ប្រតិភូសហភាពអ៊ឺរ៉ុប និងក្រសួងការបរទេសកម្ពុជា «ប៉ះទង្គិចគ្នា»
ខណៈពេលដែលយុទ្ធនាការឃោសនាបោះឆ្នោត កំពុងតែប្រព្រឹតទៅចាប់តាំង ពីថ្ងៃទី២៧ខែមិថុនាមកនោះ ការប៉ះទង្គិចគ្នាមួយ បានកើតឡើង រវាងក្រសួងការបរទេសកម្ពុជា និងប្រតិភូសហភាពអ៊ឺរ៉ុប ទាក់ទងនឹងដំណើរការនៃនីតិវិធីការបោះឆ្នោត។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ របស់ប្រតិភូសហភាពអ៊ឺរ៉ុប ចុះថ្ងៃទី២៦ ខែមិថុនា និងសេចក្តីថ្លែងការណ៍ប្រតិកម្ម របស់ក្រសួងការបរទេសកម្ពុជា ចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៣ ពោលគឺមួយថ្ងៃក្រោយសេចក្តីថ្លែងការណ៍របស់ប្រតិភូសហភាពអ៊ឺរ៉ុប។
ទង់តំណាងឲ្យ សហភាពអ៊ឺរ៉ុប។ (រូបថត MONOROOM.info/ D. KEO)
សេចក្តីថ្លែងការណ៍ របស់ប្រតិភូសហភាពអ៊ឺរ៉ុបប្រចាំកម្ពុជា ចេញផ្សាយកាលពីថ្ងៃទី២៦ ខែមិថុនា នេះ មានខ្លឹមសារជារួមថា៖ វាជាសារៈសំខាន់ របស់គណៈកម្មការជាតិរៀបចំការបោះឆ្នោត ( គ.ជ.ប) នៅក្នុងការអនុវត្តអនុសាសន៍ បេសកកម្មសងេ្កតការណ៍របស់សហភាពអ៊ឺរ៉ុប ដែលនៅសេសសល់កាលពីឆ្នាំ២០០៨។ អនុសាសន៍ដែលនៅសល់នោះ រួមមាន ការផ្តល់លទ្ធភាពនៃការប្រើប្រាស់ ប្រព័ន្ធផ្សព្វផ្សាយដោយសមធម៌ និងទប់ស្កាត់នូវការប្រើបា្រស់ ធនធានរបស់រដ្ឋ ក្នុងកំឡុងពេល យុទ្ធនាការឃោសនាបោះឆ្នោត។
តែទោះជាយ៉ាងណាក៏ដោយ ក៏សហភាពអ៊ឺរ៉ុបបានស្វាគមន៍ ចំពោះការធ្វើឲ្យប្រសើរឡើង ជាវិជ្ជមាន ផ្នែកការងារបច្ចេកទេស ដែលបានបង្ហាញឲ្យឃើញរួចហើយ នៅក្នុងនីតិវិធី របស់គ.ជ.ប។ សេចក្ដីថ្លែងការណ៍នោះ ក៏បានស្វាគមន៍ផងដែរ នូវការបោះឆ្នោតមួយ ដោយសន្តិវិធី មានការពិភាក្សាវែកញែក តាមបែបលទ្ធិប្រជាធិបតេយ្យ ផ្តោតលើគោលនយោបាយបើកចំហរ។
ជាការឆ្លើយតប ក្រសួងការបរទេសកម្ពុជា តាមរយៈលិខិតជាភាសាអង់គ្លេស ចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៣ ហើយដែលត្រូវបានបកប្រែក្រៅផ្លូវការ បានលើកឡើងថា ក្នុងនាមប្រទេសមានអធិបតេយ្យ និងឯករាជ្យភាព រដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា មិនអាចទទួលយកបានទេ នូវសេចក្តីថ្លែងការណ៍របស់ប្រតិភូសហភាពអឺរ៉ុប ប្រចាំកម្ពុជា កាលពីថ្ងៃទី២៦ ខែមិថុនានោះ ហើយក្រសួងសូមទាត់ចោលទាំងស្រុង។
ក្នុងលិខិតប្រតិកម្មតបនេះដដែល ក្រសួងការបរទេស ទាមទារឲ្យសហភាពអ៊ឺរ៉ុបគោរពឲ្យបានពេញលេញ ចំពោះអនុសញ្ញាទីក្រុងវីយែន ឆ្នាំ១៩៦១ ស្តីពីទំនាក់ទំនងការទូត។ ជាមួយគ្នានេះក្រសួង បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជា តែងតែប្ដេជ្ញាចិត្តចំពោះការបោះឆ្នោតដោយសេរី យុត្តិធម៌ មានតម្លាភាព និងតាមបែបប្រជាធិបតេយ្យ ដូចដែលបានអនុវត្តន៍កន្លងទៅ។
