តឺនីស៖ ណាដាល់បង្កើតប្រវត្តិសាស្រ្តថ្មីមួយ បន្ទាប់ពីឈ្នះហ្រ្វេនអូផិន
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: June 10, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
កីឡាករវាយតឺនីសអេស្ប៉ាញ រ៉ាហ្វាអែល ណាដាល់ (Rafael Nadal) បានក្លាយជាកីឡាករដំបូងគេបង្អស់ ដែលបានឈ្នះពានរង្វាន់ហ្រ្វេនអូផិន (French Open) ៨សម័យកាល កាលពីថ្ងៃអាទិត្យម្សិលមិញ បន្ទាប់ពីគាត់បានយកឈ្នះមិត្តរួមជាតិអេស្ប៉ាញដូចគ្នា ដេវីដ ហ្វឺរ៉ឺ (David Ferrer) ៣សិតជាប់ៗគ្នា។
កីឡាករ រ៉ាហ្វាអែល ណាដាល់ ជាមួយនឹងពានរង្វាន់ថ្មីរបស់គាត់។ (រូបថត AFP KENZO TRIBOUILLARD)
ការប្រកួតនៅក្នុងតារាងហ្វីលីប ឆាទ្រីយើ (Phillipe Chatrier) ណាដាល់ បានចំណាយពេលអស់ ២ម៉ោង និង១៧នាទី ហើយបានយកឈ្នះហ្វឺរ៉ឺ ដោយលទ្ធផល ៦-៣, ៦-២ និង ៦-៣។
កីឡាករវ័យ ២៧ឆ្នាំ (ណាដាល់) បច្ចុប្បន្នបានឈ្នះពានរង្វាន់ហ្គែនស្លាម (grand slam) ចំនួន១២ហើយ បន្ទាប់ពីគាត់ឈ្នះនៅវីមប្លីដុន (Wimbledon) ចំនួន២លើក អូស្ត្រាលានអូផិន (Australian Open) ១លើក និងយូអេសអូផិន (US Open) ១លើកទៀត។
ការឈ្នះពានរង្វាន់នៅហ្រ្វេនអូផិនចំនួន៨លើកនេះ បានធ្វើឲ្យណាដាល់ មានកំណត់ត្រាថ្មីមួយនៅពីលើអតីតកីឡាករអាមេរិក ផិតេ សាមប្រាស (Pete Sampras) និងកីឡាករស្វីស រ៉ចឺ ហ្វឺដឺរ៉ឺ (Roger Federer) ដែលអ្នកទាំង២នោះ បានឈ្នះពានរង្វាន់វីមប្លីដុនចំនួន៧លើកដូចគ្នា។
ការប្រកួតនៅក្នុងទីក្រុងបារីស ហាក់ដូចជាមានការរំខានបន្តិច ខណៈដែលណាដាល់ត្រៀមនឹងប្រកួតសិតទី២ ដោយសារតែមានភ្លៀងធ្លាក់ ធ្វើឲ្យប៉ះពាល់ដល់ទីលានប្រកួតបន្តិចបន្តួច និងអ្នកទស្សនាផងដែរ។
ណាដាល បាននិយាយថា «ខ្ញុំជាបុរសដែលចូលចិត្តគិតអ្វីជាវិជ្ជមាន បើទោះបីជាមានបញ្ហាអ្វីនៅក្នុងជីវិតរបស់ខ្ញុំក៏ដោយ។ ខ្ញុំបានខិតខំយ៉ាងខ្លាំងបំផុត ដើម្បីបានឡើងមកឈរទីនេះ។ ខ្ញុំមិនមានអារម្មណ៏ថា របួសរបស់ខ្ញុំអាចមានសភាពដូចដើមទេ ហើយខ្ញុំយល់ថា វាដូចជាមានការខុសប្លែកពីលើកមុន។ ប៉ុន្តែពេលនេះ វាជារឿងធម្មតាទៅហើយ ព្រោះខ្ញុំបានហ្វឹកហាត់ឲ្យក្លាយជាទម្លាប់ហើយ។»
ចំពោះលទ្ធផលការប្រកួតវិញ ណាដាល់បាននិយាយថា «វាពិតជាអស្ចារ្យខ្លាំងណាស់។ វាជាជ័យជំនះដ៏សំខាន់បំផុតសម្រាប់ខ្ញុំ ហើយវាពិតជាធ្វើឲ្យខ្ញុំពេញចិត្តជាទីបំផុត ខណៈដែលមានកីឡាករល្អជាច្រើន បានមកចូលរួមប្រកួតនេះ ហើយខ្ញុំក៏ស្ទើរតែមិនជឿខ្លួនឯងដែរ ថាអាចធ្វើបានល្អដូចនេះ៕»
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