បាញ់កាំជ្រួច៖ អ.ស.ប. ប្រកាសថ្កោលទោសកូរ៉េខាងជើង និងត្រៀមទណ្ឌកម្មបន្ថែម
- ដោយ: កេសរ កូល អត្ថបទ៖ កេសរកូល ([email protected]) - ភ្នំពេញ ថ្ងៃទី០៩ កុម្ភៈ ២០១៦
- កែប្រែចុងក្រោយ: February 09, 2016
- ប្រធានបទ: កូរ៉េខាងជើង
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ប្រតិកម្មរបស់សហគមន៍អន្តរជាតិ ប្រឆាំងនឹងសកម្មភាពរបស់ក្រុងព្យុងយ៉ាង បានធ្លាក់ចុះមកជាបន្តបន្ទាប់។ ប៉ុន្តែប្រតិកម្មដែលចេញ ពីអង្គការសហប្រជាជាតិ ដែលជាអង្គការដ៏កំពូល របស់ពិភពលោក បានកើតឡើងនៅក្នុងថ្ងៃតែមួយ នៃការបាញ់សាងល្បង កាំជ្រួចរយៈឆ្ងាយ របស់ប្រទេសកូរ៉េខាងជើង។
ក្រោយពីត្រូវបានកោះប្រជុំ ជាបន្ទាន់ភ្លាមៗ នៅស្នាក់ការកណ្ដាលរបស់ខ្លួន នាក្រុង ញ៉ូយក សហរដ្ឋអាមេរិក ក្នុងរសៀលថ្ងៃអាទិត្យ ទី៧ ខែមករា ឆ្នាំ២០១៦នេះរួច ក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ បានសម្រេចធ្វើការផ្តន្ទាទោស ដោយម៉ឺងម៉ាត់បំផុត ប្រឆាំងនឹងប្រទេសកុម្មុយនីស ហើយបានអះអាងជាថ្មីថា ពីបំណងរបស់អង្គការដ៏ធំ របស់ពិភពលោក ក្នុងការដាក់ទណ្ឌកម្មធ្ងន់ធ្ងរ ដើម្បីការឆ្លើយតប ទៅនឹងគម្រោងការអភិវឌ្ឍន៍ អាវុធនុយក្លេអ៊ែរ របស់ប្រទេសនេះ។
តំណាងអចិន្ត្រៃយ៍ របស់ប្រទេសវេណេហ្សុយអេឡា នៅអង្គការសហប្រជាជាតិ លោក «Rafael Dario Ramirez Carreno» ដែលដឹកនាំការប្រជុំជាបន្ទាន់នោះ បានអះអាងថា ការបាញ់កាំជ្រួចជាថ្មីនេះ បានរំលោភខ្លាំងក្លា ទៅលើដំណោះស្រាយ របស់ក្រុមប្រឹក្សាសន្តិសុខ ដែលបានដាច់ចេញ កាលពីពេលកន្លងមក។
សម្រាប់សហគមន៍អ៊ឺរ៉ុបវិញ បានបរិហារពីការប្រើប្រាស់បច្ចេកវិទ្យា ទាក់ទងនឹងកាំជ្រួច របស់ប្រទេសកូរ៉េខាងជើង។ តំណាងជាន់ខ្ពស់របស់សហគមន៍អ៊ឺរ៉ុប លោក «Federica Mogherini» បានថ្លែងនៅក្នុងឱកាសនេះ ដើម្បីធ្វើការអំពាវនាវ ឲ្យមានការជជែកពិភាក្សាគ្នាឡើងវិញ។ ប្រតិកម្មខាងលើនេះ ក៏មិនខុសគ្នាប៉ុន្មាន ពីការលើកឡើង របស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (Nato/ Otan) នោះដែរ។ អង្គការអន្តរជាតិមួយនេះ បានអំពាវនាវទៅក្រុង ព្យុងយ៉ាង ឲ្យបញ្ឈប់នូវសកម្មភាព«បង្ករឿង» តទៅទៀត។
កាលពីថ្ងៃអាទិត្យ ទូរទស្សន៍ជាតិរបស់ប្រទេសកូរ៉េខាងជើង បានអះអាងថា ការបាញ់កាំជ្រួចរបស់ប្រទេសផងខ្លួន បានអនុញ្ញាតឲ្យប្រទេសនេះ ដាក់ឲ្យដំណើរការនូវប្រព័ន្ធផ្កាយរណប ឈ្មោះ «Kwangmyong» ទី៤ ដើម្បីឃ្លាំពិនិត្យមើលមកផែនដី។ របបកុម្មុយនីសក្រុង ព្យុងយ៉ាង បានបញ្ជាក់ទៀតថា កម្មវិធីអវកាសរបស់ខ្លួន មានលក្ខណៈបម្រើឲ្យ«វិទ្យាសាស្ត្រ»សុទ្ធសាធ ដែលផ្ទុយពីការលើកឡើង របស់ការលើកឡើង របស់ប្រទេសជិតខាង និងអ្នកឃ្លាំមើលសភាពការណ៍ នៅក្នុងតំបន់។
ក្រុមអ្នកជំនាញ បានបង្ហាញការបារម្ភ របស់ពួកគេ ថាការបាញ់កាំជ្រួច របស់កូរ៉េខាងជើងនេះ អាចជាជំហាន ទៅរកការសាកល្បងអាវុធរយៈឆ្ងាយ និងជាការបន្ថែមសមត្ថភាព ទៅក្នុងវិស័យយោធារបស់ខ្លួន ក្នុងការវាយប្រហារសហរដ្ឋអាមេរិក។
ចំពោះឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅអង្គការសហប្រជាជាតិ អ្នកស្រី សាមនថា ផាវ័រ (Samantha Power) បានថ្លែងឡើងថា៖ «យើងនឹងរងចាំមើល ពីអ្វីដែលក្រុមប្រឹក្សាសន្តិសុខកំណត់ ក្នុងការដាក់ទណ្ឌកម្ម ដ៏ចាំបាច់មួយ»។ គួររំលឹកដែរថា បន្ទាប់ពីការសាកល្បងគ្រាប់បែក របស់កូរ៉េខាងជើង នៅថ្ងៃទី៦ ខែមករា កន្លងមកនេះ សហរដ្ឋអាមេរិក និងប្រទេសចិន បានព្រមព្រៀងគ្នា ស្ដីពីការដាក់ទណ្ឌកម្មថ្មីៗ បន្ថែមទៀត ទៅលើប្រទេសកូរ៉េខាងជើង ដែលជាមិត្តយុទ្ធសាស្ត្រ និងប្រវត្តិសាស្ត្រ របស់ប្រទេសចិន៕