រថភ្លើង​បុក​គ្នា​នៅ​អាល្លឺម៉ង់ បណ្ដាល​មក​ពី​«កំហុស​អចេតនា»

គ្រោះថ្នាក់លើផ្លូវដែក ដែលបានបង្កឲ្យមានមនុស្ស១០នាក់ស្លាប់ និង៨១នាក់រងរបួស នៅភាគខាងត្បូង នៃ​ប្រទេស​អាល្លឺម៉ង់ កាលពីថ្ងៃអង្គារទី៩ ខែកុម្ភៈនេះ បណ្ដាលមកពី«កំហុសអចេនា»។ ប្រព័ន្ធចាប់ហ្វ្រាំង​ស្វ័យ​ប្រវត្តិ របស់​រថភ្លើង ដែល​តាម​ធម្មតា ត្រូវ​មានដំណើរការជាបន្ទាន់នោះ បែរជាមិនមានសកម្មភាព ឬ​ប្រសិទ្ធិភាព​អ្វី​ទាំង​អស់។
Loading...
  • ដោយ: ឈូករ័ត្ន អត្ថបទ និងយកការណ៍៖ ឈូករ័ត្ន ([email protected]) - បារីស ថ្ងៃទី០៩ កុម្ភៈ ២០១៦
  • កែប្រែចុងក្រោយ: February 10, 2016
  • ប្រធានបទ: គ្រោះផ្លូវដែក
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បណ្ដាញផ្សព្វផ្សាយដ៏ធំ នៅភាគខាងត្បូង នៃប្រទេសអាល្លឺម៉ង់ បានស្រង់ប្រភពស្និតនឹងការស៊ើបអង្កេត មក​បញ្ជាក់​ថា បុគ្គលិកម្នាក់ ដែលធ្វើការនៅក្នុងការគ្រប់គ្រង ប្រព័ន្ធផ្លូវដែក នៅក្រុង «Bad Aibling» បាន​ធ្វើការ​បិទ ដោយ​«អចេតនា» នូវប្រព័ន្ធផ្ដល់សញ្ញា ដោយស្វ័យប្រវត្តិ របស់ផ្លូវដែក។

ដោយអះអាងបន្ថែម ពីប្រភពដែលយកជាការបានដដែលនោះ បណ្ដាញផ្សព្វផ្សាយបានបញ្ជាក់ទៀតថា គ្រោះថ្នាក់​លើផ្លូវដែក នៃរថភ្លើងពីរខ្សែ ដែលបានជល់គ្នា បង្កឲ្យមានមនុស្ស១០នាក់ស្លាប់ និង៨១នាក់រងរបួស បាន​បណ្ដាល​ពី​កំហុស ដែលមិនបានប្រុងប្រយ័ត្ន របស់បុគ្គលិក។ ប៉ុន្តែបុគ្គលិក ដែលជាប់ទាក់ទងក្នុងបញ្ហានេះ កំពុង​ស្ថិត​ក្នុង​ការ​ស្វែងរក អត្តសញ្ញាណនៅឡើយ។

សង្ស័យលើពីរចំណុច...

គ្រោះថ្នាក់បានកើតឡើង នៅវេលាម៉ោង៧ព្រឹក (ម៉ោងក្នុងស្រុក) រវាងរថភ្លើងពីរខ្សែរ នៅលើផ្លូវដែកមួយ ដែល​ភ្ជាប់​ក្រុង«Rosenheim» ទៅនឹងក្រុង«Holzkirchen» របស់ប្រទេសអាល្លឺម៉ង់។ ពីក្នុងចំណោ​មនុស្ស៨១​នាក់ ដែល​រង​របួស មាន១៨នាក់ រងរបួសធ្ងន់ និង៦៣នាក់ រងរបួសស្រាល។

បើតាមរដ្ឋមន្ត្រីដឹកជញ្ជូនអាល្លឺម៉ង់ លោក អាឡិចសេនឌ័រ ដូប្រ៊ីដ (Alexander Dobrindt) បានឲ្យដឹងថា ចំណុច​សង្ស័យ ទាក់ទងនឹងបញ្ហាបច្ចេកទេស និងកំហុសអចេតនា របស់បុគ្គលិកផ្លូវដែក កំពុងស្ថិត​ក្នុង​ការ​ស៊ើប​អង្កេត។ ប៉ុន្តែផ្លូវដែកទាំងនេះ ត្រូវបានការពារ ដោយប្រព័ន្ធ «PZB 90» មួយប្រភេទ ដែលកំណត់​ឲ្យ​រថភ្លើង​ទាំង​អស់ ត្រូវ​ចាប់​ហ្វ្រាំង ដោយ«ស្វ័យប្រវត្តិ» ដើម្បីបញ្ឈៀសការ«បុកគ្នា»របៀបនេះ។

បណ្ដាញ​ផ្សព្វផ្សាយដដែល បានរាយការណ៍ទៀតថា ប្រព័ន្ធផ្ដល់សញ្ញា ត្រូវបានបិទ ដែលជាមូលហេតុ បង្កភាព​យឺតយ៉ាវ​ដល់រថភ្លើងទីមួយ ក្នុងចំណោមរថភ្លើងទាំងពីរ ខណៈរថភ្លើងនេះ គួរតែបើកផុតផ្លូវដែកមួយនេះ និង​ឆ្លង​ផុត​ស្ពាន​ខាងមុខ ដែលជាផ្លូវដែកមួយផ្សេងទៀត រួចទៅហើយ។ រីឯរថភ្លើងទីពីរ ទំនងជាបានយក​ផ្លូវ​ដែក​នេះ ដោយចិត្តឯង ព្រោះបើប្រព័ន្ធផ្ដល់សញ្ញា ត្រូវបានបិទនោះ ភ្លើងសញ្ញានៅតាមផ្លូវដែក គួរតែចេញ​ពណ៌​ក្រហម ដើម្បី​បញ្ឈប់​រថភ្លើង កុំឲ្យមានចលនា រហូតមានភ្លើងបៃតងលោតឆេះមកវិញ។

បើតាមអ្នកជំនាញម្នាក់ ដែលបានផ្ដល់កិច្ចសម្ភាស ទៅឲ្យទស្សនាវដ្ដី «Bild» របស់អាល្លឺម៉ង់ បានអះអាងថា ការ​បិទ​ប្រព័ន្ធ​ផ្ដល់សញ្ញានេះ ក៏ជាមូលហេតុធ្វើឲ្យប្រព័ន្ធ «PZB 90» ដែលបង្ខំរថភ្លើងឲ្យចាប់ហ្វ្រាំង ដោយ​ស្វ័យ​ប្រវត្តិ ត្រូវ​​ខកខាន​លែងមានដំណើរការដូចគ្នា។ គួររំលឹកដែរថា ប្រព័ន្ធ «PZB 90» ត្រូវបានស្រាវជ្រាវ និងដាក់​ឲ្យ​​ដំណើរ​​ការ នៅក្នុងប្រទេសអាល្លឺម៉ង់ បន្ទាប់ពីគ្រោះថ្នាក់រថភ្លើងជល់គ្នា ដែលបង្កមហន្តរាយ​ប្រហាក់ប្រហែល​គ្នា កាល​ពី​ឆ្នាំ​២០១១​កន្លងមក៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...