តើនរណា ដែលវាយតឺនីសយកឈ្នះលើកីឡាករ ដ្យូកូវិក បាន?
- ដោយ: ជ័យវិបុល អត្ថបទ ៖ ជ័យវិបុល ([email protected]) - ប៉ារីស ថ្ងៃទី៣១ មករា ២០១៦
- កែប្រែចុងក្រោយ: February 02, 2016
- ប្រធានបទ: វាយបាល់លើវាលរាប
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ការជួបប្រកួតគ្នា នៃកីឡាតឺនីស នៅក្នុងក្រុងមែនប៊ន ប្រទេសអូស្ត្រាលី មានរយៈពេលមួយខែត្រឹម។ ប៉ុន្តែបើនិយាយ ពីការចាប់ផ្ដើមឆ្នាំ២០១៦ដំបូងនេះ វាហាក់ដូចជាលឿនពេកហើយ ដោយសារតែគេមិនដឹងថា ថាតើនរណាមួយ ដែលអាចយកឈ្នះ លើកំពូលជើងឯកច្រើនជំនាន់ ជាតិសែប៊ី កីឡាករ ណូវ៉ាស ដ្យូកូវិក (Novak Djokovic) បាននោះ។
យើងសាកល្បងងាកមកមើល ការប្រកួតធំៗទាំងឡាយ នាពេលកន្លងមក ដែលបានបង្ហាញថា កីឡាករ ដ្យូកូវិក បានឈ្នះ១១ដង ចាញ់ម្ដង។ ជ័យជំនះចុងក្រោយ នៅក្នុងការប្រកួត នាប្រទេសអូស្ត្រាលីលើកនេះ កីឡាករជាតិសែប៊ី បានបំបាក់កីឡាករតឺនីស អែនឌី មៀរ៉េ (Andy Murray) ជាតិអង់គ្លេស នៅក្នុងវគ្គផ្ដាច់ព្រ័ត្រ ដើម្បីយកពានរង្វាន់ «អូស្ត្រាលៀន អូភេន (Australian Open)»។
រីឯកំពូលជើងឯកជាតិអេស្ប៉ាញ កីឡាករ រ៉ាហ្វាអែល ណាដាល់ (Rafael Nadal) វិញ បានឈ្នះយកពានរង្វាន់ធំៗ (ដែលរៀបចំឡើង ដោយសហព័ន្ធកីឡាតឺនីសអន្តរជាតិ នៅ៤ប្រទេស ក្នុងពិភពលោក) មានចំនួន៩ដង ចាញ់ម្ដង ខណៈកំពូលកីឡាករវាយតឺនីស ដ៏ល្បីមួយរូបទៀត ជាតិស្វីស កីឡាករ រ៉ូជើរ ហ្វេដឺរ៉េ (Roger Federer) បានឈ្នះការប្រកួតធំៗ រហូតមកដល់ពេលនេះ១៧ដង។ សំនួរសួរថា តើចាប់ពីពេលនេះទៅ មានកីឡាករណាមួយ ដែលអាចបង្ក្រាបកីឡាករ ដ្យូកូវិក កុំឲ្យឈានទៅបំបែក តួលេខរបស់កីឡាករស្វីស រ៉ូជើរ ហ្វេដឺរ៉េ ខាងលើនេះបាន?
មិនមែនគ្មានកីឡាករណាម្នាក់ ដែលមិនអាចបំបាក់កីឡាករ ដ្យូកូវិក បាននោះទេ ព្រោះកីឡាករ ដែលបានបង្អាក់ ដ្យូកូវិក មិនឲ្យឈ្នះ នៅវគ្គផ្ដាច់ព្រ័ត្របាន ដល់ទៅ២ដង នាពេលកន្លងមកនោះ គឺកីឡាករជាតិស្វីស ស្ដេន វ៉ានរីនកា (Stan Wawrinka)។ ជ័យជំនះរបស់កីឡាករ ស្តេន ទៅលើកីឡាករ ដ្យូកូវិក មាន៖ លើកទីមួយ នៅក្នុងការជួបប្រកួត រ៉ូឡង់ ហ្គារូស (Roland-Garros) នារដ្ឋធានីប៉ារីស ប្រទេសបារាំង កាលពីឆ្នាំទៅម៉ិញ និងលើកទីពីរ នៅក្នុងការជួបប្រកួត អូស្ត្រាលៀន អូភេន នាក្រុងមែលប៊ន ប្រទេសអូស្ត្រាលី កាលពីឆ្នាំ២០១៤៕