តឺនីសនារី៖ លេខ២ ប៉ះលេខ១ពិភពលោក ក្នុងវគ្គផ្តាច់ព្រ័ត្រ
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: June 07, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
កីឡាការិនីវាយតឺនីស លំដាប់លេខ២ពិភពលោក ម៉ារៀ សារ៉ាប៉ូវ៉ា (Maria Sharapova) និងត្រូវឡើងទៅជួបកីឡាការិនីលេខ១ពិភពលោក សេរ៉េណា វីលៀម (Serena Williams) ក្នុងការប្រកួតផ្តាច់ព្រ័ត្រហ្វ្រេនអូផិន (French Open) នៅថ្ងៃសៅរ៏ ទី០៨ស្អែកនេះ។
កីឡាការិនី ម៉ារៀ សារ៉ាប៉ូវ៉ា ជើងឯកពិភពលោកលំដាប់លេខពីរ។ (រូបថត independent.co.uk)
ម្ចាស់ការពារដំណែងជើងឯក សារ៉ាប៉ូវ៉ា បានយកឈ្នះអតីតកីឡាការិនីលេខ១ពិភពលោករបស់ប៉េឡារូស ដោយលទ្ធផល ៦-១, ២-៦ និង ៦-៤ ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហ្វ្រេនអូផិន។
រីឯកីឡាការិនីអាមេរិក វីលៀម បានទម្លាក់កីឡាការិនីអ៊ីតាលី សារ៉ា អឺរ៉ានី (Sara Errani) ២សិតជាប់គ្នា ដោយលទ្ធផល ៦-០ និង ៦-១ ហើយបានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រជាលើកដំបូង គិតចាប់ពីនាងបានយកឈ្នះពានរង្វាន់នេះ តាំងតែពីឆ្នាំ២០០២មក។
កីឡាការិនីរុស្ស៊ី (សារ៉ាប៉ូវ៉ា) បាននិយាយថា «បានត្រឡប់មកការពារដំណែងជើងឯកនេះ វាជារឿងដ៏ពិសេសខ្លាំងណាស់ សម្រាប់នាងខ្ញុំ។ មុននឹងដល់វគ្គនេះ នាងខ្ញុំមានការលំបាកជាខ្លាំងក្នុងការយកឈ្នះកីឡាការិនីទាំងនោះ ប៉ុន្តែនាងខ្ញុំសង្ឃឹមថានឹងធ្វើបានល្អទៀត ក្នុងវគ្គផ្តាច់ព្រ័ត្រនេះ។»
បន្ទាប់ពីចាញ់ក្នុងសិតទី២ សារ៉ាប៉ូវ៉ា ហាក់ដូចជាមានសង្ឃឹម ៥០-៥០ នៅក្នុងសិតទី៣ តែទោះជាយ៉ាងណា នាងធ្វើបានល្អពិតមែន។
សារ៉ាប៉ូវ៉ា បានបន្តថា «បើទោះបីជានាងខ្ញុំ ធ្លាក់នៅក្នុងវគ្គនោះ និងមិនបានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រក៏ដោយ ក៏នាងខ្ញុំរីករាយដែរ។»
ចំណែកឯកីឡាការិនី វីលៀម ដែលបានទទួលជ័យជំនះលើកទី៣០របស់នាងនោះ បាននិយាយថា « ក្នុងការប្រកួតនោះ នាងខ្ញុំពិតជាធ្វើបានល្អណាស់ ហើយស្ទើរតែមិនជឿខ្លួនឯង»។
កីឡាការិនីវ័យ៣១ឆ្នាំ បានបន្ថែមថា «ចំពោះការប្រកួតផ្តាច់ព្រ័ត្រនេះ នាងខ្ញុំក៏ពុំសូវមានក្តីព្រួយបារម្មណ៏ដែរ នាងខ្ញុំគ្រាន់តែធ្វើអ្វីឲ្យបានល្អសម្រាប់ខ្លួនឯង និងកុំឲ្យមានកំហុសឆ្គងទៅបានហើយ។»
កីឡាការិនី អឺរ៉ានី ដែលធ្លាក់ក្រោមថ្វីដៃកីឡាការិនី វីលៀម បាននិយាយថា «នាង (វីលៀម) លេងពិតជាមិនគួរឲ្យជឿ។ នៅពេលនាងលេងបានល្អដូចនោះ សម្រាប់នាងខ្ញុំពិតជាពិបាកលេងណាស់។ នាងខ្លាំងណាស់ ដូច្នេះនាងខ្ញុំពិតជាមិនអាចធ្វើអ្វីបានឡើយ៕»
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