អង្គការមួយ ថា វិវាតដីធ្លីនៅកម្ពុជា ដូចជំងឺរ៉ាំរ៉ៃព្យាបាលមិនជា
- ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី២២ កញ្ញា ២០១៥
- កែប្រែចុងក្រោយ: September 24, 2015
- ប្រធានបទ: ដីធ្លី
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
អង្គការសង្គមស៊ីវិលមួយ បានថ្លែងឲ្យដឹងថា កម្ពុជាកំពុងជួបបញ្ហាប្រឈមមួយដ៏ធំ រវាងប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ឬរដ្ឋាភិបាល ដែលមកដល់បច្ចុប្បន្ននេះ នៅមិនទាន់មានដំណោះស្រាយ ជាក់លាក់ណាមួយនៅឡើយ នោះគឺ«ការរំលោភដីធ្លី និងទំនាស់ដីធ្លី» រវាងអ្នកមាន និងអ្នកក្រ រវាងអ្នកមានអំណាច និងប្រជាពលរដ្ឋសាមញ្ញជាដើម។
ថ្លែងក្នុងសិក្ខាសាលា សម្ពោធរបាយការណ៍ ស្តីពី «ការវិភាគស្ថិតិវិវាទដីធ្លីនៅកម្ពុជា ឆ្នាំ២០១៤» នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៥ នេះ លោក តឹក វណ្ណារ៉ា នាយកប្រតិបត្តិ នៃវេទិការទូទៅស្តីពីកម្ពុជា (NGO Forum) បានថ្លែងថា តាមសកម្មភាព នៃការមិនរាងចាល ក្នុងការរំលោភយកដីធ្លីជាបន្តបន្ទាប់ មកលើប្រជាពលរដ្ឋស្លូតត្រង់ ដោយបុគ្គលមានអំណាច ឬអ្នកមានប្រាក់ រិតតែបង្ក ឬបង្កើតឡើង នូវភាពក្រីក្រកាន់តែច្រើន ដែលផ្ទុយនឹងគោលនយោបាយ របស់រដ្ឋាភិបាល ក្នុងការកាត់បន្ថយ ភាពក្រីក្រនៅកម្ពុជា។
លោក វណ្ណារ៉ា បាននិយាយថា៖ «តាមទិន្នន័យរបស់ NGOF បង្ហាញថា ករណីបញ្ហាដីធ្លីមួយចំនួន បានអូសបន្លាយជាច្រើនឆ្នាំ។ មូលហេតុចម្បង នៃបញ្ហាទាំងនោះរួមមាន គម្រោងអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ ឬទីក្រុង និងតាមបណ្តាជនបទ ដែលផ្តល់ជាដីសម្បទានសេដ្ឋកិច្ច និងការផ្តល់សម្បទានដទៃទៀត ដែលប្រតិបត្តិការ ឬទទួលយកមកអនុវត្តន៍ ដោយក្រុមហ៊ុនជាតិ និងអន្តរជាតិ ក៏ដូចជាការរឹបអូសយកដីធ្លី ពីសំណាក់បុគ្គល មានអមណាចមួយចំនួន។»
លោកបន្ថែមថា ជាមួយនឹងបញ្ហាខាងលើ ខាងក្រសួងពាក់ព័ន្ធ ឬរដ្ឋាភិបាល តែងមានបង្ហាញនូវគោលការណ៍ ឬជំហរក្នុងការដោះស្រាយបញ្ហាទាំងនោះ តាមរយៈការ បង្កើតនូវយន្តការដោះស្រាយ វិវាទដីធ្លី តាំងពីថ្នាក់រាជធានី ក្រុង រហូតដល់ថ្នាក់ឃុំ សង្កាត់ តែហាក់ដូចជាគ្មានប្រសិទ្ធិភាពឡើយ។ ខាងក្រោមនេះ ជាការបកស្រាយទាំងស្រុង របស់លោក តឹក វណ្ណារ៉ា៖
