បើកម៉ូតូទៅយកប្រពន្ធដើម្បីដង្ហែបក្ស CPP ត្រូវរថយន្ដបុកស្លាប់
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី២៧ កក្កដា ២០១៨
- កែប្រែចុងក្រោយ: July 27, 2018
- ប្រធានបទ: គ្រោះចរាចរណ៍
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ហេតុការណ៍ដ៏រន្ធត់ បានកើតឡើង នៅព្រឹកព្រហាមថ្ងៃទី២៧ ខែកក្កដានេះ ខាងជើងផ្សារត្រី ចំងាយប្រហែល ១០០ម៉ែត្រ ត្រង់ចំនុចផ្លូវបំបែកជាបួន ស្ថិតក្នុងភូមិប៉ាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ បុរសអាយុ២០ឆ្នាំម្នាក់ ត្រូវបានរថយន្ដបុកស្លាប់ភ្លាមៗ នៅនឹងកន្លែង ខណៈខ្លួនកំពុងបើកម៉ូតូ ប្រភេទ ឌ្រីមសេ ១២៥ ទៅយកភរិយា ក្នុងបំណងទៅដង្ហែឃោសនាបោះឆ្នោត ឲ្យគណបក្សប្រជាជនកម្ពុជា ជាមួយគ្នា។
អាជ្ញាធរនគរបាល បានអះអាងថា រថយន្តបង្កពណ៌ស មានពាក់ស្លាកលេខ 1541 តែមិនស្គាល់ម៉ាកទេ។ រថយន្ដនេះ បានបើកក្នុងទិសដៅ ពីកើតទៅលិច មានល្បឿនយ៉ាងលឿន។ អាជ្ញាធរបន្តថា លុះដល់ផ្លូវបំបែកជាបួន អ្នកបើករថយន្ដ មិនបានបង្អង់ល្បឿនទេ ខណៈឯជនរងគ្រោះ បានបើកម៉ូតូរបស់ខ្លួន ពីជើងទៅត្បូង និងចូលមកដល់ផ្លូវបំបែកនេះ ក៏ស្រាប់តែ ត្រូវរថយខាងលើបុកមួយទំហឹង បណ្តាលឲ្យបុរសរូបនេះ រងរបួសធ្ងន់ធ្ងរ និងស្លាប់ភ្លាមៗតែម្ដង។
រីឯស្ត្រីជាភរិយា ដែលមានពាក់ឯកសណ្ឋាន របស់គណបក្សប្រជាជនកម្ពុជា បានមកដល់កន្លែងកើតហេតុ នៅពេលក្រោយមក និងបានអះអាង ប្រាប់អាជ្ញាធរថា ស្វាមីខ្លួន មានឈ្មោះ ហេង អាយុ ២០ឆ្នាំ ហើយស្នាក់នៅក្បែរនោះដែរ។ ស្ត្រីរូបនេះ បានបន្ថែមថា នៅមុនហេតុការណ៍កើតឡើង ជនរងគ្រោះបានបើកម៉ូតូ ទៅយកខ្លួន (ប្រពន្ធ) ដើម្បីទៅចូលរួមដង្ហែបក្ស នៅព្រឹកថ្ងៃទី២៧ ខែកក្កដានេះទាំងអស់គ្នា តែបែរជាជួបរឿងអកុសលដូច្នេះ។
លោកអនុសេនីយ៍ឯក សុិន ដូនី នគរបាលចរាចរណ៍ នៃអធិការដ្ឋានក្រុង ប៉ោយប៉ែត បានអោយដឹងថា រថយន្តបង្កបានបើកគេចខ្លួនបាត់ស្រមោល នៅបន្ទាប់ពីពេលកើតហេតុ តែកំពុងស្ថិតក្រោមការប្រមាញ់ ពីសំណាក់អាជ្ញាធរ ដើម្បីឈានទៅដល់ ការឃាត់ខ្លួនម្ចាស់រថយន្ត។ រីឯម៉ូតូជនរងគ្រោះ ត្រូវបានយកទៅរក្សាទុក នៅអធិដ្ឋានក្រុង ប៉ោយប៉ែត ដើម្បីរងចាំការដោះស្រាយ តាមនីតិវិធី ខណៈសាកសពបុរស ត្រូវបានប្រគល់ឲ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យ ឧទ្ទិសកុសលជូន៕