អេហ្សីប៖ អំពាវនាវទាំងអ្នកគាំទ្រ និងប្រឆាំង ធ្វើបាតុកម្ម នៅមុខវិមានប្រធានាធិបតី
បណ្ដាអ្នកមានសមាណចិត្ត ទាំងគាំទ្រ និងទាំងប្រឆាំង នឹង លោកមហាមេដ ម៉ូរស្សី ប្រធានាធិបតី និយមអ៊ីស្លាម របស់ប្រទេសអេហ្សីប បានធ្វើការអំពាវនាវនៅថ្ងៃពុធទី៥ធ្នូនេះ ដើម្បីធ្វើបាតុកម្ម នៅមុខវិមានប្រធានាធិបតី ក្នុងខណៈពេលដែលស្ថានភាព កំពុងតឹងតែងស្រាប់ រវាងគូបដិបក្ខទាំងសងខាង។
ក្រុមអ្នកគាំទ្រ លោកប្រធានាធិបតី និយមអ៊ីស្លាម កំពុងរៀបចំសូត្រធម៌ នៅពីមុខវិមានប្រធានាធិបតី។ រូបថត Xinhua/STR។
ក្រុមបងប្អូនមូស្លីម ដែលជាប្រភពដើមរបស់លោក មហាមេដ ម៉ូរស្សី (Mohamed Morsi) និង«កម្លាំងពលរដ្ឋ» ផ្សេងទៀត បានអំពាវនាវ អោយមានការប្រមូលផ្ដុំគ្នា ដើម្បីការពារភាពស្របច្បាប់របស់ ប្រមុខរដ្ឋរបស់ពួកគេ ហើយព្រមទាំងដើម្បីប្រឈមមុខ ទៅនឹងពួកអ្នកដែលចង់«បង្ខំអោយគេធ្វើតាមគំនិតរបស់ខ្លួន» តាមកំលាំងបាយ។ នេះជាការប្រកាសរបស់ អ្នកនាំពាក្យ ស្និតនឹងក្រុមនិយមអ៊ីស្លាម ម៉ាមូដ ហ្គូស្លាន់ (Mahmoud Ghozlan) នៅក្នុងសេចក្ដីប្រកាសមួយ របស់លោក។
រីឯអ្នកនាំពាក្យ របស់ក្រុមរណសិរ្យជាតិ ដើម្បីយុត្តិធម៌និង ប្រជាធិបតេយ្យ លោក មហាមេដ វាឃីដ (Mohamed Waked) តំណាងម្នាក់នៃក្រុមអ្នកប្រឆាំងឯណោះវិញ បាននិយាយប្រាប់ទីភ្នាក់ងារពត៌មានបារាំង អាអេហ្វប៉េថា «ពួកអ្នកដែលបានប្រមូលផ្ដុំគ្នា ជាច្រើនពាន់ម៉ឺននាក់ កាលពីថ្ងៃអង្គារម្សិលមិញ នៅពីមុខវិមានប្រធានាធិបតី (ក្នុងសង្កាត់ អែលីយ៉ូប៉ូលីស)នោះ បានអំពាវនាវសាជាថ្មី ដើម្បីធ្វើបាតុកម្ម។»
លោកបានប្រកាសថា «វាបានព្រមព្រៀងរួចហើយ រួមជាមួយនឹងកម្លាំងបដិវត្តន៍ ថានឹងធ្វើបាតុកម្មនេះ នៅមុខវិមានប្រធានាធិបតី។ បើបងប្អូនមូស្លីម មិនវាយប្រហាយើងទេ នោះមិនជាអីទេ។ តែប្រសិនបើមិនមែនអញ្ចឹងទេ យើងនឹងថាលោក ម៉ូរស្សី ជាអ្នកទទួលខុសត្រូវ។»
ក្រុមអ្នកប្រឆាំង បានបរិហាពីការកេងចំណេង នៃអំណាច ហើយបានសុំអោយមានការដកចេញ នូវក្រិត្យមួយ ដែលបានអនុញ្ញាតិអោយលោក ម៉ូរស្សី អាចពង្រីកឥទ្ធិពលរបស់ខ្លួន និងអាចធ្វើសេចក្ដីសម្រេចចិត្ត នៅក្រៅការត្រួតពិនិត្យ នៃប្រព័ន្ធតុលាការ។
ពួកគេបានតវ៉ាដូចគ្នាដែរ ប្រឆាំងនឹងគម្រោងមួយ នៃរដ្ឋធម្មនុញ្ញ ដែលត្រូវបានដាក់អោយធ្វើប្រជាមតិ នៅថ្ងៃទី ១៥ធ្នូខាងមុខ ដោយគិតប្រមាណថា វានឹងអាចបើកទ្វា ទៅរកការអនុវត្តយ៉ាងតឹងតែង នៃច្បាប់និយមសាសនាអ៊ីស្លាម ហើយមិនបានធានាអោយបានល្អិតល្អន់ ពីមូលដ្ឋានគ្រឹះនៃច្បាប់។
សូមបញ្ជាក់ឡើងវិញថា កាលពីការបោះឆ្នោតជ្រើសរើសប្រធានាធិបតី ក្នុងខែមិថុនាកន្លងទៅ អ្នកនិយមអ៊ីស្លាមក្នុងប្រទេសអេហ្សីប បានជ្រើសរើស លោក មហាមេដ ម៉ូរស្សី រូបនេះ ដើម្បីក្លាយជាប្រធានាធិបតីតំបូងគេ ដែលមិនចេញពីកងទ័ព។
សូមអានអត្ថបទមុន របស់មនោរម្យព័ងអាំងហ្វូ ដោយចុចនៅលើទីនេះ។
អ្នកនិយមអ៊ីស្លាមទាំងនោះ បានសង្កត់ធ្ងន់ថា ការពង្រឹងអំណាច របស់លោក ម៉ូរស្សី គឺក្នុងគោលបំណងពន្លឿន កំណែរទម្រង់របស់ប្រទេស ទៅរកលទ្ធិប្រជាធិបតេយ្យ និងបញ្ឈប់អោយមានការ ជជីកសួរនៃរដ្ឋធម្មនុញ្ញ ដែលតម្រូវអោយសុំអោយមានការកាត់ក្ដី ពីសំណាក់អ្នកបោះឆ្នោតនោះ៕
------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