ពលរដ្ឋមកពីស្រុក វាលវែង ខេត្តពោធិសាត់ អ្នកស្រី យ៉ុង វ៉ាន់ អះអាងពីភាពរងគ្រោះរបស់ខ្លួន ក្នុងបញ្ហាដីធ្លី បានរំលឹកថា ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ទើបតែបង្កើតឡើងក្នុងឆ្នាំ១៩៩៨ ព្រោះជាតំបន់ នៃកងកម្លាំងខ្មែរក្រហម ក្រោយសមាហរណកម្ម ក្នុងឆ្នាំ១៩៩៦-៩៧។ អំឡុងឆ្នាំ១៩៩៩-២០០០ អាជ្ញាធរមូលដ្ឋាន បានបែងចែកដីលំនៅដ្ឋាន និងដីចម្ការ ជូនប្រជាពលរដ្ឋ និងបានឲ្យធ្វើពាក្យ ស្នើសុំកាន់កាប់ដីធ្លីនោះ រួមមានទាំងបង្កាន់ដៃ ទទួលពាក្យកាន់កាប់ដីធ្លី ជាមួយនឹងការបញ្ជាក់ ពីសុរិយោដីស្រុកផង។
អ្នកស្រីថា ក្នុងឆ្នាំ២០១១ (ភូមិសង្គមថ្មី ភូមិកណ្តាល ភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់) រដ្ឋាភិបាលបានផ្តល់សម្បទានដីសេដ្ឋកិច្ច ទំហំប្រមាណជា ២.២៦៥ហិកតា ឲ្យក្រុមហ៊ុនលោក ទ្រី ភាព ដែលមានឈ្មោះថា «អឹមឌិអេស ថ្មដា អេសអ៊ីហ្សិត»។ បន្ទាប់ពីនោះមក ក្រុមហ៊ុនខាងលើ បានប្រើប្រាស់គ្រឿងចក្រឈូសឆាយ បំផ្លាញដំណាំ បំផ្លាញផ្ទះសម្បែង របស់ប្រជាពលរដ្ឋ ជាបន្តបន្ទាប់ និងគ្មានដំណោះស្រាយ បើទោះបីប្រជាពលរដ្ឋបាន«ប្តឹង» រកកិច្ចអន្តរាគម ពីគ្រប់ស្ថាប័នថ្នាក់ជាតិក៏ដោយ។
» ខាងក្រោមនេះ ជាការបកស្រាយរបស់អ្នកស្រី យ៉ុង វ៉ាន់ និងរបស់ពលរដ្ឋមួយរូបទៀត អ្នកស្រី ឆាយ សុភាន៖
ផ្ទុយពីការលើកឡើង របស់អង្គការ និងតំណាងប្រជាពលរដ្ឋខាងលើ លោក អេ ប៊ុនធឿន អនុប្រធានលេខាធិការដ្ឋាន គណកម្មការសុរិយោដីថ្នាក់ជាតិ នៃក្រសួងរៀបចំដែនដី នគររូបនីកម្ម និងសំណង់ បានប្រតិកម្មប្រាប់អ្នកសារព័ត៌មានថា បច្ចុប្បន្ននេះក្រសួងរៀបចំដែនដី កំពុងរៀបចំយកចិត្តទុកដាក់ និងរិះរកគ្រប់មធ្យោបាយដែលមាន ដើម្បីធ្វើការដោះស្រាយ និងលប់បំបាត់ «បញ្ហាវិវាទដីធ្លី» តាំងពីឆ្នាំ២០១២ តមក។
លោកបន្តថា តាមរយៈ«គោលនយោបាយចាស់ សកម្មភាពថ្មី» របស់រដ្ឋាភិបាល ក៏បានផ្តល់កម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋជាបន្តរបន្ទាប់ ជាងពីរលានហិចតា។ លោកបន្តថា ការផ្តល់សិទ្ធិ កាន់កាប់ដីធ្លីកន្លងមកនេះ ជាមួយនឹងសកម្មភាពចុះផ្ទាល់ របស់ក្រសួង ជួបជាមួយបណ្តាប្រជាពលរដ្ឋ ដែលបានកាន់កាប់ដីធ្លី ដោយ«ខុសច្បាប់»។ លោកបានថ្លែងឲ្យដឹងទៀតថា៖ «កន្លងមក សកម្មភាពរបស់ពួកគាត់ ដែលចូលទៅកាន់កាប់ដី មិនទាន់ស្របច្បាប់... យើងឃើញមានដីព្រៃរដ្ឋ ដីបំរុងរបស់រដ្ឋនានា ដែលស្ថានភាព នៃការកាន់កាប់របស់ពួកគាត់កន្លងមក ត្រូវបានហាមឃាត់ ដោយច្បាប់ភូមិបាល ឆ្នាំ២០០១។»
» ខាងក្រោមនេះ ជាការបកស្រាយទាំងស្រុង របស់លោក អេ ប៊ុនធឿន៖