ជម្លោះ​ដីធ្លី​នៅ​បុទុម​សាគរ ជា​រឿង​ពុក​រលួយ នៃ​មន្រ្តី​ជំនាញ?

ជំងឺរាំរ៉ៃ អស់រយៈពេលជិត៨ឆ្នាំ នៃទំនាស់ដីធ្លី នៅស្រុកបុទុមសាគរ ខេត្តកោះកុង នៅមិនទាន់រកឃើញ​ពី​មូលហេតុ និង​​ដំណោះ​ស្រាយ​នៅ​ឡើយ មកទល់ពេលនេះ។ ខាងក្រសួងនិយាយថា ជាជម្លោះបុគ្គល ខណៈខាងសង្គមស៊ីវិល និយាយថា ជាអំពើពុករលួយ នៃ​មន្ត្រី​ជំនាញ។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី៦ ឧសភា ២០១៥
  • កែប្រែចុងក្រោយ: May 07, 2015
  • ប្រធានបទ: ដីធ្លី
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្នុងជំនួបពិសេសមួយ រវាងរដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ និងលោក អេង ឆៃអ៊ាង ប្រធានគណៈកម្មការទី១ នៃរដ្ឋសភា នាវិមានរដ្ឋសភា នារសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៥ បានបង្ហាញថា ទំនាស់ដីធ្លីរវាងពលរដ្ឋ និងក្រុមហ៊ុន​ចិន​មួយ ក្នុងស្រុកបុទុមសាគរ ខេត្តកោះកុង នឹងមានការដោះស្រាយ ដោយតម្លាភាព និងគ្មានហិង្សា។ ឯបញ្ហាវិវាទដីធ្លី ដែល​ឈានទៅរក ការប្រើប្រាស់នូវហិង្សាកន្លងមកនោះ ត្រូ​វបានលោក សាយ សំអាល់ ចាត់ទុកថា ជាករណី​ទំនាស់​រវាង​បុគ្គល និង​បុគ្គលប៉ុណ្ណោះ មិនមែនជាគោលការណ៍របស់ក្រសួង ហើយក៏មិនមែនជាគោលការណ៍ របស់ក្រុមហ៊ុនដែរ។

ការលើកឡើងនេះ ត្រូវបានមន្រ្តីសង្គមស៊ីវិលម្នាក់ ដែលបានធ្វើអង្កេត និងស្រាវជ្រាវលើករណីទំនាស់នេះ បដិសេធ​ចោល។ លោក សុខ សុខុម មន្រ្តីសម្របសម្រួលអង្គការស្រាវជ្រាវជាតិកម្ពុជា ប្រចាំខេត្តកោះកុង បានថ្លែងប្រាប់​ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូថា បញ្ហាដីធ្លីដែលកើតមានវិវាទ រវាងក្រុមហ៊ុនចិន និងប្រជាពលរដ្ឋនោះ ភាគច្រើនកើតចេញ មកពីភាព​មិនស្មោះត្រង់ អំពើពុករលួយ និងការរើសអើង លើដំណោះស្រាយ នៃផលប៉ះពាល់។

ទំនាស់ដីធ្លីរវាងពលរដ្ឋ និងក្រុមហ៊ុនចិនឈ្មោះ អ៊ុយនីយ៉ុង ឌីវីឡុបមែន គ្រុប ខូអិលធីឌី (Union Development Group Co.,Ltd) នៅស្រុកបុទុមសាគរ និងគីរីសាគរ ក្នុងខេត្តកោះកុង កើតមាន តាំងពីឆ្នាំ២០០៨មក។ ក្រុមហ៊ុននេះ ទទួលបាន​ដី​ជាលក្ខណៈសម្បទាន លើការអភិវឌ្ឍន៍ ក្នុងខេត្តកោះ កាលពីឆ្នាំ២០០៨ កន្លងមក។

លោក សុខ សុខុម បានពន្យល់បន្តថា មន្រ្តីជំនាញក្នុងការដោះស្រាយដីធ្លីនោះ មិនបានអនុវត្តតាមគោលការណ៍ របស់​រដ្ឋាភិបាលឡើយ ដោយបានធ្វើការគម្រាមកំហែង តាមរយៈប្រព័ន្ធតុលាការ ក្នុងការបង្ខំ ឲ្យបោះបង់ដីធ្លីរបស់ខ្លួន ចាប់ពី​១០ ទៅ៥០ហិចតា និងទទួលយកដីសំណង ត្រឹមតែពីរហិចតាប៉ុណ្ណោះ។

