បារាំង​ថត​ស្រាត៖ ជាប់​ឃុំ​៦​ខែ ពិន័យ​៣​លាន​រៀល និង​បណ្ដេញ​ពី​កម្ពុជា

ជនបរទេសជាតិបារាំងទាំងបីនាក់ ត្រូវបានផ្ដន្ទាទោស និងបណ្ដេញចេញពីប្រទេសកម្ពុជា ភ្លាមៗ នៅថ្ងៃទី៣១ ខែ​មករា​នេះ បន្ទាប់លោកទាំងបី ត្រូវបានចោទប្រកាន់ថា បានថតរូបអាសអាភាស នៅទីធ្លាបរិវេណប្រាសាទបន្ទាយក្តី។
Loading...
  • ដោយ: សេក មនោរកុមារ អត្ថបទ និងយកការណ៍៖ សេក មនោរកុមារ ([email protected]) - ភ្នំពេញ ថ្ងៃទី ០១ កុម្ភៈ ២០១៥
  • កែប្រែចុងក្រោយ: February 01, 2015
  • ប្រធានបទ: អង្គរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការ​លេង​សើច ដែល​មិន​គួរ​ឲ្យ​ចង់​សើច ឬ​យ៉ាង​ហោច​ណាស់ ក៏​ជា​ការ​លេង​សើច ដែល​​ខុស​រឿង ខុស​កន្លែង និង​ខុស​ពេល។ ​ជន​ជាតិ​បារាំង​ទាំង​បី​នាក់ ត្រូវ​បាន​សាលា​ដំបូង​​ខេត្ដ​​សៀមរាប សម្រេច​​ផ្ដន្ទា​ទោស​កាល​ពី​​ល្ងាច​​ថ្ងៃ​​សៅរ៍ ដាក់​​ពន្ធនាគារក្នុង​ម្នាក់​ៗ ៦​ខែ ​ដោយ​ព្យួរ​ទោស ពិន័យ​​ជា​​ប្រាក់​ក្នុង​ម្នាក់ៗ ​មួយ​​លាន​រៀល និង​បណ្ដេញ​ចេញមិន​ឲ្យ​ចូល​ប្រទេស​កម្ពុជា សម្រាប់​រយៈ​ពេល​៤ឆ្នាំ។​ ការ​សម្រេច​​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​​ពី​​តុលាការ​​រក​​ឃើញ និង​ចោទ​ប្រកាន់​យុវជន​បារាំង​វ័យ​ជាង​២០​ឆ្នាំ​ទាំង​​បី​នាក់ ពី​បទ​ធ្វើ​សកម្ម​ភាព​​ថត​​អាក្រាត​កាយ ​នៅ​ប្រាសាទ​បន្ទាយ​ក្ដី​របស់​កម្ពុជា កាល​ពី​ថ្ងៃ​ទី​២៩ ​ខែ​មករា ឆ្នាំ​២០១៥​​នេះ ។​

ដំណឹងចុងក្រោយបានឲ្យដឹងថា យុវជនបារាំងទាំងបីនាក់ បានចាកចេញពីកម្ពុជា នៅម៉ោង០២យប់ ថ្ងៃទី៣១ ខែមករា ប៉ុន្មានម៉ោងបន្ទាប់ពីការសម្រេចក្ដី ដើម្បីធ្វើដំណើរទៅកាន់រាជធានីបាងកក ប្រទេសថៃ។

