រឿងអាស្រូវ​នៃរូបថត របស់កាសែតញ៉ូយក ប៉ុស្ដ៍

កាលពីថ្ងៃច័ន្ទ បុរសម្នាក់ត្រូវបាន ជនគ្មានជំរកម្នាក់ច្រាន អោយធ្លាក់ទៅលើផ្លូវរថភ្លើងក្រោមដី នៃទីក្រុងញ៉ូយក ហើយបន្ទាប់មក ត្រូវបានកិនសម្លាប់ដោយ រថភ្លើងក្រោមដី ដែលបានមកដល់ភ្លាមនោះ​។ ក្នុងពេលជាមួយគ្នានោះ អ្នកថតរូបម្នាក់ប្រចាំ កាសែត​«ញ៉ូយក ប៉ុស្ដ៍» មានវត្តមាននៅក្នុងព្រឹត្តិការណ៍នោះ បានថតរូប ដ៏គួរអោយរន្ធត់នេះ ហើយបានចុះផ្សាយនៅពេញមួយ«ទំព័រមុខ» នៃ​កាសែត​ដ៏ធំ​មួយនេះ នៅព្រឹកស្អែកឡើង។ តែនៅថ្ងៃនេះ រូបថតនៃព្រឹត្តិការណ៍ដ៏សោកសៅ បានប្រែក្លាយជារឿងអាស្រូវមួយ​យ៉ាងធំ មិនដែលសូវជួបប្រទះ នៅក្នុង​សង្គមអាមេរិក។
រឿងអាស្រូវ​នៃរូបថត របស់កាសែតញ៉ូយក ប៉ុស្ដ៍
រូបនៅលើទំព័រមុខ របស់កាសែតញ៉ូយក ប៉ុស្ដ៍ ចេញថ្ងៃអង្គារទី៤ធ្នូ ឆ្នាំ២០១២។
Loading...
  • ដោយ: សេក មនោរកុមារ ([email protected]) - ប៉ារីស​ ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១២
  • កែប្រែចុងក្រោយ: December 06, 2012
  • ប្រធានបទ: សីលធម៌
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅក្នុងរូបថត បុរសម្នាក់បានជាប់ផុងខ្លួន នៅលើផ្លូវរថភ្លើង ... យើងបានឃើញ បុរសនោះខិតខំនឹងប្រវេប្រវា ដើម្បីឡើងមកលើវិញ អោយរួចផុតពីរថភ្លើង ដែលបើកមកដល់ក្នុងពេលជាមួយគ្នានោះ។ តែហួសពេលទៅហើយ ... រថភ្លើងចាប់ហ្វ្រាំងមិនទាន់ បានស្ទុះ​ទៅបុកបុរសចំពីមុខ ពេញទំហឹង និងបានកិនពីលើបុរសនោះថែមទៀត។

រូបថតនៃព្រឹត្តិការណ៍ដ៏រន្ធត់ នៅលើទំព័រមុខរបស់កាសែត ដែលមានមកជាមួយនូវចំណងជើងធំថា «ជាប់គាំង»។ ហើយអក្សរតូចៗ នៅផ្នែកខាងលើសរសេរថា «ក្រោយពីរុញធ្លាក់ ទៅលើផ្លូវរថភ្លើង បុរសម្នាក់នេះ កំពុងតែជិតស្លាប់»។ បន្ទាប់ពីចេញផ្សាយរូបថតនេះ នៅថ្ងៃអង្គារទី៤ធ្នូ  កាសែត«ញ៉ូយក ប៉ុស្ដ៍» បានបង្កើតអោយមាន ការជជែកវែកញែកយ៉ាងខ្លាំង ពីការស្លាប់របស់បុរស ឈ្មោះ គី ស៊ុក ហន (Ki-Suck Han) អាយុ ៥៨ឆ្នាំ រូបនេះ ដោយសាររថភ្លើងកិន កាលពីថ្ងៃច័ន្ទ។

បុរសនេះបានឈ្លោះប្រកែក ជាមួយនឹងជនគ្មានជំរកម្នាក់ រស់នៅក្នុងរន្ធរថភ្លើងក្រោមដីនោះ ហើយត្រូវបានជននេះ ច្រានទម្លាក់​ទៅ​លើផ្លូវរថភ្លើង។ ជនសង្ស័យ ជាអ្នកបង្កហេតុនេះ ត្រូវបានចាប់ខ្លួន នៅក្រោយព្រឹត្តិការណ៍នោះបន្តិច និងឃុំខ្លួនមួយរយះពេល ជា​បណ្ដោះអាសន្នសិន។​ ប៉ុន្តែហួសពីឃាតកម្មដ៏រន្ធត់នេះ គឺទំព័រទីមួយរបស់កាសែត«ញ៉ូយក ប៉ុស្ដ៍» ដែលគេបាននាំគ្នាជជែក បង្កើត​ជាការពិភាក្សា យ៉ាងរំជើបរំជួល។

