ស៊ូប៊ែឌី៖ ៧ចំណុចដែលកម្ពុជាអាចទម្លាយភាពជាប់គាំងផ្នែកនយោបាយ
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: January 18, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
«កម្ពុជាឈរលើផ្លូវបំបែកមួយដ៏សំខាន់។ ខ្ញុំមានសិទិដ្ឋិនិយម និងមានបំណងចង់ឃើញការផ្លាស់ប្តូរមួយ នៅក្នុងប្រទេសនេះ ដែលគេអាចធ្វើបាន ប្រសិនជាមានការកំណត់យកការធ្វើកំណែទម្រង់ទូលំទូលាយ និងយ៉ាងម៉ឺងម៉ាត់នៅស្ថាប័នរដ្ឋ។» នេះជាការលើកឡើង លោក សុរិយា ប្រាសាទ ស៊ូប៊ែឌី អ្នករាយការណ៍ពិសេសខាងសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ មុនបញ្ចប់ដំណើរទស្សនកិច្ចរបស់លោកនៅកម្ពុជា។
លោក ស៊ូរយ៉ា ភ. ស៊ូប៊ើឌី អ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ ស្ដីពីសិទ្ធិមនុស្សនៅកម្ពុជា។
នយោបាយកម្ពុជា - ការបញ្ចប់បេសកកម្ម ជាមួយនឹងរបាយការណ៍ប្រាំពីចំណុច អ្នករាយការណ៍ពិសេសរូបនេះ បានធ្វើការផ្តោតសំខាន់ ទៅលើបញ្ហាប្រឈមផ្នែកនយោបាយរវាងគណបក្សធំៗពីរនៅកម្ពុជា ដោយប្រកាន់យកនូវគោលការណ៍ផ្សេងគ្នានៅឡើយ។ លោកចង់ឲ្យបក្សទាំងពីរប្រកាន់យកនូវការផ្លាស់ប្តូរ និងរិះរកមធ្យាបាយមួយដើម្បីគ្រប់គ្រងការផ្លាស់ប្តូរនោះ ក្នុងឧត្តមប្រយោជន៍របស់ជាតិ។
ចំពោះការយល់ឃើញរបស់លោក សុរិយា ប្រាសាទ ស៊ូប៊ែឌី ក្រោយពីបញ្ចប់ការពិនិត្យមើលស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា លោកបានធ្វើការសន្និដ្ឋានសម្រាប់នយោបាយនៅកម្ពុជាថា «ការផ្លាស់ប្តូរគឺពិតជាមិនអាចជៀសផុតនោះទេ ដើម្បីបំពេញតាមបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ នៅក្នុងពិភពលោកមួយ ដែលមានសក្កានុពល។ (…) ខ្ញុំបានទទួលការធានាដ៏វិជ្ជមាន នៃកំណែទម្រង់ដូចនេះ នៅក្នុងដំណើរបេសកកម្មរបស់ខ្ញុំលោកនេះ ហើយខ្ញុំនឹងរង់ចាំដោយក្តីអន្ទះសារចង់ឃើញការថានាទាំងនេះ ត្រូវបានប្រែក្លាយទៅជាសកម្មភាពអនុវត្តជាក់ស្តែង។»
របាយការណ៍របស់លោក ដែលក្នុងនោះមានអនុសាសន៍ចុងក្រោយចំនួនប្រាំពីរចំណុចនោះ គ្រោងនឹងត្រូវដាក់បង្ហាញទៅក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ ក្នុងខែកញ្ញា ឆ្នាំ២០១៤ ខាងមុខនេះ។
ចំណុចទីមួយ - ការបង្ក្រាបដោយប្រើកម្លាំងប្រដាប់អាវុធហួសប្រមាណ នាពេលកន្លងមក ទៅលើក្រុមជនស៊ីវិល ដែលធ្វើបាតុកម្មដោយអហិង្សា។ «បាតុកម្ម ឬការតវ៉ាណាមួយដែលនឹងកើតឡើងនាពេលអនាគត រដ្ឋាភិបាលត្រូវប្រយ័ត្នប្រយែងពីកាតព្វកិច្ចរបស់ខ្លួន ក្នុងការអានាការប្រ់ប្រាស់កម្លាំង ដែលឆ្លើយតបទៅនឹងភាពចាំបាច់ ភាពស្របច្បាប់ ភាពសមាមាត្រ។»
ចំណុចទីពីរ - បម្រាមមិនឲ្យធ្វើបាតុកម្មជាបណ្តោះអាសន្ននេះ រដ្ឋាភិបាល ត្រូវតែបញ្ជាក់ឲ្យបានច្បាស់ពីមូលហេតុ ភស្តុតាង និងមូលដ្ឋានច្បាប់។ បើមិនដូចនេះទេ«បម្រាម»មិនឲ្យធ្វើបាតុកម្មនេះត្រូវតែ«ដក»ចេញវិញ។ «មាត្រា៤ នៃកតិការសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ។ (…) អាចធ្វើឡើងតែក្នុង កម្រិតតឹងរឹងមួយ ដែលតម្រូវដោយស្ថានភាពចាំបាច់ ក្នុងភាពអាសន្នជាសាធារណៈប៉ុណ្ណោះ ដែលគម្រាមកំហែងដល់អាយុជីវិតជាតិ។ (…) ត្រូវបានប្រកាសជាផ្លូវការ។»