យុវជនជនជាតិ​បារាំង ដែលជាប់ចោទទាំងនេះ  មានលោក វ៉ាំងសង់ ហង់រី (Vincent Henri) អាយុ​២០​ឆ្នាំ រស់​នៅក្រុង ការីយ៉ែ សៀសែន - លោក រ៉ូដូហ្វ ហ្វ័ហ្សត (Rodolphe Fourgeot) អាយុ​២១​ឆ្នាំ រស់នៅក្រុង លីល៍ (Lille) និងលោក អាឡិចសងដ្រ៍ អង់ដ្រេ រ៉េម៉ុង (Alexandre André Raymond) អាយុ​២២​ឆ្នាំ រស់នៅក្រុង ហៀដឺស៊ីម (Hiedésheim)។ ពួកគេទាំងបីនាក់ សុទ្ធតែជាជនទេសចរណ៍ មកពីប្រទេសបារាំង ហើយ​បាន​ចូល​មកកំសាន្ដ នៅក្នុងតំបន់សៀមរាប-អង្គរ របស់ប្រទេសកម្ពុជា កាលពីប៉ុន្មានថ្ងៃមុន។

ក្នុងការសាកសួរពីមន្ត្រីសមត្ថកិច្ច និងតាមការបញ្ជាក់របស់ចៅក្រមសាកសួរ លោក កួយ សៅ បានឲ្យដឹងថា ជនបរទេសទាំងបីនាក់ បានសារភាពកំហុស និងធ្វើការសុំទោសចំពោះប្រជាជនកម្ពុជា ពីបញ្ហានេះ ព្រោះតែ​ពួក​គេមិនបានស្វែងយល់ពីប្រពៃណីខ្មែរ ហើយថាការថតរូបរបស់ពួកខ្លួន គឺដើម្បីតែការកំសាន្តតែប៉ុណ្ណោះ។ នៅ​ក្នុង​វីដេអូមួយ ផ្សាយដោយអាជ្ញាធរអប្សរា លោក រ៉ូដូហ្វ ហ្វ័ហ្សត យុវជនម្នាក់ក្នុងចំណោមយុវជនទាំងបី បាន​និយាយសុំទោសថា៖ «ខ្ញុំសូមអភ័យទោស យើងខ្ញុំមិនបានស្វែងយល់ឱ្យច្បាស់ មុននឹងយើងបានជួប​ប្រជា​ជន​កម្ពុជា និងមិត្តភ័ក្តជាច្រើន។ យើងខ្ញុំពិត​ជា​សុំទោស ចំពោះសកម្មភាពដែលបានកើតឡើងថ្ងៃនេះ»។

យ៉ាងណាក៏ដោយ អវត្តមាននូវភស្ដុតាងមួយចំនួន ដែលអាជ្ញាធរកម្ពុជាគួរតែបង្ហាញដល់​អ្នកសារព័ត៌មាន​នោះ ករណីនេះនៅមានការសង្ស័យនៅឡើយ។ ជារឿយៗ អាជ្ញាធរមានសមត្ថកិច្ចរបស់ប្រទេសមួយនេះ តែង​សំអាង​តែទៅលើពាក្យសារភាព ឬពាក្យសុំទោសរបស់ជនសង្ស័យ ដើម្បីធ្វើការវាយតម្លៃ និងដើម្បីកាត់​សេចក្ដី​តាម​ផ្លូវ​តុលាការ។ ជាពិសេស នេះជាសំនុំរឿងមួយ ដែលកើតឡើងភ្លាមៗ  បន្ទាប់ពីព្រឹត្តិការណ៍​រូប​នារី​អាក្រាត​កាយ នៅមុខប្រាសាទបូរាណខ្មែរ កាលពីពេលថ្មីៗនេះ បង្កឲ្យមានចរន្ដរិះគន់ទៅលើអាជ្ញាធរ​អប្សរា​យ៉ាងចាស់ដៃ។ ទស្សនាវដ្ដី មនោរម្យ.អាំងហ្វូ កំពុងព្យាយាមទាក់ទង ជនសង្ស័យលោក រ៉ូដូហ្វ ហ្វ័ហ្សត ដើម្បី​ធ្វើការ​បក​​ស្រាយ​​ពី​ករណីនេះ និងត្រឡប់មករាយការណ៍លំអិតវិញ នៅក្នុងអត្ថបទ​លើក​ក្រោយ​​របស់​ខ្លួន៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...