានទៅដល់ ការកោះហៅមន្រ្តីពាក់ព័ន្ធ មកបំភ្លឺនៅក្នុងរដ្ឋសភាជាតិ។ មន្ត្រីពាក់ព័ន្ធនោះ អាចមកពីគណៈកម្មការព្រំដែន និងរដ្ឋមន្រ្តីការបរទេសកម្ពុជា។ លោកតំណាងរាស្ត្រ បានបញ្ជាក់ដូច្នេះថា «កងទ័ពវៀតណាម និងប្រជាពលរដ្ឋវៀតណាម រំលោភ (ទឹកដី) មកលើប្រជាពលរដ្ឋខ្មែរ។ (...) ជំហានទីមួយ ត្រូវសួរដ្ឋមន្រ្តីការបរទេស ដើម្បីកោះហៅទូត (វៀតណាម) នៅកម្ពុជា មកសួរនាំ។»
សូមរំលឹកថា លិខិតឆ្លើយបំភ្លឺ របស់លោករដ្ឋមន្ត្រីការបរទេសកម្ពុជានេះ ជាការឆ្លើយតប នឹងកិច្ចស្នើឲ្យមានការអន្តរាគមន៍ នៃក្រុមអ្នកតំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិ ក្នុងរឿងពលរដ្ឋ និងអាជ្ញាធរវៀតណាម បានចូលមកបាញ់ថ្នាំ សម្លាប់ដំណាំប្រជាពលរដ្ឋកម្ពុជា កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៥ ស្ថិតក្នុងភូមិជើង ឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កន្លងមក៕