ចំណុចទីបី - យន្តការសមរម្យសម្រាប់ការកំណត់ប្រាក់ឈ្នួលអប្បបរមា រដ្ឋាភិបាលត្រូវតែជួប ចរចាជាមួយកម្មករ និងនិយោជក ក្រោមការស្វែងរកជំនួយអន្តរជាតិក្នុងការកំណត់នូវប្រាក់ឈ្នួលអប្បរមាឲ្យបានសមស្រប។ រាល់សិទ្ធិរបស់កម្មករត្រូវបានបើកទូលាយ។ «រដ្ឋាភិបាលកម្ពុជាត្រូវតែធានាថា ប្រាក់ឈ្នួលអប្បរមាថ្នាក់ជាតិ ត្រូវបានកំណត់ក្នុងកម្រិតមួយគ្រប់គ្រាន់ ដើម្បីឲ្យកម្មករ និងគ្រួសាររបស់គេរស់នៅដោយសមរម្យ ហើយផលចុងក្រោយនោះប្រាក់ឈ្នួលអប្បរមាថ្នាក់ជាតិ ត្រូវបានពិនិត្យឡើងវិញតាមកាលកំណត់។»
ចំណុចទីបួន - កំណែទម្រង់ប្រព័ន្ធតុកាលារ ការបោះឆ្នោត និងរដ្ឋសភា។ កំណែទាំងបីប្រព័ន្ធខាងលើនេះ ត្រូវតែមានការយល់ស្របដោយគណបក្សនយោបាយទាំងពីរ ដែលនឹងត្រូវធ្វើឡើងជាសាធារណៈ និងក្នុងពេលឆាប់ៗខាងមុខ ។ ពិសេសលើការ«កំណែទម្រង់សភាឲ្យបានឆាប់ គឺមានលក្ខណៈសំខាន់ជាសារវ័ន ដើម្បីឲ្យគណបក្សប្រឆាំងអាចដើរតួនាទី ប្រកបដោយអត្ថន័យជាគណបក្សប្រឆាំងក្នុងរដ្ឋសភា។»
ចំណុចទីប្រាំ - សិទ្ធិដីធ្លី ត្រូវតែដោះស្រាយឲ្យបានឆាប់ជាមួយនឹងតម្លាភាព គណនេយ្យភាព និងអវត្តមាននៃយន្តការដោះស្រាយជម្លោះប្រកបដោយប្រសិទ្ធភាពដែលពាក់ព័ន្ធនឹងសិទ្ធិដីធ្លីនៅកម្ពុជា។ «ទំនាស់ដីធ្លីរ៉ាំរ៉ៃ គួតែត្រូវបានដោះស្រាយឲ្យបានឆាប់។ សម្បទានដីថ្មី គួរតែត្រូវបាន ផ្តល់នៅពេលដែលសិទ្ធិពលរដ្ឋភាំងអស់ ដែលរងផលប៉ះពាល់ ត្រូវបានដោះស្រាយចប់សព្វគ្រប់ហើយតែប៉ុណ្ណោះ។»
ចំណុចទីប្រាំមួយ - ឯករាជ្យភាពនៃស្ថាប័នសិទ្ធិមនុស្សនៅកម្ពុជា នឹងត្រូវបានធានា បើរដ្ឋាភិបាលធ្វើតាមការប្តេជ្ញាចិត្តរបស់ខ្លួននាពេលកន្លងទៅ។ «(វា)នឹងជួយបន្ថែមតំលៃ ទៅលើហេដ្ឋារចនាសម្ព័ន្ធសិទ្ធិមនុស្ស ដែលមានស្រាប់ក្នុងពេលបច្ចុប្បន្ននេះ ប្រសិនជាឯករាជ្យភាពរបស់វាត្រូវបានធានា ដោយអនុឡោមទាំងស្រុងតាមគោលការទីក្រុងប៉ារីស។»
ចំណុចទីប្រាំពីរ - ស្ថានភាពនយោបាយនៅកម្ពុជា ដែលបានបង្កឲ្យមានផលប៉ះពាល់នៃភាពទ័លច្រក ដែលជាក្តីកង្វល់ដ៏ធំដែលត្រូវតែស្វែងរកនូវបញ្ហា ដើម្បីធ្វើការដោះស្រាយ។ «ការចាំបាច់សម្រាប់មេដឹកនាំទាំងអស់ ក្នុងការជំនះភាពមិនទុកចិត្តគ្នា ហើយគួវិលត្រឡប់វិញជាបន្ទាន់ទៅកាន់តុរចចារ ដោយមិនមានការអូសបន្លាយពេលវេលាតទៅទៀត។»
អ្នករាយការណ៍ពិសេសនៃអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា រីករាយបើមានការផ្លាស់ប្តូរមួយនៅកម្ពុជា។ បញ្ហាប្រឈមផ្នែកនយោបាយ នៅកម្ពុជា ជាមូលហេតុនៃបំណងឲ្យមានការផ្លាស់ប្តូរ និងការស្វែងរកវិធីគ្រប់គ្រងក្នុប្រយោជន៍ជាតិ។ លោក និងសហគមន៍អន្តរជាតិ ត្រៀមខ្លួន ជាជំនួយក្នុងការដោះស្រាយភាពជាប់គាំងនយោបាយនេះ។ «អាចមានវត្តមាននៃភាគីទីបីផងដែរ ដើម្បីធ្វើជាសាក្សី ឬជាអ្នកសម្របសម្រួល ប្រសិនអាចជាមានប្រយោជន៍នោះ»៕
--------------------------------------------------
ដោយ អ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៤