បើកម៉ូតូទៅយកប្រពន្ធដើម្បីដង្ហែបក្ស CPP ត្រូវរថយន្ដបុកស្លាប់
ហេតុការណ៍ដ៏រន្ធត់ បានកើតឡើង នៅព្រឹកព្រហាមថ្ងៃទី២៧ ខែកក្កដានេះ ខាងជើងផ្សារត្រី ចំងាយប្រហែល ១០០ម៉ែត្រ ត្រង់ចំនុចផ្លូវបំបែកជាបួន ស្ថិតក្នុងភូមិប៉ាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ បុរសអាយុ២០ឆ្នាំម្នាក់ ត្រូវបានរថយន្ដបុកស្លាប់ភ្លាមៗ នៅនឹងកន្លែង ខណៈខ្លួនកំពុងបើកម៉ូតូ ប្រភេទ ឌ្រីមសេ ១២៥ ទៅយកភរិយា ក្នុងបំណងទៅដង្ហែឃោសនាបោះឆ្នោត ឲ្យគណបក្សប្រជាជនកម្ពុជា ជាមួយគ្នា។
អាជ្ញាធរនគរបាល បានអះអាងថា រថយន្តបង្កពណ៌ស មានពាក់ស្លាកលេខ 1541 តែមិនស្គាល់ម៉ាកទេ។ រថយន្ដនេះ បានបើកក្នុងទិសដៅ ពីកើតទៅលិច មានល្បឿនយ៉ាងលឿន។ អាជ្ញាធរបន្តថា លុះដល់ផ្លូវបំបែកជាបួន អ្នកបើករថយន្ដ មិនបានបង្អង់ល្បឿនទេ ខណៈឯជនរងគ្រោះ បានបើកម៉ូតូរបស់ខ្លួន ពីជើងទៅត្បូង និងចូលមកដល់ផ្លូវបំបែកនេះ ក៏ស្រាប់តែ ត្រូវរថយខាងលើបុកមួយទំហឹង បណ្តាលឲ្យបុរសរូបនេះ រងរបួសធ្ងន់ធ្ងរ និងស្លាប់ភ្លាមៗតែម្ដង។