សូម៉ាលី៖ នាំ​យក​កំព្យូទ័រ​យួរ​ដៃ​បង្កៃ​គ្រាប់បែក បំផ្ទុះ​ក្នុង​យន្ដហោះ​

អាជ្ញាធររបស់ប្រទេសសូម៉ាលី បានធ្វើការឃាត់ខ្លួន អ្នកទទួលខុសត្រូវផ្នែកអាកាសចរណ៍ ជាច្រើននាក់ ពី​បទ​ជាប់​សង្ស័យ នៅក្នុងភេរវកម្មដាក់បំផ្ទុះគ្រាប់បែក នៅក្នុងយន្ដហោះ នៃក្រុមហ៊ុន «Daallo Airlines » កាល​ពី​ដើម​សប្ដាហ៍​កន្លង​ទៅ។ នេះបើតាមការអះអាង របស់ប្រភពស្និតនឹងការស៊ើបអង្កេត។
Loading...
  • ដោយ: សេក មនោរកុមារ អត្ថបទ និងយកការណ៍៖ សេក កុមារ ([email protected]) - បារីស ថ្ងៃទី០៩ កុម្ភៈ ២០១៦
  • កែប្រែចុងក្រោយ: February 09, 2016
  • ប្រធានបទ: ភេវរកម្ម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

រដ្ឋាភិបាល នៃប្រទេសសូម៉ាលី (ក្នុងទ្វីបអាហ្វ្រិកខាងលិច) បានប្រកាសទទួលស្គាល់ថា យន្ដហោះប្រភេទ អ៊ែរប៊ូស (A321) របស់ក្រុមហ៊ុន «Daallo Airlines» ពិតជាទិសដៅ នៃអំពើភេរវកម្មដាក់បំផ្ទុះគ្រាប់បែក និង​មិន​មែន​ជាការផ្ទុះ ដែលកើតឡើង ដោយសារបញ្ហា​សម្ពាធខ្យល់ នៅលើយន្ដហោះ ដូចការលើកឡើងមុនៗ​នោះ​ទេ។ រដ្ឋមន្ត្រីដឹកជញ្ជូនរបស់ប្រទេសសូម៉ាលី លោក អាមេដ ចាម៉ា (Ahmed Jama) បានថ្លែងទៅ​កាន់​អ្នក​សារព័ត៌មាន​ថា អ្នកស៊ើបអង្កេតបានរកឃើញ ថាគ្រាប់បែកមួយគ្រាប់ ត្រូវបានយកទៅដាក់លើយន្ដហោះ ដែល​ហោះ​ចេញ​ពី​ព្រលានយន្ដហោះ នៃរដ្ឋធានី ម៉ូហ្គាឌីស៊ីយ៉ូ (Mogadiscio) របស់ប្រទេសសូម៉ាលី ឆ្ពោះ​ទៅ​កាន់​ប្រទេស ដ្យីប៊ូទី (Djibouti - ក្នុងទ្វីបអាហ្វ្រិកខាងលិច)។

កាលពីថ្ងៃអង្គារទី ២ ខែកុម្ភៈ ឆ្នាំ២០១៦ យន្ដហោះដែលមានផ្ទុកអ្នកដំណើរ ៧៤នាក់ ត្រូវបង្ខំចិត្តហោះត្រឡប់ មកធ្វើការចុះចតជាបន្ទាន់ នៅព្រលានយន្ដហោះ ម៉ូហ្គាឌីស៊ីយ៉ូ វិញ បន្ទាប់ពីយន្ដហោះនេះ បានងើបខ្លួន​ហោះ​ចេញ បាន១៥នាទី ហើយបានរងគ្រោះ ពីការបំផ្ទុះដ៏ខ្លាំងមួយ ដែលបង្កឲ្យមានប្រហោង នៅនឹងជញ្ជាំង​យន្ដហោះ ប្រមាណ​ជា១ម៉ែត្រ។ សំណាងល្អ ដែលប្រព័ន្ធបញ្ជាយន្ដហោះ មិនរងការប៉ះពាល់ ហើយអ្នកបើកបរ​បាន​សម្រេច​បត់​យន្ដហោះ​ត្រឡប់​មកចុះចត នៅព្រលានយន្ដហោះដើមវិញ ដោយសុវត្ថិភាព។

» ទិដ្ឋភាពក្នុងយន្ដហោះ នៅក្រោយការផ្ទុះ៖

អ្នកដំណើរពីរនាក់ បានរងរបួសស្រាល និងត្រូវបានបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យ។ ប៉ុន្តែអាជ្ញាធរ​បាន​រក​ឃើញ សាកសពមួយ​ដែលត្រូវបានបំប៉ើង ខ្ទាតចេញពីយន្ដហោះ (ព្រោះការផ្ទុះនោះ) នៅចំងាយប្រមាណ​ជា​៣០គីឡូម៉ែត្រ ពីរដ្ឋធានី របស់ប្រទេសសូម៉ាលី។​ សាកសពនោះ មានឈ្មោះ «Abdulahi Abdisalam» និង​ត្រូវ​បានសង្ស័យថា ជាអ្នកយកគ្រាប់បែក ឡើងដាក់ទៅក្នុងយន្ដហោះ។ បញ្ហាដែលគេចង់ដឹង ថា​តើ​ភេរវជន អាច​នាំ​យក​គ្រាប់​បែក ឡើងចូលទៅដល់ក្នុងយន្ដហោះ យ៉ាងដូចម្ដេចកើត?

