អាដហុក ប្តឹង សុក កែវបណ្ឌិត និង គី ឫទ្ធី ទៅ​ស្ថាប័ន​កំពូល​ចំនួន​បួន

ចៅក្រមមួយរូប និងព្រះរាជអាជ្ញារងមួយរូប រងពាក្យបណ្តឹង របស់សមាគមអាដហុក ទៅកាន់ស្ថាប័នធំៗចំនួនបួន ពាក់ព័ន្ធ នឹងការអនុវត្ត ខុសពីវិជ្ជាជីវៈចៅក្រម និងព្រះរាជអាជ្ញា។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី២៣ ឧសភា ២០១៥
  • កែប្រែចុងក្រោយ: May 27, 2015
  • ប្រធានបទ: យុត្តិធម៌
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុមប្រឹក្សាវិន័យ នៃឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម អគ្គព្រះរាជអាជ្ញា នៃមហាអយ្យការ អមតុលាការឧទ្ធណ៍ ប្រធាន​តុលាការ​តុលាការកំពូល និងរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ សុទ្ធតែបានទទួលបណ្តឹង របស់សមាគមអាដហុក តំណាងផ្តឹត​មេដៃ​ដោយលោក នី ចរិយា ប្រធានផ្នែកស៊ើបអង្កេត នៃសមាគមការពារសិទ្ធិមនុស្ស អាដហុក កាលពីថ្ងៃទី២០ ខែឧសភានេះ។ មកទល់ពេលនេះ ស្ថាប័នធំៗចំនួនបួន ដែលបានទទួលពាក្យបណ្តឹង របស់សមាគមអាហុក នៅមិនទាន់មានប្រតិកម្មអ្វី ឆ្លើយ​តបនៅឡើយទេ ពាក់ព័ន្ធនឹងបណ្តឹង ពីបុគ្គលពីររូប នៃស្ថាប័នយុត្តិធម៌ របស់ខេត្តសៀមរាប។

ប្រធានផ្នែកស៊ើបអង្កេត នៃសមាគមការពារសិទ្ធិមនុស្ស អាដហុក លោក នី ចរិយា បានថ្លែងឡើង ប្រាប់ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ​ថា បុគ្គលពីរនាក់ ដែល​សមាគមលោក​បានធ្វើការចោទប្រកាន់នោះ រួមមានលោក សុក កែវបណ្ឌិត ជា​ព្រះ​រាជ​អាជ្ញា​រង និង​លោក គី ឫទ្ធី ជា​ចៅក្រម​ស៊ើបសួរ នៃសាលាដំបូងខេត្តសៀមរាប។

លោក នី ចរិយា បានអះអាង សិទ្ធិក្នុងការដាក់ពិន័យយ៉ាងណា លើបុគ្គលចៅក្រម និងព្រះរាជអាជ្ញារងនោះ វាអាស្រ័យ​លើក្រសួងយុត្តិធម៌ និងប្រធានក្រុមប្រឹក្សាវិន័យ នៃឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម ដោយឈរលើមូលដ្ឋានច្បាប់។ លោក​បានបន្តថា សមាគមអាថហុក មិនមែនជាដើមបណ្តឹងរដ្ឋប្បវេណីទេ តែយើងស្នើបណ្តឹងនេះឡើង ព្រោះទាក់ទងនឹង «វិជ្ជា​ជីវៈ​ចៅក្រម ព្រះរាជអាជ្ញា»។

ដោយឡែក អ្នកស្រី ពូក យ៉ារ៉ាន់ មេធាវីការពារពលរដ្ឋបីនាក់ ដែលអះអាងថា ជាជនរងគ្រោះ ក្នុងសំនុំរៀងដីធ្លីដ៏ស្មុគ្រ​ស្មាញ មិនបានបញ្ជាក់អ្វីវែងឆ្ងាយឡើយ ដោយអ្នកស្រី គ្រាន់តែលើកឡើងថា កូនក្តីរបស់អ្នកស្រី មិនបានប្រព្រឹត្តិអ្វី​ដូច​ការចោទប្រកាន់នោះឡើយ។ អ្នកស្រីបានថ្លែងឡើងថា៖ «គ្មានសភស្តុតាងណាមួយ​ដែលបញ្ជាក់ថា កូនក្តីខ្ញុំបានប្រព្រឹត្តិ ដូចការចោទប្រកាន់នោះទេ។ »

