ផៃ ស៊ីផាន៖ សម រង្ស៊ី ត្រូវបានស្វាគមន៍ចំពោះការវិលមកកម្ពុជាវិញ
ភ្នំពេញ៖ មេដឹកនាំគណបក្សប្រឆាំងដែលនិរទេសខ្លួនឯង និងជាទណ្ឌិត លោក សម រង្ស៊ី កាលពីថ្ងៃសៅរ៍បានប្រកាសថា លោកនឹងវិលត្រឡប់មកប្រទេសកម្ពុជាវិញ នៅក្នុងការបោះឆ្នោតជាតិខែនេះ បើទោះជាត្រូវប្រឈម នឹងទោសជាប់ពន្ធនាគារជាង១០ឆ្នាំក៏ដោយ។
ប្រធានគណបក្សប្រឆាំង លោក សម រង្សី (រូបខាងឆ្វេង) និងនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន កាលពីខែកុម្ភះឆ្នាំ២០០៦ ក្នុងរាជធានីភ្នំពេញ។ (រូបថត AFP)
នៅក្នុងវីដេអូ ដែលបង្ហោះនៅលើទំព័រហ្វេសបុករបស់លោក និងនៅក្នុងការផ្តល់ដំណឹងខ្លីៗ ដែលផ្សព្វផ្សាយដោយគណបក្សនេះ ប្រធានគណបក្សសង្គ្រោះជាតិ បានពន្យល់ថា ការប៉ុនប៉ងរបស់លោក ដើម្បីចរចាឲ្យមានការលើកលែងទោស ពីព្រះមហាក្សត្រព្រះបាទ នរោត្តម សីហមុនី ជាមួយនឹងការឯកភាពរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបរាជ័យ។ លោកបានបញ្ជាក់ថា៖ «ទោះយ៉ាងណាក៏ដោយក៏លោកនឹងត្រឡប់មកវិញ ហើយខ្ញុំដឹងយ៉ាងច្បាស់ អំពីការប្រថុយប្រថានត្រឡប់មកវិញមុនថ្ងៃបោះឆ្នោតនេះ»។
លោកបានថ្លែងឲ្យដឹងទៀតថា លោកបានសម្រេចត្រឡប់មកវិញ ដោយសារវត្តមានរបស់លោកជាមេដឹកនាំគណបក្សប្រឆាំង និងជាការធ្វើតេស្តមើលការពិត នៃការបោះឆ្នោតសេរីនិងយុត្តិធម៌ ដែលសន្យាដោយកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ លោកបានបន្តបានបន្តទៀតថា ៖ «ខ្ញុំយល់ព្រមធ្វើពលីកម្មជីវិតរបស់ខ្ញុំ សម្រាប់ប្រទេសជាតិកំណើតរបស់ខ្ញុំ ដោយហ៊ានលះបង់ជីវិតខ្លួនឯង ដើម្បីសង្គ្រោះជាតិពីគ្រោះមហន្តរាយ»។
លោក សម រង្ស៊ី ក៏បានលើកឡើងពីរបាយការណ៍ របស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ លោក សុរិយា ស៊ូប៊ែឌី ការព្រួយបារម្ភពីសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក បើសិនគ្មានវត្តមានរបស់លោកក្នុងការបោះឆ្នោត ដោយសេរី និងយុត្តិធម៌នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ខាងមុខ។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានថ្លែងថា កាលបរិច្ឆេទជាក់លាក់នៅមិនទាន់មានការឯកភាពគ្នានៅឡើយ ដោយកំពុងពិភាក្សាអំពីបញ្ហានោះ។ លោកបានថ្លែងឲ្យដឹងទៀតថា ៖«យើងមិនទាន់ ពិភាក្សាបញ្ចប់នៅឡើយទេ ប៉ុន្តែប្រាកដណាស់ លោកនឹងត្រឡប់មកវិញមុនការបោះឆ្នោត»។
អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី លោក ផៃ ស៊ីផាន បានថ្លែងកាលពីម្សិលមិញថា លោក សម រង្ស៊ី គឺត្រូវបានស្វាគមន៍ចំពោះការវិលត្រឡប់មកវិញនេះ ប្រសិនបើនោះជាការសម្រេចចិត្តរបស់លោក។ លោកបានពន្យល់ថា៖ «វាជាបញ្ហាផ្ទាល់ខ្លួនរបស់ឯកឧត្តម សម រង្ស៊ី វាសនារបស់គាត់គឺស្ថិតនៅក្រោមនីតិរដ្ឋ»។
ការស្វាគមន៍របស់លោក ផៃ ស៊ីផាន នេះ នៅធ្វើឲ្យមានមន្ទិលថា តើការ«ស្វាគមន៍» នឹងមានរូបភាពរបៀបយ៉ាងដូចម្ដេច?
