សកម្មជនតវ៉ាដីធ្លីមកពីបឹងកក់មួយរូប ទទួលមរណភាព
- ដោយ: ក. វិច្ចនី អត្ថបទ និងយកការណ៍៖ ក. វិច្ចនី ([email protected]) - ភ្នំពេញ ថ្ងៃទី ៣១ មករា ២០១៥
- កែប្រែចុងក្រោយ: February 01, 2015
- ប្រធានបទ: ដីធ្លី
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
លោកយាយ សឺន កេ សកម្មជនតវ៉ាខាងដីធ្លីមកពីសហគមបឹងកក់ ដែលបានតស៊ូការពារដីធ្លី ផ្ទះសម្បែងរបស់ខ្លួន បានទទួលមរណភាព នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៥នេះ។ ក្រុមអ្នកស្និតនឹងសកម្មជនរូបនេះ បានថ្លែងថា លោកយាយបានលាចាកលោកទៅ ទាំងមិនស្ងប់ចិត្ត និងបិទភ្នែកមិនជិត។
សកម្មជនតវ៉ាដីធ្លីមួយរូបទៀត អ្នកស្រី ប៊ូវ សោភា បានថ្លែងបញ្ជាក់ថា នៅមុនមរណភាព ស្រី្តវ័យចំណាស់ មកពីសហគមន៍បឹងកក់រូបនេះមានអាការៈក្តៅខ្លួន ហើយគាត់បានប្រើឲ្យកូនៗរបស់គាត់កោសខ្យល់ឲ្យ ដើម្បីមានសភាពជាដូចធម្មតាវិញ។
ប៉ុន្តែក្រោយពីកោសខ្យល់រួច អាការៈជំងឺរបស់លោកយាយមិនបានស្រាកស្រាន្ដ តែហាក់ដូចជាធ្វើឲ្យស្ត្រីចំណាស់ កាន់តែមានសភាពធ្ងន់ធ្ងរជាងមុន រហូតលោកយាយ ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យកាលម៉ែត្រ ដើម្បីសង្គ្រោះជាបន្ទាន់។ លោកយាយបានផុតដង្ហើម នៅពេលទៅដល់មន្ទីរពេទ្យ នៅវេលាម៉ោងប្រមាណជា ៩ព្រឹក ថ្ងៃសៅរិ៍ ។
អ្នកស្រី ប៊ូវ សោភា បានបញ្ជាក់ទៀតថា ក្រុមគ្រួសាររបស់លោកយាយ តែងតែធ្វើសកម្មភាពជាច្រើន ក្នុងការតវ៉ាទាមទារសិទ្ធិរស់នៅ និងសិទ្ធិគ្រប់គ្រងដីធ្លី ឲ្យមកសហគមន៍បឹងកក់មកវិញ។ មូលហេតុដែលធ្វើលោកយាយមានជំងឺមិនស្រួលខ្លួន រហូតផុតរលត់សង្ខាដូច្នេះ ទំនងជាមកពីគាត់លះបង់យ៉ាងច្រើន ក្នុងការថែរទាំងស្វាមីរបស់គាត់ដែលកំពុងមានជំងឺដែរនោះ រួមទាំងការចំណាយកំលាំង ចូលរួមធ្វើការតវ៉ានាពេលកន្លងមកនោះទៀត។
សកម្មជនតវ៉ាដីធ្លី អ្នកស្រី ប៊ូវ សោភា បានលើកឡើងទៀតថា លោកយាយ សឺន កេ បានស្លាប់ទៅ ទាំងបិទភ្នែកមិនជិត ព្រោះគាត់ទាមទារដីរបស់ខ្លួន មិនទាន់បានសម្រេច ហើយការទាមទារ ឲ្យក្រុមអ្នករួមតស៊ូមតិក្នុងសហគមន៍តែមួយ បានរួចខ្លួនមានសេរីភាព ពីការឃុំខ្លួនក្នុងពន្ធនាគារនោះ ក៏នៅមិនទាន់ទទួលបានលទ្ធផលនៅឡើយដែរ៕