មន្រ្តីសង្គមស៊ីវិលរូបនេះ បានស្នើ ក្នុងនាមសង្គមស៊ីវិល ឲ្យបញ្ចប់ នូវបញ្ហាដីធ្លី របស់ប្រជាពលរដ្ឋទាំងអស់ ដែលនៅសេស​សល់ ដោយមិនយកប្រព័ន្ធតុលាការ មកគម្រាមកំហែង និងជាពិេស ចាត់វិធានការ ទៅលើមន្ត្រីប្រព្រឹត្តិកំហុស។ លោក បានថ្លែងឡើងថា៖ «ស្នើដល់រដ្ឋាភិបាល ចាត់វិធានការ ចំពោះបុគ្គលសាធារណៈ របស់រដ្ឋមួយចំនួន ដែលបានបង្កើត​ការិយាធិបតេយ្យ និងអំពើពុករលួយ ក្នុងការកិបកេង យកប្រយោជន៍ពលរដ្ឋ តាមរយៈការមិនប្រកាសតម្លៃដី និងមិនសង​ថ្លៃ​ដំណាំ​នានា របស់ប្រជាពលរដ្ឋជាដើម។»

បើតាមការលើកឡើង របស់រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ បានឲ្យដឹងថា ទាំងក្រសួង និងក្រុមហ៊ុន មិន​ដែល​មានគោលការណ៍ នៃការបណ្តេញចេញដោយបង្ខំ និងហិង្សានោះឡើយ។ លោកថា ការដោះស្រាយបញ្ហា ត្រូវបាន​ធ្វើ​ឡើង ប្រកបដោយតម្លាភាព តាមការស្ម័គ្រចិត្ត គ្មានហិង្សា គ្មានការបង្ខំ និងផ្តល់ភាពយុត្តិធម៌ ជូនប្រជាពលរដ្ឋ​ទាំង​អស់។ លោក​ទទួលស្គាល់ ថាមានហិង្សា បានកើតឡើងមែន តែជារឿងបុគ្គល និងបុគ្គលប៉ុណ្ណោះ។ លោករដ្ឋមន្ត្រី បាន​បញ្ជាក់​ទៀតថា៖ «ជាគោលការណ៍រួម យើងមិនមានគោលការណ៍បង្ខិតបង្ខំ រុញឲ្យបងប្អូនចាកចេញ ឬប្រើហិង្សា លើ​បង​ប្អូន​ទេ (ប្រជាពលរដ្ឋ) (…)។ ក្រុមហ៊ុនក៏មិនដែលមាន គោលការណ៍អញ្ចឹងដែរ តែវាអាចមាន ក្នុងកម្រិតបុគ្គល។»

ដោយឡែក លោក អេង ឆៃអៀង តំណាងរាស្ត្រ មកពីគណបក្សសង្គ្រោះជាតិវិញ បានព្រមទទួលយក ការបកស្រាយ របស់​លោករដ្ឋមន្រ្តីក្រសួងបរិស្ថាន នាពេលនេះ។ ប៉ុន្តែក្នុងនាមលោក ជាប្រធានគណៈកម្មការទី១ នៃរដ្ឋសភា លោក ឆៃអៀង នៅតែស្នើសុំ ឲ្យក្រសួងអនុវត្ត នូវ៤ចំណុចបួន។ លោកលើកឡើងថា ចំណុចទាំងបួននោះរួមមាន (១) ពិនិត្យលទ្ធភាព​ខ្វៀល​ដី ជូនប្រជាពលរដ្ឋ ដែលនៅសេសសល់ ប្រមាណជាង៣០០គ្រួសារ (២) ស្នើមិនឲ្យមានការបង្ខិតបង្ខំ ឬការគម្រាម​កំហែង ឬវិធានការតុលាការ ចំពោះអ្នកដែលមិនទាន់បានចាកចេញ (៣) ស្នើឲ្យក្រសួងធ្វើការស៊ើបអង្កេត លើភាពមិន​ប្រក្រតី លើផលប៉ះពាល់កន្លងមក តាមរបាយការណ៍របស់សង្គមស៊ីវិល (៤) និងស្នើពិនិត្យ លើរបាយការណ៍ និងឯកសារ​នានា របស់ប្រជាពលរដ្ឋ ដែលសុខចិត្តទទួលយកសំណង ពីក្រុមហ៊ុន៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...