ទាក់ទងបញ្ហានេះ លោក គល់ បញ្ញា ប្រធានគណៈកម្មាធិការដើម្បីបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្រ្វែល បានពន្យល់ថា កម្ពុជាគួរតែអបអរសារទរ ចំពោះសហភាពអ៊ឺរ៉ុប ដែលផ្តល់ការចាប់អារម្មណ៍ នៅក្នុងដំណើរការបោះឆ្នោតនៅកម្ពុជា។ លោកបន្តថា សហភាពអ៊ឺរ៉ុប ជួយពង្រឹងលិទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងចង់ឃើញការបោះឆ្នោតមួយ ដែលមានភាពស្របច្បាប់។ លោក បញ្ជាក់ថា៖ «សហភាពអ៊ឺរ៉ុប បានបញ្ជូនអ្នកសង្កេតការណ៍របស់ខ្លួន មកចូលរួមសង្កេតការណ៍ ការបោះឆ្នោតរបស់កម្ពុជានៅឆ្នាំ២០០៨ ហើយពួកគេបានរកឃើញចំណុចខ្លះ ដែលគួរកែលំអរ»។
លោក គល់ បញ្ញា បានបន្ថែមថា កាលដែល រដ្ឋាភិបាលលើកហេតុផលថា កម្ពុជា ជារដ្ឋឯករាជ្យ អធិបតេយ្យ វាមិនគ្រប់គ្រាន់ទេ ពីព្រោះថា កម្ពុជាជាប់ជំពាក់កាតព្វកិច្ច នៅក្នុងកិច្ចព្រមព្រៀងក្រុងប៉ារីស ហើយសហភាពអ៊ឺរ៉ុបក៏ជាភាគីហត្ថលេខី ដែលមានការទទួលខុសត្រូវ និងជាម្ចាស់ជំនួយកម្ពុជាផងដែរ។
នៅក្នុងករណីនេះ មនោរម្យព័ងអាំងហ្វូ បានសុំប្រតិកម្មពីទៅ លោក ផៃ ស៊ីផាន រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាអ្នកនាំពាក្យរដ្ឋាភិបាល តែលោកគ្រាន់តែបានបញ្ជាក់យ៉ាងខ្លីថា៖ «ពួកគេ (ក្រសួងការបរទេស និងសហភាពអ៊ឺរ៉ុប) មានសិទ្ធិក្នុងការចេញនូសេចក្តីថ្លែងការណ៍ទាំងនេះ»។
សហភាពអ៊ឺរ៉ុប និងអ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ធ្លាប់បានរិះគន់ និងផ្ដល់ជាអនុសាសន៍ ក្នុងសេចក្ដីថ្ងែងការណ៍របស់ខ្លួន ជាច្រើនដង ទាក់ទងនឹងបញ្ហាបោះឆ្នោតនៅកម្ពុជា ទៅដល់រដ្ឋាភិបាលនៃប្រទេសនេះ ប៉ុន្តែសេចក្ដីថ្ងែងការណ៍ ឬអនុសាសន៍ទាំងនោះ តែងរងប្រតិកម្មត្រឡប់តបវិញយ៉ាងចាស់ដៃ ពីសំណាក់រដ្ឋាភិបាល ដោយបានបញ្ជាក់ហើយបញ្ជាក់ទៀត ពីអធិបតេយ្យភាព និងសុំឲ្យបញ្ឈប់ការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។
អ្នកវិភាគ និងអ្នកសង្កេតការណ៍បញ្ហាសង្គម នយោបាយនៅកម្ពុជា បានរំពឺងថា បើរដ្ឋាភិបាល ចង់ឲ្យមានការទទួលស្គាល់ ជាលក្ខណៈអន្តរជាតិ នូវលទ្ធផលនៃការបោះឆ្នោតមួយដ៏ត្រឹមត្រូវនោះ រដ្ឋាភិបាលត្រូវទទួលយកមកពិចារណា ពីការរិះគន់ និងអនុសាសន៍ទាំងនោះ ជៀសជាងការច្រានចោលបែបនេះ៕
--------------------------------------------
ដោយៈ អ៊ុំ បូរី - ភ្នំពេញថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