មេឃុំខ្នាឆ្មាខេត្តកំពង់ឆ្នាំង រងការចោទថា បានអុជអាលបំបែកបក្សប្រឆាំង
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: May 15, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ពីខេត្តកំពង់ឆ្នាំង ក្នុងស្រុកសាមគ្គីមានជ័យ ឃុំខ្នាឆ្មា មានករណីចោទប្រកាន់ ពីតំណាងគណបក្សសង្គ្រោះជាតិ ទៅលើលោក ទា កុំ មេឃុំខ្នាឆ្មា ពីបទអុចអាល ញុះញង់ ធ្វើឲ្យមានការភ័ន្ដច្រលំ និងបែកបាក់ផ្ទៃក្នុងនៃគណបក្សសង្គ្រោះជាតិ។
ហិបឆ្នោត ទទួលសន្លឺកឆ្នោតពីអ្នកបោះឆ្នោត។ (រូបថត news.cn)
----------------------------
ដោយ អ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី១៤ ឧសភា ២០១៤
----------------------------
វិវាទបោះឆ្នោត - លោក កែវ ថៃ ប្រធានគណកម្មការប្រតិបត្តិគណបក្សសង្គ្រោះជាតិ បានបញ្ជាក់ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ថា កាលពីថ្ងៃទី១២ ខែឧសភា មេឃុំខ្នាឆ្មា លោកមេឃុំ ទា កុំបានកោះហៅឈ្មោះ សៅ សយ ឈរក្នុងលំដាប់លេខរៀងទីពីរ មកពីគណបក្សសិទ្ធិមនុស្ស និងឈ្មោះ ធូ សារិន ឈរក្នុងលំដាប់លេខរៀងទីបី មកពីគណបក្សសមរង្ស៊ី មកជួបនៅថ្ងៃទី១៣ ខែឧសភា ម្សិលម្ងៃ ហើយបានយកលិខិតរបស់ក្រសួងមហាផ្ទៃ មកអាន។ តែមេឃុំរូបនោះ បានអានបំភ្លៃខុសពីការពិត ក្នុងចេតនាញុះញង់ ឲ្យមានការបែកបាក់ផ្ទៃក្នុងរបស់គណបក្សសិទ្ធិមនុស្ស ក៏ដូចជាគណបក្ស សម រង្ស៊ី ជាដើម។
ហេតុផលនៃការញុះញង់នោះ លោកបានធ្វើការពន្យល់ថា អ្នកឈរនៅលំដាប់ខាងលើ ដែលមានមុខតំណែងជាសមាជិកក្រុមប្រឹក្សាឃុំសព្វថ្ងៃនេះ (មកពីគណបក្សសិទ្ធិមនុស្ស និងគណបក្សសម រង្ស៊ី) នៅពេលដែលពួកគាត់បោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិ នោះនឹងត្រូវបាត់បង់នូវមុខតំណែងជាសមាជិកក្រុមប្រឹក្សាឃុំ ដោយស្វ័យប្រវត្តិ ឬត្រូវគេបណ្តេញចេញពីសមាជិកក្រុមប្រឹក្សាឃុំ។
លោកបានធ្វើការចោទប្រកាន់ថា មេឃុំរូបនោះបានធ្វើការពង្វៀងដាន និងបំភ្លៃ ញុះញង់ អុចអាលឲ្យមានការបែកបាក់ផ្ទៃក្នុង តាមរយៈការលើកឡើងថា មិនត្រូវបោះឆ្នោតឲ្យខាងគណបក្សសង្គ្រោះជាតិទេ។ បើខាងគណបក្សសិទ្ធិមនុស្ស ត្រូវបោះឆ្នោតឲ្យគណបក្សសិទ្ធិមនុស្ស បើខាងគណបក្សសម រង្សី ត្រូវបោះឆ្នោតឲ្យគណបក្ស សម រង្ស៊ី។
លោកបានពន្យល់ផ្នែកច្បាប់យ៉ាងដូច្នេះថា «ក្នុងការបោះឆ្នោតជ្រើសរើសសមាជិក ក្រុមប្រឹក្សារាជធានីខេត្តក្រុងទាំងអស់នេះ មិនមែនតែគណបក្ស សិទ្ធិមនុស្ស មិនមែនគណបក្ស សម រង្ស៊ី គណបក្សប្រជាជនកម្ពុជា ក៏អាចបោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិបានដែរ ដោយមិនបាត់បង់នូវសមាជិកភាព ពីសមាជិកក្រុមប្រឹក្សាឡើយ។ នេះតាមច្បាប់ចែង។ លើកលែងគណបក្សគិតថា ខ្លួនមិនបានបោះឆ្នោតឲ្យបក្សខ្លួន ទើបអាចមានការដកចេញប៉ុណ្ណោះ។ (...) ច្បាប់គ្មានការចាប់បង្ខំ ឬបញ្ជាក់ថានឹងត្រូវបាត់បង់សមាជិកភាព ដោយស្វ័យប្រវត្តិណាមួយនោះទេ។»
ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចស្នើសុំការបញ្ជាក់ពីលោក ទា កុំ មេឃុំខ្នាឆ្មា មកពីគណបក្សប្រជាជនកម្ពុជាបានទេ ក្នុងល្ងាចថ្ងៃទី១៤ ខែឧសភា ដោយទូរស័ព្ទរបស់លោកបានបិទ។ តែលោក ធូ សារិន ដែលត្រូវបានលោកមេឃុំកោះហៅនោះ បានបញ្ជាក់ប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា ក្នុងថ្ងៃទី១៣ ខែឧសភា ត្រូវនឹងថ្ងៃឈប់សម្រាកវិសាខបូជានោះ ជាទូទៅឃុំមិនធ្វើការទេ តែលោកមេឃុំបានហៅលោក និងលោក សៅ សយ ឲ្យមកជួបនៅសាលាឃុំទៅវិញ។ នៅពេលទៅដល់ លោកមេឃុំបានបញ្ជាក់ថា «ខ្ញុំអញ្ជើញប្អូនទាំងពីរនឹង ក្នុងនាមរដ្ឋាភិបាល» តែលោកមេឃុំ បែរជានិយាយពីរឿងគណបក្សនយោបាយទៅវិញ។
លោកធូ សារិន បានលើកសម្តីរបស់លោកមេឃុំនោះ មកថ្លែងយ៉ាងដូច្នេះថា «ម្នាក់ៗធ្វើអ្វី ដើម្បីលាភសក្ការៈទាំងអស់គ្នា។ (...) មនុស្សម្នាក់ មិនអាចឈរឈ្មោះនៅគណបក្សពីបានទេ។ (...) ក្រោយពីបោះឆ្នោតក្រុមប្រឹក្សារួច បើពិនិត្យឃើញថា សមានជិករបស់គណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស បោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិ អ្នកនោះនឹងអស់សុពលភាពពីក្រុមប្រឹក្សាឃុំ។»
លោក ធូ សារិន សមាជិកក្រុមប្រឹក្សាឃុំខ្នាឆ្នា បានបន្តថា លោកមេឃុំនោះបានឲ្យរូបលោក និងលោក សៅ សយ បំពេញក្រដាសស្នាម ដើម្បីស្នងតំណែង ពីមន្ត្រីឈរលេខរៀងទី១ របស់គណបក្សសិទ្ធិមនុស្ស និងគណបក្សសម រង្ស៊ី បើសិនជាយល់ព្រមតាមគោលការណ៍ខាងលើ ហើយថា លោកមេឃុំនឹងរៀបចំឲ្យមានស្នងតំណែងនេះ បន្ទាប់ពីមានការបោះឆ្នោតក្រុមប្រឹក្សាខាងមុខនេះរួច។ តែរូបលោក ក៏ដូចជាលោក សៅ សយ មិនបានធ្វើតាមទេ និងសុំដកឃ្លាដើម្បីធ្វើការពិចារណាសិន។ លោកកត់សម្គាល់ថា៖ «សាលាឃុំមិនមែនរបស់គណបក្សនយោបាយ មិនមែនជារបស់គណបក្សប្រជាជនឯណា តែជាសាលាឃុំរបស់រដ្ឋ ហើយថ្ងៃនោះ (១៣ ឧសភា) ក៏មិនមែនជាថ្ងៃធ្វើការដែរ»។
ចំពោះករណីខាងលើ លោក កែវ ថៃ បានបញ្ជាក់ថា លោក សៅ សយ និងងលោក ធូ សារិន ខាងលើនេះ មិនមែនជាអង្គបោះឆ្នោតទេ ព្រោះអ្នកលេខមួយ និងលេខពីរនៃគណបក្ស សម រង្ស៊ី ទើបមានសិទ្ធិបោះឆ្នោត ឯអ្នកលេខមួយនៃគណបក្សសិទ្ធិមនុស្ស ក៏មានសិទ្ធិបោះឆ្នោតដែរ។ ក្រៅពីលេខនេះ មិនមានសិទ្ធិទេ គ្រាន់តែជាអ្នកនៅជិតអង្គបោះឆ្នោតប៉ុណ្ណោះ។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បានពន្យល់ទៀតថា កាលនោះលោកមេឃុំ បានរាយរ៉ាប់ថា អ្នកស្ថិតក្នុងលេខរៀងដែល៊អាចបោះឆ្នោតបាននោះ នឹងត្រូវបាត់បង់ដំណែងក្រុមប្រឹក្សាដោយស្វ័យប្រវត្តិ ហើយលោកតម្រូវឲ្យលោក សៅ សយ និងលោក ធូ សារិន រៀបចំឯកសារដើម្បីឡើងជំនួសតំណែងលោក គង់ សុន ឬលោក ឆោម សំសារ៉ាន់ (គណបក្សសម រង្ស៊ី) ឬជំនួសលោក ញ៉ែម សំណាង (សិទ្ធិមនុស្ស) ដែលថ្ងៃខាងមុខនេះ នឹងបោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិ ហើយអាចត្រូវបាត់បងតំណែងដោយស្វ័យប្រវត្តិនោះ។ «នេះជាការអុជអាល ញុះញង់ ឲ្យមានការភ័ន្ដច្រលំ ដើម្បីឲ្យអ្នកទាំងពីរ (លោក សៅ សយ និងងលោក ធូ សារិន) ទៅប្រាប់អង្គបោះឆ្នោត (លោក គង់ សុន លោក ឆោម សំសារ៉ាន់ និងលោក ញ៉ែម សំណាង) នាំឲ្យមានការយល់ច្រលំ ឬសម្រេចចិត្តខុស។»
ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ក៏មិនអាចស្នើសុំការពន្យល់ផ្លូវច្បាប់ពីមន្រ្តីអ្នកទទួលខុសត្រូវរបស់ គ.ជ.ប ឬសង្គមស៊ីវិលដែលធ្វើការពាក់ព័ន្ធ ក្នុងថ្ងៃនេះបានទេ ដោយទូរស័ព្ទរបស់ពួកលោក មិនអាចភ្ជាប់ទំនាក់ទំនងបាន។ យ៉ាងណាក៏ដោយ ករណីនេះ លោក កែវ ថៃ ថានឹងមិនប្តឹងផ្តល់ ឬដាក់ពាក្យបណ្តឹងទៅកាន់ ប៉ិច ឬ គ.ជ.ប នោះទេ៕