ហ្វីលីពីន៖ ដំណើរឆ្លងកាត់របស់ព្យុះបូផា សម្លាប់មនុស្សជាង៤៧៥នាក់
- ដោយ: មនោរម្យ.អាំងហ្វូ
- កែប្រែចុងក្រោយ: December 06, 2012
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ព្យុះដ៏កំណាច ឈ្មោះ បូផា បានបក់កាត់ប្រទេសហ្វីលីពីន បង្កអោយមានទឹកជំនន់ និងការខូចខាតដល់ផ្ទះសម្បែង ដីស្រែចំការ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធនានាផង របស់ប្រទេសនេះ។ តុល្យភាពចុងក្រោយ នៃគ្រោះថា្នក់នេះ បានកើនឡើងជាលំដាប់ ដោយមានមនុស្សច្រើនជាង ៤៧៥នាក់បានស្លាប់។ តួលេខនេះ នៅតែបន្តមានលក្ខណៈធ្ងន់ធ្ងរ ដោយមនុស្សរាប់សិបរយនាក់ផ្សេងទៀត នៅកំពុងបាត់ខ្លួននៅឡើយ។
ជនរងគ្រោះដល់ជីវិត ដែលគេស្រង់ និងកាយរកឃើញមកវិញ។ រូបថត EPA។
មនុស្សជិត ៥០០នាក់ បានស្លាប់ - ៣៧៩នាក់ បានបាត់ខ្លួន - និងប្រមាណជា ២០០ ០០០នាក់ផ្សេងទៀត បាត់បង់ជំរក។ នេះគឺជាតុល្យភាពចុងក្រោយ នៅថ្ងៃព្រហស្បត្តិទី ៦ធ្នូ ក្រោយពេលដែលព្យុះកំណាច បូផា បានឆ្លងកាត់ប្រទេសហ្វីលិពីន ផ្នែកខាងត្បូង កាលពីដើមសប្ដាហ៍នេះ។
សេវាជួយសង្គ្រោះ របស់ហ្វីលីពីណ បានរកឃើញសាកសព ចំនួន ៤៧៥ ក្នុងថ្ងៃព្រហស្បត្តិ៍នេះ នៅលើកោះមីដាណាវ (Mindanao) ផ្នែកខាងត្បូង ចំនួន ២៥៨ និងផ្នែកខាងកើត ជាប់នឹងតំបន់ភ្នំ ចំនូន ១៩១សាកសព។ នេះជាការអោយដឹង របស់លោក អារីយ៉ែល ប៊ែរណាដូ (Ariel Bernardo) ឧត្តមសេនីយ៍ម្នាក់ទទួលបន្ទុក គ្រប់គ្រងការជួយសង្គ្រោះ។
ការិយាល័យសន្តិសុខទូទៅ នៅទីក្រុងម៉ានីល បានបញ្ជាក់ថា ១៧នាក់ទៀត បានសម្លាប់ នៅមីនដាណាវ (Mindanao) និង៩នាក់ នៅលើកោះដទៃទៀត។
ទឹកជំនន់ និងគ្រោះបាក់ដី លាតសន្ធឹងរហូតដល់ប្រវែង ៧០០គម
ព្យុះបូផា បាននាំមកជាមួយ នៅខ្យល់បក់ មានល្បឿនប្រមាណជា ២១០គម ក្នុងមួយម៉ោង បានឆ្លងកាត់ក្នុងពេលរាត្រីថ្ងៃអង្គារ នៃកោះមីនដាណាវ ដោយបានបង្កអោយមាន ទឹកជំនន់ និងការបាក់ធ្លាក់ដី លាតសន្ធឹងរហូតដល់ប្រវែង ៧០០គ។
នាយការិយាល័យសន្តិសុខ លោក បេនីតូ រ៉ាម៉ូស (Benito Ramos) បានថ្លែងប្រាប់អ្នកកាសែតថា «អាទិភាពចម្បង របស់រដ្ឋាភិបាល នៅថ្ងៃព្រហស្បត្តិ បាននឹងកំពុងស្វែងរក មនុស្សចំនួន ៣៧០នាក់ ដែលនៅបាត់ខ្លួននៅឡើយ និងសាងសង់ជម្រកបណ្ដោះអាសន្ន អោយដល់បណ្ដាជន ១៧៩ ០០០ នាក់ ដែលផ្ទះសម្បែងរបស់ពួកគាត់ ត្រូវបានបំផ្លាញ»។ លោកបានបញ្ជាក់ថា យុទ្ធនាការនេះ នឹងមិនមានកំណត់ពេលវេលានោះទេ ក្នុងការរុករកជនរងគ្រោះទាំងនោះ។
ក្រុងចំនួន៣ បានកាត់ផ្ដាច់ពីពិភពលោក
លោក កូរ៉ាហ្សូន សូលីម៉ាន់ រដ្ឋមន្ត្រីហ្វីលីពីនខាងសង្គមកិច្ច បានប្រកាសថា «រដ្ឋាភិបាលបានសុំជំនួយ ពីអង្គការអន្តរជាតិ នៃជនភៀសខ្លួន មានទីតាំងនៅប្រទេសស្វីស ដើម្បីសាងសង់ជម្រកបណ្ដោះអាសន្ន សម្រាប់អោយជនរងគ្រោះទាំងនោះ»។
ប្រធានាធិបតីនៃប្រទេសហ្វីលីពីន បានបញ្ជូននាវា ដឹកស្បៀង និងប្រដាប់ប្រដាជួយសង្គ្រោះបន្ទាប់ សម្រាប់បណ្ដាជន ទាំង ១៥០ ០០០ នៅតាមតំបន់ឆ្នេរ មីដាណាវ ទីកន្លែងដែល ក្រុងចំនួនបី ត្រូវបានកាត់ផ្ដាច់ពីពិភពលោក។ ជនភៀសខ្លួនភាគច្រើន រស់នៅតំបន់នោះ មានសភាពក្រីក្រជាទីបំផុត ដោយក្នុងចំណោមនោះ មានខ្លះជាកម្មករ ដែលធ្វើការចិញ្ចឹមជីវិតតែ ក្នុងរ៉ែមាស ដែលរកកំរ៉ៃបានតែបន្តិចបន្តួចប៉ុណ្ណោះ ហើយមិនសូវបានគិតពី គ្រោះថ្នាក់ដែលអាចកើតមានពីការបាក់ដីនោះឡើយ។
រដ្ឋាភិបាលបានហាមឃាត់មិនអោយមានការសាងសង់ផ្ទះនៅតាមតំបន់ទាំងនេះឡើង ដោយហេតុមកពីស្ថានភាពដី មានភាពរអិលអាចនឹងបាក់ធ្លាក់។ ប៉ុន្តែអាជ្ញាធរនៅតាមតំបន់នោះ នៅតែអនុញ្ញាតិអោយមានការសាងសង់ និងអោយជីកដីរករ៉ែមាស រហូតដល់ទប់ទល់លែងបាន នូវការបែករីកសាយ នៃសហគមន៍អ្នកមកតាំងទីលំនៅ ដែលចេះតែមានចំនួនច្រើនឡើងៗ៕
------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