មន្ត្រីជំនាញខាងសិទ្ធិមនុស្ស ដដែលខាងលើ បានពន្យល់ថា ការដាក់ពាក្យបណ្តឹង របស់សមាគមន៍នាពេលនេះ មិនមែន​ប្រើប្រាស់ នូវប្រព័ន្ធធ្វើបដិវត្តទេ។ លោក ចរិយា បានអះអាងថា៖ «កុំឲ្យយើងច្រឡំថា បើស្ថាប័ននោះមានភាពលំអៀង យើង​ដឹងថាលំអៀង ឬមិនឯករាជ្យ នៅតែប្តឹងដោយសារអ្វី ដោយសារច្បាប់តម្រូវឲ្យប្តឹង។ ប៉ុន្តែលោកលំអៀង លោក​មិន​គោរពតាមវិជ្ជាជីវៈ យើងនឹងបង្ហាញ ជូនសាធារណៈជនទៀតថា ស្ថាប័នទាំងអស់នេះ មិនឯករាជ្យទេ។»

មកទល់ពេលនេះ ​លោកនៅមិនទាន់ ធ្វើការចោទប្រកាន់ស្ថាប័នទាំងនោះ ថាយ៉ាងណានោះទេ ព្រោះពួកគេមិនទាន់បង្ហាញ នូវការបដិសេធណាមួយថា«មិនធ្វើចំណាត់ការ» នោះឡើយ។ លោក បានថ្លែងទៀតថា៖ «ដាក់ជូនកិច្ចការឲ្យគាត់សិន បើ​គាត់​មិនធ្វើ ឬគាត់ចាត់ចែងទៅ ខុសនីតិវិធី រំលោភនិតិវិធី ឬរំលោភច្បាប់នោះ ចាំយើងនិយាយទៀត។ (...) ស្នើមិន​ឲ្យមាន​ការំលោភសិទ្ធិមនុស្ស បើនៅតេរំលោភសិទ្ធិមនុស្ស យើងនឹងស្នើបន្ត ទៅស្ថាប័នពាក់ព័ន្ធ។»

សូមបញ្ជាក់ថា កាលពីថ្ងៃទី៤ ខែមករា កន្លងមក លោកចៅក្រមស៊ើបសួរ គី ឬទ្ធី បានសម្រេចឃុំខ្លួន អ្នកភូមិពីរនាក់ ដែល​មានឈ្មោះ បឿន សុខ និង ឈ្មោះ វ៉ែន ឡន។ ការសម្រេចឃុំខ្លួននេះ ដោយលោកចៅក្រម និងព្រះរាជអាជ្ញាខាងលើ សំអាង​ថា ពលរដ្ឋទាំងនោះ បានទៅកាប់បំផ្លាញដំឡូងមី និងចូលទៅសង់ខ្ទមលើដី របស់សមាគមន៍តាខ្មៅ អភិវឌ្ឍន៍​កសិកម្ម និងឧស្សាហកម្ម របស់វៀតណាម។

ទស្សនាវដ្តីមនោរម្យ.អាំងហ្វូមិនអាច សុំការបញ្ជាក់បន្ថែម ពីចៅក្រម និងព្រះរាជអាជ្ញារង នៃសាលាដំបូងខេត្ត​សៀមរាប​បានទេ។ ឯស្ថាប័នរដ្ឋចំនួនបួន ដែលសមាគមអាដហុក បានដាក់ពាក្យបណ្តឹងនោះ ក៏មិនអាចសុំការបកស្រាយបាន នៅ​ឡើយ​ដែរ។ បើយោងតាមសេចក្តីថ្លែងការណ៍ ជាសាធារណៈ​របស់អយ្យការអមសាលាដំបូង ខេត្តសៀមរាប កាលពីថ្ងៃ​ទី​១៥ ឧសភាឆ្នាំ២០១៥ បានបដិសេធការចោទប្រកាន់ របស់លោក នី ចរិយា និងអ្នកស្រី ពូក យ៉ារ៉ាន់ ជាមេធាវីនៃសមាគម​អាដហុក ដោយចាត់ទុកដា បណ្តឹងនោះជា ការបំផ្លើសការពិត និងញុះញង់៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...