រូបភាពដ៏រន្ធត់ ពីវិនាសកម្មព្យុះសមុទ្រនៅហ្វីលីពីន៖ ស្លាប់២២៩នាក់
បើទោះជាការព្រួយបារម្ភរបស់អាជ្ញាធរ បានថ្លែងឲ្យដឹងកាលពីល្ងាចថ្ងៃសៅរ៍ ថាជនរងគ្រោះអាចនឹងមានច្រើនជាង ១ម៉ឺននាក់នោះក៏ដោយ តែនៅល្ងាចថ្ងៃអាទិត្យទី១០ខែតុលានេះ ក្រុមប្រឹក្សាជាតិនៃប្រទេសហ្វីលីពីន បានអះអាងថាតួលេខផ្លូវការ ដែលអាជ្ញាធររាប់ឃើញនោះ មានតែ២២៩នាក់ និងបាត់ខ្លួន២៨នាក់ប៉ុណ្ណោះ។ ប៉ុន្តែការអះអាងនេះ នៅតែមានលក្ខណៈជាបណ្ដោះអាសន្ននៅឡើយ ព្រោះស្ថានភាពបំផ្លិចបំផ្លាញ គំនរបាក់បែក នៅក្រោយខ្យល់ព្យុះ អាចនឹងធ្វើឲ្យតួលេខកើតឡើងខ្លាំងទៀត។
ទិដ្ឋភាពបំផ្លិចបំផ្លាញនៃខ្យល់ព្យុះសមុទ្រ នៅក្នុងខេត្ត តាក្លូបង់។ (រូបថត ANP)
គ្រោះធម្មជាតិ - ក្រុមប្រឹក្សាជាតិនៃប្រទេសហ្វីលីពីន បានថ្លែងឲ្យដឹងទៀតថា ប្រជាជនដែលរងផលប៉ះពាល់មានចំនួន ៩,៥លាននាក់ ក្នុងនោះ ៤៤៧ ៦៧៥នាក់ ត្រូវបានជម្លៀសចេញទៅស្នាក់នៅក្នុងមជ្ឈមណ្ឌលចំនួន ១៦៤៥កន្លែង។
ខ្យល់ព្យុះសមុទ្រ ហៃយ៉ាន (Haiyan) ឬហៅម្យ៉ាងទៀត ថា យ៉ូឡង់ដា (Yoland) បានបោកបក់ក្នុងល្បឿន ៣១៥គីឡូម៉ែត្រ ក្នុងមួយម៉ោង ជាខ្យល់ព្យុះដែលមានកម្លាំងខ្លាំងជាងគេ នៅក្នុងប្រភេទខ្យល់ព្យុះដូចគ្នា។ វាបានបក់មកដល់ប្រជុំកោះនៃប្រទេសហ្វីលីពីន នៅវេលាទៀបភ្លឺ ព្រឹកថ្ងៃសុក្រទី៨ខែវិច្ឆិកា ហើយបានកំទេច ឬឆក់យកនូវរាល់អ្វីៗ ដែលនៅពាំងពីមុខផ្លូវរបស់វា ដែលមិនត្រឹមតែផ្ទះសម្បែង របស់របរសម្ភារះផ្សេងៗនោះទេ តែថែមទាំងជីវិតមនុស្សនោះផងទៀត។
សូមទស្សនារូបភាព ដែលខ្យល់ព្យុះសមុទ្របានបន្សល់ទុក នៅថ្ងៃនេះដូចតទៅ៖
--------------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