តឺនីស៖ ហ្វេដឺរ៉ឺ ចង់បញ្ចប់សុបិន្ដរបស់ជនជាតិបារាំង
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: June 05, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
កីឡាករវាយតឺនីស រ៉ចឺ ហ្វេដឺរ៉ឺ (Roger Federer) សង្ឃឹមថានឹងទទួលបានកំណត់ត្រាថ្មីមួយទៀត ហើយក៏មានមហិច្ឆតាចង់បញ្ចប់ក្តីសង្ឃឹមរបស់បារាំង ដែលខំរងចាំអស់រយះពេល៣០ឆ្នាំមកនេះ ក្នុងការចង់ក្លាយជាម្ចាស់ជើងឯកឯកត្តជនបុរស ក្នុងកម្មវិធីរ៉ូឡែន ហ្គារូស (Roland Garros) ដែរ។
បន្ទាប់ពីទម្លាក់កីឡាករបារាំង ហ្គាឡែស ស៊ីម៉ុន (Gilles Simon) កាលពីវគ្គ១៦នាក់ចុងក្រោយរួចមក កីឡាករលំដាប់លេខ៣ពិភពលោករូបនេះ ត្រូវជួបជាមួយកីឡាករបារាំងមួយរូបទៀត នៅក្នុងវគ្គ៨នាក់ចុងក្រោយ ហើយក៏ជាកីឡាករបារាំងតែ១រូបគត់ដែរ ដែលឡើងដល់វគ្គនេះ។ ហ្វេដឺរ៉ឺ នឹងត្រូវតតាំងជាមួយកីឡាករ ចូវីលហ្វ្រេដ ធីសុងហ្គា (Jo-Wilfried Tsonga) នៅយប់ថ្ងៃអង្គារ៏នេះ។
ម្ចាស់ជើងឯកឆ្នាំ២០០៩ (ហ្វេដឺរ៉ឺ) នឹងលេងក្នុងវគ្គ១ភាគ៤ផ្តាច់ព្រ័ត្រនេះ ជាលើកទី៣៦របស់គាត់ ហើយបើគាត់ឈ្នះនោះ នឹងក្លាយជាជ័យជំនះលើកទី៥៩របស់គាត់ផងដែរ នៅក្នុងព្រឹត្តិការណ៏ហ្វ្រេនអូផិន (French Open)។
បើហ្វេដឺរ៉ឺ អាចយកឈ្នះកីឡាករធីសុងហ្គានៅយប់នេះ មានន័យថាការទទឹងរងចាំរបស់ប្រជាជនបារាំង អស់រយៈពេល៣០ឆ្នាំ ដើម្បីចង់ឃើញកីឡាកររបស់ខ្លួនក្លាយជាម្ចាស់ជើងឯកនោះ នឹងត្រូវបានរលាយសាបសូន្យ ខណៈដែលកីឡាករធីសុងហ្គា ជាកីឡាករបារាំងតែម្នាក់គត់ ឆ្លងមកដល់វគ្គ១ភាគ៤ផ្តាច់ព្រ័ត្រ។
កីឡាករហ្វេដឺរ៉ឺ បាននិយាយថា «ខ្ញុំរងចាំការប្រកួត ជាមួយធីសុងហ្គា។ វាជាការប្រកួតដ៏ធំ ដែលត្រូវលេងជាមួយគាត់នៅក្នុងទីក្រុងប៉ារីសនេះ។ គាត់ជាមិត្តភក្តិដ៏ល្អរបស់ខ្ញុំ ប៉ុន្តែពេលនេះ យើងទាំង២នាក់កំពុងតែផ្តោតអារម្មណ៏ ទៅលើការប្រកួតមួយនេះ។»
រីឯកីឡាករធីសុងហ្គា ក៏មានការជឿជាក់លើខ្លួនរបស់គាត់ខ្លាំងដែរ ដោយគាត់បាននិយាយថា «ដ៏រាបណា ការប្រកួតមិនទាន់ចប់ ខ្ញុំនៅតែមានសង្ឃឹម។ ខ្ញុំនឹងប្រយុទ្ធដោយស្វិតស្វាញជាទីបំផុត។»
គួរបញ្ជាក់ថា អ្នកឈ្នះក្នុងការប្រកួតនេះ នឹងត្រូវឡើងទៅជួបជាមួយនឹងកីឡាករ ដេវីដ ហ្វឺរ៉ឺ (David Ferrer) ឬថុមី រ៉ូប្រេដូ (Tommy Robredo) នៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែលកីឡាករទាំង២រូបនេះ សុទ្ធសឹងតែជាកីឡាករសញ្ជាតិអេស្ប៉ាញ ហើយនឹងធ្វើការប្រកួតក្នុងយប់នេះ ដូចគ្នា៕
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