ពាក្យ​វែង​ជាង​គេ​ក្នុង​ពិភពលោក៖ អ៊ឺរ៉ុប​បោះបង់​ពាក្យ​មួយ​ពី​ចំណោម​នោះ

បើអ្នកមិនមែនជាជនជាតិអាឡឺម៉ង់ ហើយអ្នកចង់អានពាក្យទាំងនេះ អ្នកត្រូវអត់ដង្ហើមយ៉ាងហោចណាស់ក៏៥នាទីដែរ។ ពាក្យដ៏វែងៗកើតពីការផ្គុំពាក្យជាច្រើនោះ មិនត្រឹមតែបានធ្វើឲ្យគេឯងពិបាកនឹងចាំ ថាតើត្រូវសរសេរឲ្យត្រូវគ្រប់តួអក្សរនោះទេ តែក៏ពិបាកសរសេរ ដាក់នៅក្នុងប្រអប់បញ្ជីសៀវភៅនានានោះដែរ។
Loading...
  • ដោយ: ឈូករ័ត្ន
  • កែប្រែចុងក្រោយ: June 08, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បើអ្នកមិនមែនជាជនជាតិអាឡឺម៉ង់ ហើយអ្នកចង់អានពាក្យទាំងនេះ អ្នកត្រូវអត់ដង្ហើមយ៉ាងហោចណាស់ក៏៥នាទីដែរ។ ពាក្យដ៏វែងៗកើតពីការផ្គុំពាក្យជាច្រើននោះ មិនត្រឹមតែបានធ្វើឲ្យគេឯងពិបាកនឹងចាំ ថាតើត្រូវសរសេរឲ្យត្រូវគ្រប់តួអក្សរ នោះទេ តែក៏ពិបាកសរសេរ ដាក់នៅក្នុងប្រអប់បញ្ជីសៀវភៅនានានោះដែរ។


ពាក្យមួយ ក្នុងចំណោមពាក្យដ៏វែងៗ នៃភាសាអាឡឺម៉ង់ ដែលកើតចេញពីការផ្គុំគ្មានទីបញ្ចប់ រវាងពាក្យជាច្រើននោះ។

ពាក្យដែលត្រូវបានសភាអ៊ឺរ៉ុប យកមកប្រើប្រាស់នោះ មានន័យជាខេមរភាសាថា «ច្បាប់ស្ដីពីចរាចរណ៍ និងការចាំបាច់ក្នុង​ការត្រួតពិនិត្យ ផ្លាកសញ្ញាគុណភាពនៃសាច់គោ» សរុបជាតួអក្សរអាឡឺម៉ង់ទាំងអស់ ៦៣តួ ជាពាក្យដ៏វែងមួយ នៃភាសា​អាឡឺម៉ង់។ ពាក្យនោះ គឺ៖

«Rindfleischetikettierungsüberwachungsaufgabenübertragungsgesetz»។

ពាក្យនេះបានចូលមកក្នុង សភារបស់អ៊ឺរ៉ុប កាលពីឆ្នាំ១៩៩៩ ខណៈពេលដែលមានវិបត្តិ«គោឆ្កួត» ហើយត្រូវបានសរសេរ​កាត់ឲ្យខ្លីជាញឹកញាប់ មកជា «RkReÜAÜG» ដោយមិនទាំងដឹងថា តើត្រូវអានយ៉ាងដូចម្ដេចនោះផង។ ស្ថាប័នច្បាប់​របស់​អ៊ឺរ៉ុបមួយនេះ បានលប់ពាក្យនេះចេញពីអត្ថបទច្បាប់ទាំងឡាយរបស់ខ្លួន ដោយសារតែអត្ថន័យរបស់ពាក្យនេះ មិនមាន​ការប្រើប្រាស់ជាថ្មី ហើយម្យ៉ាងទៀត សហគមន៍អ៊ឺរ៉ុប លែងកំហិតឲ្យកសិដ្ឋានទាំងឡាយ ធ្វើការពិនិត្យសត្វដែលខ្លួនចិញ្ចឹម ទល់នឹងជម្ងឺនោះទៀតហើយ។

