ហ្វីលីពីន៖ ផ្ទុះអាវុធរវាងកងទ័ព និងក្រុមសកម្មជនឥស្លាម ស្លាប់របួសច្រើននាក់
ក្រុមបំបែកខ្លួនចេញពីពួកឧទ្ទាមនិយមឥស្លាម បានបើកការវាយប្រហារប្រឆាំង នឹងងកងទ័ពហ្វីលីពិន នៅផ្នែកខាងត្បូងនៃប្រទេស ធ្វើឲ្យមានការផ្ទុះអាវុធយ៉ាងខ្លាំងក្លា ដែលបណ្ដាលឲ្យមានទាហានហ្វីលីពីនប្រាំនាក់ និងពួកបំបែកខ្លួនជាច្រើននាក់ផ្សេងទៀតស្លាប់។ ក្រុមបំបែកខ្លួននេះ ជាក្រុមមួយដែលចង់រំខានការចរចាទាំងឡាយ ដែលកំពុងមានដំណើរការ រវាងក្រុមឧទ្ទាមនិយមឥស្លាម និងរដ្ឋាភិបាលហ្វីលីពីន។
ក្រុមឧទ្ទាមនិយមឥស្លាម នៅប្រទេសហ្វីលីពីន។ (រូបថត TED ALJIBE, ARCHIVES AFP)
ការវាយប្រយុទ្ធគ្នា មានរយៈពេលពេញមួយថ្ងៃសៅរ៍ទី០៦ខែកក្កដា រវាងសមាជិកនៃក្រុមសកម្មប្រយុទ្ធសម្រាប់សេរីភាព បាងស៊ាំម៉ូរ៉ូ (Bangsamoro - BIFF) នៅក្នុងតំបន់ជាយភូមិ ដាទូ ពីយ៉ាង (Datu Piang) នៃខេត្តម៉ាហ្គិនដាណាវ (Maguindanao) និងនៅក្នុងតំបន់មួយផ្សេងទៀត ផ្នែកខាងជើងនៃខេត្តកូតាប៉ាតូ (Cotabato)។
អ្នកនាំពាក្យកងទ័ពប្រចាំតំបន់មួយរូប បាននិយាយាថា កងទ័ពប្រដាប់អាវុធហ្វីលីពីន ព្យាយាមរុញច្រានពួកឧទ្ទាម នៅថ្ងៃអាទិត្យ ឲ្យថយចេញពីបន្ទាយមួយស្ថិតនៅលើចង្កេះភ្នំ។ ការជួបប្រយុទ្ធនេះ បានធ្វើឲ្យអ្នកស្រុកជាច្រើនរយនាក់ ជម្លៀសខ្លួនចេញពីភូមិ ដាទូ ពីយ៉ាង ដែលជាភូមិដាច់ស្រយ៉ាលមួយក្រីក្រជាទីបំផុត ស្ថិតនៅចម្ងាយ៩០០គីឡូម៉ែត្រពីរដ្ឋធានីម៉ានីល។
ការប្រយុទ្ធ បានដាក់បញ្ចប់នូវសភាពស្ងប់ស្ងាត់ ដែលបានកើតមានមួយរយៈពេលមកហើយ នៅតំបន់ផ្នែកខាងត្បូងនៃប្រទេសនេះ តំបន់ដែលស្ថានភាពនយោបាយ និងសន្តិសុខមិនមានស្ថិរភាពពិតប្រាកដឡើយ។
ក្រុមឧទ្ទាមនិយមឥស្លាម ដែលបានចូលរួមក្នុងការប្រយុទ្ធនៅថ្ងៃសៅរ៍នេះ បានរត់ចោលជួរតាំងពីពីរឆ្នាំមុន ពីរណសិរ្យរំដោះឥស្លាមម៉ូរូ។ រណសិរ្យម៉ូរ៉ូ ជាចលនាឧទ្ទាមឥស្លាមដ៏សំខាន់មួយ ដែលមានសមាជិកជាច្រើន មានចំនួនប្រមាណជា១១ពាន់នាក់ មានទីតាំងនៅផ្នែកខាងត្បូងប្រទេសហ្វីលីពីន។
ក្រុមបំបែកខ្លួននេះបានបដិសេធចោល នូវរាល់ការចរចា រវាងរណសិរ្យម៉ូរ៉ូ និងរដ្ឋាភិបាលហ្វីលីពីន ដោយបានចោទថា ការចរចាទាំងនេះនឹងមិនមានប្រយោជន៍អ្វីទាំងអស់។ ពួកបំបែកខ្លួននៅតែបន្តប្រយុទ្ធ ដើម្បីបង្កើតនូវតំបន់មួយ ដែលត្រៀមទុកបម្រុងសម្រាប់ទទួលឲ្យមករស់នៅ តែអ្នកកាន់សាសនាឥស្លាម នៅផ្នែកខាងត្បូងនៃប្រទេសហ្វីលីពីន។
សូមបញ្ជាក់ថា ប្រទេសហ្វីលីពីន មានបណ្ដាជនច្រើនលើសលប់ ជាអ្នកកាន់សាសនាគ្រីស្ទ៕
--------------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