«សម្រែក​រាស្រ្ត​ខ្មែរ»​ច្រៀង​តប​​«តើ​ខ្ញុំ​បាន​ធ្វើ​កំហុស​អ្វី?»​របស់ហ៊ុន សែន (vdo)

សំនួរលោក ហ៊ុន សែន «តើខ្ញុំបានធ្វើកំហុសអ្វី?» ដើម្បីឈានទៅរកចម្លើយបដិសេធរបស់លោក ថាមិនចុះចេញពី​អំណាចនោះ បានធ្វើលេចឡើងនូវចម្រៀងថ្មីស្រឡាងមួយបទ ដែលនិពន្ធដោយជនមិនស្គាល់អត្តសញ្ញាណ តែបាន​បកស្រាយដោយក្រុមសិល្បៈគណបក្សសង្គ្រោះជាតិ នាទីលានប្រជាធិបតេយ្យ កាលពីយប់ថ្ងៃទី២២ ខែធ្នូ ម្សិលម៉ិញ​នេះ។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: December 23, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សំនួរលោក ហ៊ុន សែន «តើខ្ញុំបានធ្វើកំហុសអ្វី?» ដើម្បីឈានទៅរកចម្លើយបដិសេធរបស់លោក ថាមិនចុះចេញពី​អំណាចនោះ បានធ្វើលេចឡើងនូវចម្រៀងថ្មីស្រឡាងមួយបទ ដែលនិពន្ធដោយជនមិនស្គាល់អត្តសញ្ញាណ តែបាន​បកស្រាយដោយក្រុមសិល្បៈគណបក្សសង្គ្រោះជាតិ នាទីលានប្រជាធិបតេយ្យ កាលពីយប់ថ្ងៃទី២២ ខែធ្នូ ម្សិលម៉ិញ​នេះ។


តារាសម្ដែងរបស់គណបក្សសង្គ្រោះជាតិ នៅលើវេទិកាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O.Vary)

សិល្បៈនិងនយោបាយ - បទចម្រៀងមួយបទថ្មី ត្រូវបាននិពន្ធភ្លាមៗ និងលើកយកមកច្រៀង ក្រោយពេល​ដែល​លោក ហ៊ុន សែន បានបដិសេធជាផ្លូវការមិនចុះចេញពីតំណែង មិនមានការបោះឆ្នោតឡើងវិញ និងគ្មានការរំលាយ​សភាមុនអាណត្តិដែរនោះ។ ចម្រៀងនេះ បានបណ្តាលចិត្តអ្នកចូលរួម (ក្រុមបាតុករ) នៅលើទីលានប្រជាធិបតេយ្យ កាន់តែខឹងសម្បារ និងកាន់តែពុះកញ្ច្រោលឡើងៗ ទៅនឹងការលើកឡើង របស់នាយករដ្ខមន្រ្តីចាស់វស្សា​រូបនេះ​ថា​«តើខ្ញុំបានធ្វើកំហុសអ្វី?» ដោយសារតែនៅក្រោមការដឹកនាំរបស់លោកកន្លងមក បានធ្វើឲ្យលេចចេញនូវការរិះគន់​ជាច្រើន ពីសំណាក់ក្រុមអ្នកឃ្លាំមើលឯករាជ្យ ពលរដ្ឋ​រងគ្រោះ និងអ្នកគាំទ្រគណបក្សប្រឆាំង ។

ដោយយកលំនាំបទ «ខ្លាចហើយស្នេហ៍» តាមសំនៀងដើមរបស់អ្នកចម្រៀងល្បី នាទស្សវត្តន៍ឆ្នាំ៨០ លោក កែវ សារ៉ាត់ បទចម្រៀង«សម្រែករាស្ត្រខ្មែរ»នេះ ត្រូវបាននិពន្ធដោយបែងចែកជាបីផ្នែក៖ ផ្នែកទីមួយ បង្ហាញពីការរស់នៅ​ទាំងការឈឺចាប់ ការបៀមទុករាប់សិបឆ្នាំរបស់ប្រជាពលរដ្ឋ។ ផ្នែកទីពីរ បង្ហាញពីការលក់ទឹក ដី ព្រៃឈើ រួមទាំង​ផ្ទះ​សម្បែងប្រជាពលរដ្ឋ ទៅឲ្យឈ្មួញដោយគ្មានការដោះស្រាយបញ្ចប់ជាមុន។ ផ្នែកទីបី ជាការបរិយាយអំពី​ការរំកិល​ចូលនៃព្រំដែនខ្មែរ ទាំងព្រំដែនទឹក និងទាំងព្រំដែនគោក។

ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូមិនអាចសុំប្រតិកម្ម ទាក់ទងនឹងចម្រៀងនេះ ពីមន្ត្រីរដ្ឋាភិបាល ឬគណបក្ស​ប្រជាជន​កម្ពុជាបានទេ នារសៀល​ថ្ងៃទី២៣ ខែធ្នូនេះ។ តែកាលពីថ្ងៃទី២០ ខែធ្នូ នៅវិមានរដ្ឋសភា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា «អ្នកដែលមានសិទ្ធិនិយាយ ក៏ចេះតែនិយាយទៅ»។ លោកនាយករដ្ឋមន្ត្រីបានអះអាងថា ការថ្លែង ឬការលើកឡើងនៃក្រុមបាតុកម្មទាំងនេះ មិនមែនជាក្រុមបាតុករធម្មតា ជាអ្នកលើកឡើងនោះទេ តែវាជាការៀបចំ​ទុកជាមុន ដោយមេដឹកនាំនយោបាយ។ «ខ្ញុំគ្មានការភ្ញាក់ផ្អើលទេ ចំពោះការទាមទាទាំងនោះ។ ខ្ញុំក៏បានដឹងដែរថា អ្នកណា​ជាអ្នកសរសេរអំពី “ហ៊ុន សែន អើយ ចាកចេញទៅ” ។ (…) មិនមែនបាតុករធម្មតាជាអ្នកសរសេរទេ តែ​ជា​ថ្នាក់ដឹកនាំនយោបាយ។»

គេនៅមិនទាន់ដឹងថា ចម្រៀងនេះត្រូវបាននិពន្ធឡើង ដោយនរណាម្នាក់ ឬមានការនិពន្ធជាក្រុមនោះនៅឡើយ។ គ្រាន់តែដំណាលគ្នានៃការច្រៀងចម្រៀង នៅរសៀលថ្ងៃអាទិត្យនោះ មេដឹកនាំគណបក្សសង្គ្រោះជាតិ លោក សម រស្ស៊ី និងលោក កឹម សុខា បានអង្គុយញញឹមមិនដាក់មាត់ ពីខាងក្រោយនៃអ្នកចម្រៀង។ ក្នុងចម្រៀងទៀតសោធ គេ​ក៏បានសង្កេតឃើញមានការបញ្ជាក់ដែរថា ដរាបណាលោក ហ៊ុន សែន នៅបន្តរកាន់តំណែងជានាយករដ្ឋមន្រ្តីនោះ មហាបាតុកម្មនឹងមិនបញ្ចប់ទេ រហូតលុះត្រាតែបានទម្លាក់បុរសខ្លាំងរូបនេះ ចេញពីអំណាច។

ចម្រៀងមានសេចក្ដីជាអាថ៌ យ៉ាងដូច្នេះថា៖ «រាស្រ្តស្រែកប្រាប់ថា (…) ឃើញតែអំពើហឹង្សា និងការកាប់សម្លាប់។ ច្បាប់មិនការពារអ្នកក្រីក្រ រាស្រ្តខំប្រឹងរស់ រស់ទាំងត្រដរ ក្រីក្រវេទនាខ្លោចផ្សារ។ (…) រាស្រ្តខំប្រឹងស្រែកប្រាប់ថា ថា! លោក ហ៊ុនសែនចុះទៅណា ណា! គាត់​ (ហ៊ុន សែន) ថាមិនចុះទេណា ណា! តើខ្ញុំខុសអ្វីទៅណា ណា? (រាស្រ្តតប) សូមលោក គិតពិចារណា! លោកលក់បុរីកីឡា ឡា! លោកលប់បឹងកក់ហើយណា ណា! ព្រៃឡង់ក៏អស់ដែរណាណា! កោះត្រល់កាត់ឲ្យយួនហើយណា ណា ! បូកគោក៏អស់ដែរណា ណា! ព្រំដែនខិតចូលក្នុងហើយណា! យួនចូល​ពេញ​ដីហើយណា ណា! លោក (ហ៊ុន សែន) ថាឥតមានយួនទេណា ណា! ។ (…) ល្មមចុះចេញទៅ!!!។ (…) លោកហ៊ុន សែន ឆាប់ចុះចេញទៅណា !»៕

សូមទស្សនាចម្រៀងនេះ ដូចតទៅ៖

ខាងក្រោមនេះ ជាចម្រៀងដើម «ខ្លាចហើយស្នេហ៍» តាមសំនៀងលោក កែវ សារ៉ាត់៖

-------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី២៣ ធ្នូ ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...