សូមបញ្ជាក់ថា បណ្ដាជនអាឡឺម៉ង់ តែងតែបានស្វែងរកពាក្យដែលវែងៗជាងគេ ដើម្បីបំបែក​ឯកត្តកម្ម ហើយថែមទាំង​ជម្រុញឲ្យជនបរទេស សិក្សារៀនសូត្រពីភាសាខ្លួននេះកាន់តែខ្លាំងនោះផង។

ពាក្យវែងៗ ដែលកើតពីការរួបបញ្ចូលគ្នានៃពាក្យជាច្រើន គ្មានទីបញ្ចប់

នៅក្នុងវចនានុក្រមអាឡឺម៉ង់ ពាក្យដែលវែងជាងគេមាន ៣៦តួអក្សរ៖ «Kraftfahrzeughaftpflichtversicherung» ដែល​មានន័យ​ថា «ការធានារ៉ាប់រង នៃការទទួលខុសត្រូវស៊ីវិល សម្រាប់យានយន្ដ»។ តែប្រទេសអាឡឺម៉ង់ នៅតែបានខំប្រឹង​បង្កើតពាក្យ ដែលកើតចេញពីកាផ្គុំចូលគ្នា នៃពាក្យច្រើនគ្មានទីបញ្ចប់។ ពាក្យខាងលើនេះ ដែលសូមសរសេរឡើងវិញ​ដូចខាងក្រោម៖

«Rindfleischetikettierungsüberwachungsaufgabenübertragungsgesetz» អាចនឹងបន្តឲ្យបានវែងជាងនេះទៅទៀត បើ​ពួកអ្នកប្រឆាំងតវ៉ានឹងច្បាប់នេះ មកអង្គុយនៅជិត «ប្រដាប់គោះបារី នៅលើតុរាល់ដង របស់ពួកប្រឆាំងទល់នឹង ច្បាប់ស្ដីពី​ចរាចរណ៍ និងការចាំបាច់ក្នុងការត្រួតពិនិត្យ ផ្លាកសញ្ញាគុណភាពនៃសាច់គោ» ដែលសរសេរជាភាសាអាឡឺម៉ង់ថា៖

«Rindfleischetikettierungsüberwachungsaufgabenübertragungsgesetzesgegnerstammtischaschenbecher»។

ទិនានុប្បវត្តិចេញផ្សាយប្រឆាំសប្ដាហ៍មួយឈ្មោះ ស្ពឿជែល (Spiegel) របស់អាឡឺម៉ង់ ទំនងជាយកពាក្យវែងៗទាំងនេះ មក​ជជែកកំសាន្ដ នៅក្នុងអត្ថបទមួយរបស់ខ្លួន ដូចជាពាក្យថា «ប៊ិចរបស់មេបញ្ជាការនាវា» ដែលពាក្យអាឡឺម៉ង់សរសេរថា «Kapitänskugelschreiber»។ តែបើ«ប៊ិចរបស់មេបញ្ជាការនាវា នៃក្រុមហ៊ុននាវា ដែលមានម៉ាស៊ីនដើរ​ដោយចំហាយ​ទឹក»នោះ យើងនឹងមានពាក្យថ្មី ៖

«Donaudampfschiffahrtsgesellschaftskapitänskugelschreibertinte»។

តែបើអ្នកចង់និយាយ ពី«ហាងលក់ទឹកខ្មៅរបស់ប៊ិច របស់មេបញ្ជាការនាវា នៃក្រុមហ៊ុនាវា ដែលមានម៉ាស៊ីនដើរដោយ​ចំហាយទឹក»នោះវិញ ហើយអ្នកចង់សួរទៅអ្នកដំណើរណាម្នាក់ ដើម្បីរកផ្លូវទៅកាន់ហាងនោះ អ្នកត្រូវនិយាយពាក្យ​មួយ​នេះ៖

«Donaudampfschiffahrtsgesellschaftskapitänskugelschreibertintenfachgeschäft» ដែលរាប់សរុបទាំងអស់​ មាន៨១​តួ​អក្សរ។

ចាំមើលតទៅអនាគត តើមានឯកត្តកម្មថ្មីទៀតឬទេ?

------------------------------------------------
ដោយ ឈូករ័ត្ន - ប៉ារីស​ ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...