អ្នកដែលបានអាន ឬគ្រាន់តែឃើញរូបថត សុទ្ធតែបាននិយាយវាយតម្លៃ មានជាអាថ៌ថា «គ្មានសិលធម៌» «គួរអោយស្អប់ខ្ពើម» ឬ​«គួរអោយខ្មាសអៀន» ដោយចោទសួរជាសំនួរថា ហេតុអីក៏អ្នកថតរូប មិនបានសាកល្បង នឹងជួយបុរសនោះ ជាជាងនឹងការថត​យករូបភាពនេះ? ប្រឈមមុខនឹង រឿងហេតុដែលបានកើតឡើងនេះ កាសែតនៃទីក្រុងញ៉ូយកមួយនេះ បានផ្សាយនូវអត្ថបទមួយ​ទៀត នៅ​ថ្ងៃស្អែកឡើង ដោយបានសម្ភាសអ្នកថតរូបរបស់ខ្លួន ពីក្នុងហេតុការណ៍នោះ។

អ៊ូម៉ា អាបាស៊ី (Umar Abbasi) អ្នកថតរូប បាននិយាយថា បើគាត់បានដកម៉ាស៊ីនថតចេញមក គឺដើម្បីអោយសញ្ញា ទៅអ្នកបើក​រថភ្លើង អោយឈប់ មិនមែនដើម្បីចាប់រូបភាព នៃហេតុការណ៍នេះទេ។ «ម៉ាស៊ីនថតរបស់ខ្ញុំ បើករួចស្រេចហើយ ព្រោះខ្ញុំទើប​នឹង​ថតរូបមុននេះ។ ដូច្នេះហើយ ខ្ញុំសាកល្បងប្រើប្រាស់ ម៉ាស៊ីនថតរបស់ខ្ញុំ ដើម្បីអោយសញ្ញាទៅ អ្នកបើកបររថភ្លើង ជាមួយនឹង​ពន្លឺ​ផ្លាសភ្លិបភ្លែត។ ខ្ញុំគ្មានបំណងនឹងថតចាប់រូបភាព បើទោះជាមានរូបភាព ត្រូវបានថតចូលក្នុងម៉ាស៊ីនក៏ដោយ។» គាត់បានបន្ថែម​ទៀតថា «ខ្ញុំរត់ដើម្បីថតរូបមែន តែគឺដើម្បីអោយសញ្ញាទៅអ្នកបើករថភ្លើង។ ខ្ញុំមិនដឹងគិតយ៉ាងដូចម្ដេចទេ។​ អ្វីដែលខ្ញុំឃើញ គឺ​បុរសម្នាក់កំពុងតែមានគ្រោះថ្នាក់ និងរថភ្លើងបានបើកមកដល់។»

អ្នកថតរូប បានការពារខ្លួនថា នៅជិតជនរងគ្រោះ មានមនុស្សជាច្រើនផ្សេងទៀត ដូច្នេះគេមិនគួរនឹង ទម្លាក់ការទទួលខុសត្រូវ​មក​លើគាត់តែម្នាក់ទេ។ គាត់បញ្ជាក់ថា «អ្វីដែលគួរអោយសោកស្ដាយ គឺមានមនុស្សជាច្រើន នៅជិតនោះ  អាចជួយជនរងគ្រោះបាន តែនៅពេលនោះ គ្រប់គ្នាដូចជាគាំងស្រឡាំងកាំង»។

តាមអ្នកថតរូបនេះ អ្វីៗបានកើតឡើង នៅក្នុងហេតុការណ៍ យ៉ាងរហ័ស​ជាទី​បំផុត ហើយគាត់មានការភ្ញាក់ផ្អើល នឹងការស្អប់ខ្ពើមរបស់សាធារណជនទូទៅ ទៅលើរូបថតនេះ។ គាត់សង្កត់ធ្ងន់ថា «ជាការពិត គឺខ្ញុំមិនអាចជួយជនរងគ្រោះបានទេ។ បើខ្ញុំអាច ខ្ញុំនឹងធ្វើ។ (...) នៅពេលខ្ញុំមើលរូបថតនេះ ជាលើកដំបូង ក្នុងពេលយប់បន្ដិចមក ខ្ញុំមានអារម្មណ៍ថាបេះដូង លោតខុសចង្វាក់ខ្លាំងណាស់។ វាពិបាកណាស់ ដែលបានឃើញឈុតឆាក នៃគ្រោះថ្នាក់នេះ។ នៅយប់​នោះ ខ្ញុំគេងមិនលក់សូម្បីបន្ដិច។ រហូតមកថ្ងៃនេះ ខ្ញុំនៅតែលឺសូរ ក្បាលជនរងគ្រោះបោកនឹងរថភ្លើង ប៉ាំង ប៊ុម ប៊ុម !!!»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...