បើតាមនាយកក្រុមហ៊ុន «Daallo Airlines» លោក ម៉ូហាមេដ យ៉ាស៊ីន (Mohamed Yassin) បាន​ឲ្យ​ដឹង​ថា តាម​ការពិនិត្យឲ្យដិតដល់ទៅ ជន «Abdulahi Abdisalam» (ដែលខ្ទាតចេញក្រៅយន្ដហោះ ហើយ​ស្លាប់) គ្មាន​ការងារ​អ្វី ដែលត្រូវមានវត្តមាន នៅក្នុងយន្ដហោះ របស់ក្រុមហ៊ុនលោកឡើយ។ តែជននេះ បាន​ចូល​​ទៅ​ក្នុង​យន្ដហោះ ដោយប្រើប័ណ្ណ ជាភ្នាក់ងាររបស់ក្រុមហ៊ុនអាកាសចរណ៍ «Turkish Airlines» របស់​ប្រទេស​ទួរគី។

កាលពីថ្ងៃអាទិត្យកន្លងមកនេះ ក្រុមអ្នកស៊ើបអង្កេត របស់ប្រទេសសូម៉ាលី បានផ្សាយជាផ្លូវការ នូវវីដេអូ​សុវត្ថិភាព​​មួយ (សូមទស្សនាវីដេអូខាងក្រោម) ដែលបង្ហាញថា ជនខាងលើបានចូល ទៅក្នុងយន្ដហោះ ជា​មួយ​នឹង​​កំព្យូទ័រ​យួរដៃមួយគ្រឿង។ កំព្យូទ័រនេះ ទើបនឹងត្រូវបានបុគ្គលិកពីរនាក់ របស់ព្រលានយន្ដហោះ ប្រគល់​ទៅ​ឲ្យ​​ជន​​ខាង​លើ នៅក្នុងលំហរង់ចាំចូលយន្ដហោះ។ អ្នកស៊ើបអង្កេត បានគិតថា នៅក្នុងកំព្យូទ័រនោះ ទំនង​ជា​មាន​​បង្កៃ​​គ្រាប់​​បែក។ នាយនគរបាលសូម៉ាលី លោក ម៉ូហាមេដ ហាសាន់ ហាមូដ (Mohamed Hassan Hamoud) បាន​ថ្លែង​ថា៖ «កំព្យូទ័រយួរដៃ ត្រូវបានយកមកប្រើ ដើម្បីធ្វើការវាយប្រហារ នៅ​ក្នុង​យន្ដហោះ។ តែ​អ្នក​​ជំនាញ​​កំពុង​ធ្វើការ​ពិនិត្យ ទៅលើសំនុំរឿងនេះ ជាបន្តទៅទៀត។»

» រូបភាពកាម៉េរ៉ាសុវត្ថិភាព បង្ហាញពីជនសង្ស័យ ទទួលយក​កំព្យូទ័រយួរដៃមួយគ្រឿង ពីបុគ្គលិក​ព្រលាន​យន្ដហោះ៖

ប្រភពមួយដែលស្និតនឹងការស៊ើបអង្កេត ត្រូវបានទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ ស្រង់សំដីមករាយការណ៍ថា អាជ្ញាធរបានសង្ស័យ ថាគម្រោងការបំផ្ទុះគ្រាប់បែក នៅក្នុងយន្ដហោះនេះ ត្រូវបានរៀបចំធ្វើឡើង ដោយ​អ្នក​ទទួល​ខុសត្រូវ ផ្នែកអាកាសចរណ៍ នៅនឹងព្រលានយន្ដហោះផ្ទាល់តែម្ដង។ អ្នកទទួលខុសត្រូវទាំងនោះ ជា​ច្រើន​នាក់ ត្រូវបានអាជ្ញាធរឃាត់ខ្លួន កាលពីចុងសប្ដាហ៍មុន រហូតចូលមកដើមសប្ដាហ៍នេះ។

ភេរវកម្មបំផ្ទុះគ្រាប់បែកខាងលើ នៅមិនទាន់ត្រូវបានក្រុមណាមួយ ចេញមុខមកអះអាង ទទួលខុស​ត្រូវ​នៅ​ឡើយ។ នាពេលកន្លងមក ក្រុមអ៊ីស្លាមនិយមតឹង នៅក្នុងប្រទេសសូម៉ាលី ឈ្មោះ «Al-Shabbaab» តែង​ធ្វើការ​វាយ​ប្រហារ និងធ្វើភេរវកម្មអត្តឃាត ជាញយដង នៅក្នុងរដ្ឋធានី ម៉ូហ្គាឌីស៊ីយ៉ូ និងនៅតំបន់ជុំវិញ។ ផ្នែក​មួយ​របស់​ក្រុមនេះ ជាផ្នែកមួយនៃបណ្ដាញភេរវនិយម អាល់កៃដា (al-Qaida) ប៉ុន្តែសកម្មជនស្ម័គ្រប្រយុទ្ធ​ផ្សេង​ទៀត របស់​ក្រុម​ដដែល បានប្រកាសខ្លួន ថាជាសមាជិករបស់ក្រុមរដ្ឋអ៊ីស្លាម (ពាក្យអារ៉ាប់ហៅ Daech ពាក្យ​កាត់​​បារាំង​ហៅ EI ពាក្យ​កាត់​អង់គ្លេស​ហៅ ISIS)៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...