គ.ជ.ប ស្នើរដ្ឋាភិបាលនិងគណៈមេធាវី ឲ្យចាត់ការ ជូង ជូងី
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី២៧ កក្កដា ២០១៨
- កែប្រែចុងក្រោយ: July 27, 2018
- ប្រធានបទ: បោះឆ្នោតជាតិ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ពេលនេះ បាល់ស្ថិតនៅក្នុងជើងរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ក្នុងការទាត់សំដៅលោកមេធាវី ជូង ជូងី។ សេចក្ដីប្រកាសព័ត៌មាន របស់ គ.ជ.ប (គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត) ចុះថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨ ដែលទើបត្រូវបានផ្សព្វផ្សាយ នៅព្រឹកថ្ងៃទី២៧ ខែកក្កដានេះ បានភ្ជាប់ការបកស្រាយ ពីចំណេះដឹងផ្នែកច្បាប់ ធ្វើឡើងដោយលោកមេធាវី ជូង ជូងី កាលពីប៉ុន្មានថ្ងៃមុន ទៅនឹងសកម្មភាពអំពាវនាវ របស់លោក សម រង្ស៊ី ប្រធានចលនាសង្គ្រោះជាតិ មុននឹង គ.ជ.ឞ បានសម្រេចស្នើត្រឡប់ ទៅរដ្ឋាភិបាលលោក ហ៊ុន សែន វិញ ឲ្យចាត់វិធានការ លើលោកមេធាវី។
ការសម្រេចរបស់ គ.ជ.ប ធ្វើឡើងបន្ទាប់ពីស្ថាប័ននេះ បានទទួលពាក្យបណ្ដឹងមួយ របស់គណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី២០ ខែកក្កដា ស្នើសុំ គ.ជ.ប ឲ្យចាត់វិធានការលើលោក ជូង ជូងី ដែលបានបកស្រាយ នៅលើបណ្ដាញសង្គម នូវការយល់ដឹងផ្នែកច្បាប់ ទាក់ទងនឹងការអំពាវនាវ ឲ្យធ្វើពហិកា មិនចូលរួមក្នុងការបោះឆ្នោត។ ការអំពាវនាវកន្លងមក ពីសំណាក់សកម្មជនប្រឆាំងជាច្រើន បានរងនូវការព្រមាន និងចំណាត់ការ ពីសំណាក់រដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា (ដែលកាន់អំណាច) ក្រោមបទ «រារាំងការបោះឆ្នោត» ដែលមានចែងក្នុងមាត្រា ១៤២ នៃច្បាប់បោះឆ្នោត។
គ.ជ.ប បានសរសេរ នៅក្នុងសេចក្ដីប្រកាសព័ត៌មាន របស់ខ្លួនថា៖ «បន្ចាប់ពីបានពិនិត្យ ពិចារណាលើសំណើ [របស់គណបក្សប្រជាជនកម្ពុជា] នេះរួចមក គ.ជ.ប យល់ឃើញថា សកម្មភាពរបស់លោក ជួង ជុងី ជាសកម្មភាពគាំទ្រលោក សម រង្ស៊ី ដែលបានអំពាវនាវ ដល់ប្រជាពលរដ្ឋ ឲ្យធ្វើពហិកា មិនទៅបោះឆ្នោត ដោយចោទប្រកាន់ថា ជាការបោះឆ្នោតក្លែងក្លាយ និងជាឆាកល្ខោន ដែលសកម្មភាពនេះ ធ្វើឲ្យមានការយល់ច្រឡំ និងនាំឲ្យបាត់ទំនុកចិត្ត លើការបោះឆ្នោត»។
បន្ទាប់មក គ.ជ.ប បានប្រើមាត្រា ៤២ នៃច្បាប់ស្តីពីការរៀបចំ និងការប្រព្រឺត្តទៅ នៃ គ.ជ.ប ដើម្បីស្នើទៅក្រសួងមហាផ្ទៃ ក្រសួងព័ត៌មាន និងក្រសួងប្រៃសណី ទូរគមនាគមន៍ ឲ្យ«បិទ»ទំព័រហ្វេសប៊ុក របស់លោក ជួង ជូងី និងស្នើទៅ ក្រសួងយុត្តិធម៌ ឲ្យ«ពិនិត្យ និងចាត់វិធានការ» ចំពោះលោកមេធាវី ដែលត្រូវបានតុលាការកំពូល ហាមឃាត់លោក តាមរយៈសាលក្រមខែវិច្ឆិកា ឆ្នាំ២០១៧ មិននឲ្យធ្វើសកម្មភាពនយោបាយ ជាមួយនឹងមន្ត្រី១១៧ផ្សេងទៀត របស់គណបក្សសង្គ្រោះជាតិ។
