ហ្វីលីពីន៖ មនុស្ស១៤នាក់ស្លាប់ក្នុងការប្រយុទ្ធដ៏សម្បើម
មេបញ្ជាការកងទ័ពមួយរូប បានថ្លែងកាលពីថ្ងៃអាទិត្យទី២៦ខែឧសភាថា យ៉ាងហោចណាស់ទាហាន និងសកម្មជនប្រយុទ្ធ នៃក្រុមអាប៊ូ សៃយ៉ាហ្វ (Abou Sayyaf) ចំនួន១៤នាក់ ត្រូវបានសម្លាប់ នៅក្នុងការជួបប្រយុទ្ធដ៏សម្បើម ដែលបានកើតឡើង ខណៈមានការស្វែងរកការដោះលែង ជនចំណាប់ខ្មាំង៦នាក់ (ជាជនបរទេស និងហ្វីលីពីន) ពីក្នុងដៃពួកឧទ្ទាម។
សាកសពទាហាន និងក្រុមឧទ្ទាម មុននឹងដាក់បញ្ជូនតាមយន្ដហោះទៅទីក្រុងម៉ានីល។
យុទ្ធនាការយោធាបានចាប់ផ្ដើមនៅថ្ងៃសៅរ៍ និងមានទទួលការគាំទ្រពីសហរដ្ឋអាមេរិកផង បានបង្ខំឲ្យសកម្មជនប្រយុទ្ធ ដែលមានជាប់ទាក់ទងនឹងបណ្ដាញភេវរនិយមអាល់កៃដា (al-Qaïda) ឲ្យបញ្ឈប់ការចាប់ពង្រត់ចំណាប់ខ្មាំង នៅខាងត្បូងប្រទេស។
កងទ័ព៧នាក់ និងកងស្ម័គ្រប្រយុទ្ធរបស់អាប៊ូ សៃយ៉ាហ្វ ៧នាក់ដែរ ត្រូវបានសម្លាប់ នៅក្នុងការបាញ់ទៅវិញទៅមក ដែលមានរយៈពេលប្រមាណជាមួយម៉ោង នៅក្នុងតំបន់តូចមួយមិនសូវមានមនុស្សនៅ ជាប់នឹងឆ្នេរសមុទ្រ។ ប្រភពស្និតនឹងកងទ័ព បានបន្ថែមទៀតថា ទាហាន៦នាក់ និងកងឧទ្ទាមច្រើនជាង១០នាក់ ទំនងជារងរបួស។
កងទ័ពរបស់រដ្ឋាភិបាលហ្វីលីពីន ដែលមានការគាំទ្រពីឧទ្ធម្ភាគចក្រចម្បាំងផង បានវាយសន្ធាប់ទៅលើក្រុមសកម្មជនប្រយុទ្ធ ហើយបណ្ដាលឲ្យក្រុមនេះបង្ខំចិត្តរត់គេចខ្លួន។ ក្រុមនេះទំនងជាដឹកនាំដោយ ជូល-អាស្បន សាវ៉ាជ្យាអាន (Jul-Aswan Sawadjaan) ដែលធ្លាប់ត្រូវបានចោទពីការចាប់ពង្រត់អ្នកកាសែតហ្សកដានីម្នាក់ និងអ្នកកាសែតអ៊ឺរ៉ុបពីរនាក់ទៀត។
សាកសពកងទ័ពពលីទាំងអស់ ត្រូវបាននាំកាន់ទីក្រុងម៉ានីល តាមយន្ដហោះនៅថ្ងៃអាទិត្យ។ នេះជាការវាយប្រហារចុងក្រោយបង្អស់ របស់កងទ័ពប្រទេសហ្វីលីពីន ក្នុងគោលបំណងរំដោះចំណាប់ខ្មាំង បីនាក់ជាជនជាតិបរទេស ដែលត្រូវបានចាប់កាលពីឆ្នាំទៅម៉ិញ និងបីនាក់ទៀតជាជនជាតិហ្វីលីពីន ដែលត្រូវបានចាប់ខ្លួនផ្សេងៗគ្នា កាលពីប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ៕
-------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