ប៉ោយប៉ែត៖ ចាប់​ចង​វាយ​ខ្នោះ​កម្មករ​អូស​រទេះ ព្រោះ​តវ៉ា​បិទ​ផ្លូវ

បើរំលឹកឡើងវិញបន្តិច ការប៉ះទង្គិចរវាងសមត្ថកិច្ច កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ជាមួយក្រុមកម្មករអូសរទេះ តាម​ច្រក​ទ្វារ​ព្រំដែន មិនមែនជាលើកទីមួយនោះទេ។ តែបញ្ហាលើកមុនៗ មិនដែលមានការផ្ទុះអាវុធ រហូតបង្ករឲ្យកម្មករ​អូសរទេះ​ម្នាក់ របួស​ធ្ងន់ ដូច​លើក​នេះ​ឡើយ ។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី២៦ ឧសភា ២០១៥
  • កែប្រែចុងក្រោយ: May 27, 2015
  • ប្រធានបទ: ជាយដៃន
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការប៉ះទង្គិចគ្នា បានចាប់ផ្តើម ពីម៉ោងប្រមាណ ជា៨ព្រឹក ថ្ងៃទី២៥ ខែឧសភា នៅខាងមុខការិយាល័យ រដ្ឋាករគយ ច្រក​ទ្វា​ព្រំដែន ប៉ោយប៉ែត នៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ការតវ៉ា ដែលឈានដល់មានការផ្ទុះអាវុធនេះ បានអូស​បន្លាយពេល រហូតដល់ម៉ោង ប្រមាណជា១២ថ្ងៃត្រង់ ធ្វើឲ្យមានការខូចខាតរបស់របរ នៅក្នុងការិយាល័យ រដ្ឋាករគយ​មួយ​ចំនួន ក្នុងឡានចំនួន៣គ្រឿង និងមានកម្មករអូសរទេះ ៥នាក់ បានរងរបួស ក្នុងនោះម្នាក់របួសធ្ងន់ ត្រូវបញ្ជូនទៅមន្ទីរពេទ្យ​សង្គ្រោះ។

កម្មករអួសរទេះ បានរៀបរាប់ថា អ្នកទាំង៥នាក់ ដែលត្រូវរងរបួសធ្ងន់ ស្រាលនោះ ជាស្នាដៃរបស់សមត្ថកិច្ច កងរាជអាវុធ​ហត្ថ​ខេត្ត ដែលបញ្ជាផ្ទាល់ ដោយលោក ប៊ន ប៊ឹន មេបញ្ជាការរង កងរាជអវុធហត្ថខេត្តបន្ទាយមានជ័យ។ អ្នកទាំងនោះ​បាន​បន្តថា ពួកគាត់រតវ៉ា សុំឲ្យមន្ត្រីគយកុំយកប្រាក់ថ្លៃ នៅពេលកម្មករអូសរទេះ ដឹកទំនិញតិចតូច ដើម្បីចឹញ្ចិមជីវិត។ តែមន្ត្រី​គយ នៅតែតម្រូវឲ្យបង់ប្រាក់ លើការដឹកទំនិញ ពីថៃមកកម្ពុជា ដែលមានចំណុះ ចាប់ពី ៣០កេះឡើងទៅ ប្រមាណ ១លាន​រៀលក្នុងមួយជើង។ អ្នកអូសរទេះបញ្ជាក់ថា តម្លៃបង់ពន្ធ ១លានរៀលនេះ ធ្វើឲ្យពួកគេដែលដឹកទំនិញ ពុំទទួលបានប្រាក់​ចំណេញ យកទៅដោះស្រាយជីវភាពនោះទេ។

តាមសេចក្តីរាយករណ៍ ពីលោក អ៊ុង ថាប់រ៉ាំង ចាងហ្វាងកាសែតខ្មែរ ជាយដែន បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ​ឲ្យ​ដឹង​ថា លោកក៏មានវត្តមាន នៅក្នុងព្រឹត្តិការណ៍នោះដែរ តាំងពីដើមរហូតដល់ចប់។ លោកបានបញ្ជាក់ឲ្យដឹងថា តាំងពី​ដំបូង ហូតឈានដល់ការផ្ទុះអាវុធនេះ បង្ករពីក្រុមសមត្ថកិច្ចមួយក្រុម មានគ្នាប្រមាណ៣០នាក់ បានឡោមរុះរើរទេះ របស់​ក្រុម​កម្មករ ដែលយកមកបិទ ផ្លូវជាតិលេខប្រាំ ដើម្បីធ្វើការតវ៉ា។ បន្ទាប់ពីការដកហូតរទេះទាំងនេះ ពួកកម្មករបាននាំគ្នា គប់​របស់នៅក្នុងដៃ ទៅកាន់ទីស្នាក់ការគយ បណ្តាលឲ្យក្រុមកងរាជអវុធហត្ថ ដែលប្រដាប់ដោយកាំភ្លើង វែង ខ្លី គ្រប់ដៃ​ទាំង​នោះ បាញ់ឡើតលើ ដើម្បីគម្រាមកម្មករ ឲ្យបញ្ឈប់សកម្មភាព។

លោកថា នៅពេលនោះ ក្រុមកម្មករគ្មានអ្វីនៅក្នុងដៃទេ ដែលជាឱកាស ដល់អ្នកចង់បង្ក្រាប។ លោកបញ្ជាក់ថា លោកបាន​ឃើញ ក្រុមមន្ត្រីកងរាជអាវុធហត្ថ បានវាយទៅលើបុរសម្នាក់ ដែលជាអ្នកអូសរទេះ ឈ្មោះ ម៉ៅ សុន អាយុ ៣៣ឆ្នាំ រហូត​មាន​របួសធ្ងន់។ លោកបានថ្លែង ទាំងហួសចិត្តថា មិនមែនជារឿងតូចតាចនោះទេ ដែលមន្រ្តីហ៊ានបង្ក្រាប ប្រជាពលរដ្ឋ​ខ្លួន​ឯង ដោយប្រើកាំភ្លើង ឬចាប់ចងវ៉ាយខ្នោះដូច្នេះ ដោយអ្នកទាំងនោះគ្រាន់តែទាមទារ នូវអ្វីដែលជាដំណោះស្រាយ សម្រាប់​ជីវភាពប្រចាំថ្ងៃ របស់ពួកគេនោះ។

ទាក់ទងជាមួយបញ្ហា ដែលឈានដល់ការបង្ក្រាប អ្នកតវ៉ាទាំងនេះ មន្ត្រីសម្របសម្រួល សមាគមការពារសិទ្ធិមនុស្ស អាដហុក ប្រចាំខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា បានលើកឡើងថា ច្បាប់គូរតែពិចារណារ រកហេតុផល​ឲ្យបានច្បាស់​លាស់ អំពីការកើតឡើង នៃបញ្ហាបង្ករហិង្សាដាក់គ្នា រវាងមន្ត្រី និងប្រជាពលរដ្ឋ ដែលឈានដល់ផ្ទុះអាវុធនេះ។

ទស្សនាវដ្តីមិនអាចទាក់ទង សុំការបំភ្លឺពីលោក ឈួន ហៃ ប្រធានគយប្រចាំច្រកទ្វារអន្តរជាតិ ប៉ោយប៉ែតបានទេ នៅ​ពេល​នេះ ដោយទូរស័ព្ទរបស់លោក មិនអាចទាក់ទងបាន៕

» វីដេអូស្ដីពីព្រឹត្តិការណ៍នេះ ដែលត្រូវបានបង្ហោះ នៅលើបណ្ដាញសង្គម៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...