កម្ពុជា៖ ឯកភាពជាតិប្រេះឆារក្រោយការប្ដេជ្ញា កឹម សុខា - ហ៊ុន សែន
ពាក្យ«បង្រួបបង្រួមជាតិ និងឯកភាពជាតិ» ដែលអតីតព្រះមហាក្សត្រព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ធ្លាប់មាន ព្រះរាជបន្ទូល កំពុងប្រឈមនឹងការបំពារបំពាន គួរឲ្យព្រួយបារម្ភ ក្នុងកាលៈទេសៈនៃការជាប់គាំងនយោបាយ ក្រោយការបោះឆ្នោតដ៏ប្រទាំងប្រទើស ព្រោះគណបក្សប្រជាជនកម្ពុជា និងគណសង្រ្គោះជាតិ ចុងក្រោយនេះ បានប្រើប្រាស់វិធីការពារអំណាច និងទាមទារអំណាច ផ្ទុយពីលិទ្ធិប្រជាធិបតេយ្យនដែលជាសញ្ញាបង្ហាញថា«ឯកភាពជាតិខ្មែរ» អាចនឹងត្រូវបែកបាក់។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅមន្ទីរដ្ឋសភាជាតិ កាលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O.Vary)
នយោបាយកម្ពុជា - ឆ្លើយតបនឹងការអំពាវនាវរបស់គណបក្សង្រ្គោះជាតិ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងជាមន្រ្តីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា ក្នុងពិធីមួយនៅខេត្តក្រចេះ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៤ នេះ បានលើកឡើងថា ប្រជាពលរដ្ឋខ្មែរដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ត្រូវក្រោកឈរឡើងទាំងអស់គ្នា ប្រឆាំងជាមួយទង្វើ ដែលឈានទៅដល់ការផ្តួលរំលំរដ្ឋាភិបាល និងផ្ទុយពីរដ្ឋធម្មនុញ្ញ។ លោក ហ៊ុន សែន បញ្ជាក់ថា៖ «កម្ពុជា មិនមែនដូចនៅអេហ្ស៊ីប ទុយនេស៊ី និងលីប៊ីនោះឡើយ សូមស្តាប់ឲ្យច្បាស់ ឲ្យតែឈានដល់ការផ្តួលរលំគេនឹងធ្វើហើយ។»
គួររម្លឹកថា ប្រតិកម្មរបស់បុរសខ្លាំងកម្ពុជា លោក ហ៊ុន សែន ដែលមានខ្លឹមសារ«បង្រ្កាប» នៅពេលនេះ គឺបានកើតឡើងតែមួយថ្ងៃតែប៉ុណ្ណោះ ក្រោយពីលោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិដែលជាគណបក្សជំទាស់ បានបញ្ជាក់ទៅកាន់អ្នកគាំទ្រថា៖ «ខ្ញុំសូមអំពាវនាវបងប្អូនទាំងក្នុង និងក្រៅប្រទេសក្រោឈរឡើងជាមួយគណបក្សសង្គ្រោះជាតិ ធ្វើមហាបាតុកម្មទូទាំងប្រទេស និងលើពិភពលោក ដើម្បីទាមទាររកយុត្តិធម៌ជូនម្ចាស់ឆ្នោត។» ជាមួយគ្នានោះ លោក កឹម សុខា បានចាត់ទុកការចូលរួមធ្វើមហាបាតុកម្ម គឺជាការរួមចំណែកដ៏សំខាន់មួយទៀតសម្រាប់ស្ថានភាពនយោបាយបច្ចុប្បន្ន និងជាការធ្វើឲ្យរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា បញ្ឈប់ការបាញ់សម្លាប់ជាតិសាសន៍ខ្មែរដូចគ្នា។
ចំពោះជម្លោះនយោបាយដ៏តានតឹងនៅកម្ពុជា លោក សុរិយា ស៊ូប៊ែឌី ជាអ្នករាយការណ៍ពិសេស ស្ដីពីសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា បានលើកឡើងក្នុងពេលបំពេញបេសកកម្មនៅកម្ពុជា កាលពីពេលថ្មីៗនេះថា រូបលោកផ្ទាល់ សហគមន៍អន្តរជាតិ ក៏ដូចជាអង្គការសហប្រជាជាតិនឹងពិចារណា ក្នុងការធ្វើជាអាជ្ញាកណ្កាល ដើម្បីសម្របស្រួលបិទបញ្ចប់វិបត្តិនេះ តែអ្វីសំខាន់ គឺអាស្រ័យលើការចរចា របស់គណបក្សទាំងពីរ ថាតើអ្វីដែលល្អបំផុត និងអាចជាប្រយោជន៍សម្រាប់ពលរដ្ឋកម្ពុជា និងប្រទេសកម្ពុជាទាំងមូល។
ជុំវិញវិវាទនយោបាយ ដែលកើតចេញពីភាពមិនចុះសម្រុងគ្នា រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ ត្រូវបានអ្នកតាមដានស្ថានការណ៍នយោបាយ និងអ្នកវិភាគឯករាជ្យកម្ពុជាពន្យល់ថា គណបក្សប្រជាជនកម្ពុជា ក៏ដូចជារដ្ឋាភិបាល នឹងត្រូវថ្កោលទោសជាទូទៅ និងការមិនទទួលស្គាល់ពីភាពស្របច្បាប់ ពីសហគមន៍ជាតិ និងអន្តរជាតិ ប្រសិនបើមានការបង្រ្កាបយ៉ាងហិង្សា ដែលបណ្តាលឲ្យមានអ្នកស្លាប់ និងអ្នករបួស ក្នុងយុទ្ធនាការការពារអំណាចរបស់ខ្លួន ។
រីឯគណបក្សសង្រ្គោះជាតិ ដែលជាគណបក្សជំទាស់ បើទោះជាមានអ្នកគាំទ្រច្រើនលើសលុបយ៉ាងណាក៏ដោយ ក៏មិនអាចឡើងទៅគ្រប់គ្រងប្រទេស តាមរយៈអំណាចប្រជាពលរដ្ឋ ដោយរំលងការបោះឆ្នោត តាមបែបប្រជាធិបតេយ្យបានដែរ ព្រោះសហគមន៍អន្តរជាតិមិនអាចទទួលស្គាល់ ពីភាពស្របច្បាប់របស់រដ្ឋាភិបាលដែលឡើងគ្រប់គ្រងអំណាចតាមរបៀបនេះបានទេ។
លោក កែម ឡី ធ្លាប់បានលើកឡើងនៅក្នុង កិច្ចប្រជុំពិភាក្សាមួយ នៅសកលវិទ្យាល័យខេមរៈ ថាដំណោះស្រាយល្អបំផុតសម្រាប់គណបក្សទាំងពីរ ក៏ដូចការទម្លាយភាពជាប់គាំងនយោបាយនៅក្នុងកាលៈទេសៈបច្ចុប្បន្ន ពិសេសជៀសវាងការបែកបាក់ជាតិដ៏ជ្រាលជ្រៅ គឺមានតែការបោះឆ្នោតឡើងវិញ ក្រោយការកែទម្រង់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) តែប៉ុណ្ណោះ។ អ្នកវិភាគឯករាជ្យជំនាញខាងបញ្ហាសង្គមរូបនេះ បានពន្យល់ថា ក្នុងករណីគណបក្សទាំងពីរ ព្រមព្រៀងគ្នាជា«កញ្ចប់» ជាលាយល័ក្ខអក្សរបណ្តោះអាសន្ន ធ្វើការបោះឆ្នោតមុនអាណត្តិ តាមរយៈការចូលប្រជុំរដ្ឋសភា និងការចចារគ្នា«ក្រៅផ្លូវការ» ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់បោះឆ្នោត ក្នុងការកំណត់កាលបរិច្ឆេទថ្មី នៃការបោះឆ្នោតមុនអាណត្តិ (២០១៥ ឬ២០១៦)។ ទាំងនេះវាមិនបានផ្តល់ផលប្រយោជន៍ណាមួយ ទៅឲ្យគណបក្សទាំងពីរនោះទេ តែជាដំណោះស្រាយមួយស្របនឹងច្បាប់ ហើយបានផ្តល់ផលប្រយោជន៍ទៅជាតិ និងប្រជាជន។
សូមបញ្ជាក់ដែរថាកន្លងមក តាមរយៈការចរចា រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ ក៏បានបង្ហាញថា ពួកគេមានចំណុចរួមគ្នា ដើម្បីទម្លាយភាពជាប់គាំងនយោបាយ គឺការបញ្ជៀសអំពើហិង្សា និងការកែទម្រង់ (គ.ជ.ប) តែខុសគ្នាត្រង់ការកំណត់ពេលវេលា ដែលត្រូវបោះឆ្នោតឡើងវិញប៉ុណ្ណោះ។ បើគង់នឹងត្រូវបោះឆ្នោតទៀតដដែល សម្បទានមួយជំហានទៅវិញទៅមក មិនមែនជាការគាប់ប្រសើរទេឬ? ប៉ុន្តែចំពោះបញ្ហាមនុស្ស និងអំណាច មានតែទេវតាទេដែលដឹងត្រូវធ្វើយ៉ាងណា៕
--------------------------------------
ដោយ អ៊ុំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៤