ចំណាត់ការទី៣ គឺ គ.ជ.ប បានស្នើទៅគណៈមេធាវី ឲ្យ «ពិនិត្យនិងចាត់វិធានការ» លើលោក ជូង ជូងី ដែល គ.ជ.ប អះអាងថា បានប្រើប្រាស់បណ្ដាញសង្គម បកស្រាយរដ្ឋធម្មនុញ្ញ និងច្បាប់បោះឆ្នោត ពាក់ព័ន្ធនឹងសិទ្ធិបោះឆ្នោត។
លោក ព្រហ្ម គិត អតីតមន្ត្រីច្បាប់មួយរូប មកពីប្រទេសកម្ពុជា បានថ្លែងប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ នៅមុននេះថា សេចក្ដីសម្រេចរបស់ គ.ជ.ប កាន់តែបង្ហាញថា ស្ថាប័នជាតិរៀបចំការបោះឆ្នោតមួយនេះ លំអៀងទៅរកគណបក្សប្រជាជនកម្ពុជា សឹង១០០%។ ភាពលំអៀងនោះ ត្រូវបានឆ្លុះបញ្ចាំង តាមរយៈទិដ្ឋភាពច្រើនយ៉ាង ដូចជា៖
១) ការពន្យល់ ពីចំណេះដឹងផ្នែកច្បាប់ ទៅកាន់ពលរដ្ឋ ជារឿងធម្មតាមួយ ដូចគ្រូបង្រៀនអក្សរ ទៅឲ្យកូនសិស្ស។ បើគ្រូនេះ បង្រៀនអក្សរមិនត្រូវទេ នៅមានក្រុមអធិការកិច្ចគ្រូបង្រៀន ដែលត្រួតពិនិត្យលើគ្រូបង្រៀន ក្នុងការកែតម្រូវ។ ក្នុងករណីលោក ជូង ជូងី ក៏ដូចគ្នា បើលោកមេធាវី ពន្យល់ពីច្បាប់ មិនត្រឹមត្រូវទេ កម្ពុជានៅមានស្ថាប័នគណៈមេធាវី និងក្រុមប្រឹក្សាធម្មនុញ្ញ ដែលអាចវិន្និច្ឆ័យសម្រេច និងបិតផ្លូវតវ៉ា។ តែនេះ គ.ជ.ប បែជាយក ការចែករំលែកចំណេះដឹង របស់លោកមេធាវី ទៅភ្ជាប់នឹងសកម្មភាព របស់គណបក្សប្រឆាំង។ លោក ព្រហ្ម គិត ថា៖ «ខ្ញុំមើលទៅ ជាវិធីសាស្ត្រមួយ ដើម្បីអាចចោទប្រកាន់លោក ជូងី ឲ្យបានធ្ងន់ធ្ងរ នឹងអាល គ.ជ.ប យកមាត្រា ៤២ មកប្រើ»។
២) ការសម្រេចរបស់ គ.ជ.ប មានលក្ខណៈរហ័ស ដើម្បីឲ្យបានមុនថ្ងៃបោះឆ្នោត ទី២៩ ខែកក្កដា ខាងមុខ។ អតីតមន្ត្រីច្បាប់ខ្មែរ បានពន្យល់ថា៖ «ការចេញសេចក្ដីប្រកាសព័ត៌មាននេះ អាចជាទំងន់ ដើម្បីគម្រាមក្រុមប្រឆាំង កុំឲ្យបញ្ចេញសកម្មភាព នៅថ្ងៃចុងបញ្ចប់ នៅថ្ងៃនេះ ថ្ងៃស្អែក ឬក៏ថ្ងៃបោះឆ្នោត»។
៣) ការត្រឡប់បាល់ ទៅឲ្យរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា ថាត្រូវសម្រេចទាត់ ប្រឆាំងលោក ជូង ជូងី យ៉ាងដូចម្ដេចនោះ ជាទង្វើដែលគ្មានការទទួលខុសត្រូវ។ លោក ព្រហ្ម គិត ពន្យល់ថា៖ «គ.ជ.ប ដែលល្អ គប្បីចេញសេចក្ដីព្រមានលោក ជូងី ជាលើកដំបូងសិន មុននឹងចាត់វិធានការផ្សេងទៀត ដោយការផាកពិន័យ ឬដោយប្ដឹងបន្ត ទៅស្ថាប័នតុលាការ។ ផ្ទុយទៅវិញ ការហុចកាំបិត ដែលជាសមត្ថកិច្ចរបស់ខ្លួន ទៅឲ្យរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលកំពុងចូលរួមការបោះឆ្នោត ហើយជាម្ចាស់បណ្ដឹង ទៅទៀតនោះ ជាទង្វើគ្មានការទទួលខុសត្រូវ និងកាន់តែបង្ហាញថា គ.ជ.ប គ្រាន់តែជាម៉ាស៊ីនមួយ ដែលស្ដាប់តាមតែបញ្ជា របស់គណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះ»៕