លោក កែម ឡី ដែលជាអ្នកវិភាគនយោបាយឯករាជ្យ បានថ្លែងថា សេណារីយោបែបនេះ នឹងមានការវិលត្រឡប់ឬមិនមានការវិលត្រឡប់មកវិញរបស់លោក សម រង្ស៊ី នឹងជួយឬរារាំងគណបក្សរបស់លោក គឺអាស្រ័យលើលក្ខខណ្ឌដែលគាត់មក។ លោកបានថ្លែងបន្តថា៖ «ចំពោះខ្ញុំ ខ្ញុំផ្តល់អនុសាសន៍ទៅគាត់ជាច្រើនលើកហើយថា គាត់ត្រូវមកដោយមិនចាំបាច់មានលិខិតលើកលែងទោសទេ។ គាត់អាចប្រឈមនឹងការកាត់ទោស ប្រសិនបើពួកគេចោទប្រកាន់ (...) គណបក្សរបស់គាត់ ទទួលបានប្រជាប្រិយភាពកាន់តែខ្លាំង។»
លោកបានថ្លែងថា លោក សម រង្ស៊ី ត្រូវបានតម្រូវឲ្យសរសេរលិខិតសុំទោស ទៅលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលទង្វើនេះជាទង្វើមួយ ដែលនឹងធ្វើឲ្យរដ្ឋាភិបាលទទួលបានអត្ថប្រយោជន៍ ប្រសិនបើមានការសរសេរលិខិតបែបនេះទៀតនៅពេលនេះ។ លោកបានបកស្រាយទៀតថា ប្រសិនបើគាត់មកវិញដោយមិនមានលិខិតសុំទោស គាត់អាចទៅតុលាការ គាត់អាចទៅពន្ធនាគារ ហើយមិនមែនតែសហគមន៍អន្តរជាតិទេ ដែលនឹងដាក់សម្ពាធលើរដ្ឋាភិបាល តែប្រជាជនក្នុងស្រុកក៏ដាក់សម្ពាធដែរ។
កាលពីឆ្នាំ២០១២ ប្រធាននាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama) នាយករដ្ឋមន្រ្តីបារាំង ហ្សង់ ម៉ាក អៃរ៉ូល៍ (Jean-Marc Ayrault) និងអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ លោក សុរិយា ស៊ូប៊ែរឌី ក៏បានលើកឡើង ផ្សេងៗគ្នាអំពីករណីរបស់លោក សម រង្ស៊ី ផងដែរ។
លោកសម រង្ស៊ី ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារចំនួន ១២ឆ្នាំ ពីបទបំផ្លាញតម្រុយបង្គោលព្រំដែនកម្ពុជា-វៀតណាម និងបទក្លែងបន្លំឯកសារពាក់ព័ន្ធ នឹងផែនទីព្រំដែនកម្ពុជា-វៀតណាម។ ការកាត់ទោសនេះ ត្រូវបានគណបក្សប្រឆាំងច្រានចោល និងអះអាងថា តុលាការមិនឯករាជ្យ តុលាការស្ថិតនៅក្រោមឥទ្ធិពលអ្នកនយោបាយ៕
----------------------------------------------------
ដោយ៖ គិន ង៉ុយ - ភ្នំពេញ ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