គណបក្សសង្រ្គោះជាតិ តម្លើងសម្លេងឲ្យបង្កើតគណៈកម្មការចម្រុះ (VDO)
បន្ទាប់ពីការរកឃើញភាពមិនប្រក្រតី យ៉ាងពិតប្រាកដ នៅក្រោយការបើកកញ្ចាប់សុវត្ថិភាព «ក» ក្នុងចំនួនតិចមួយ ក្នុងចំណោមកញ្ចប់សុវត្ថិភាព «ក»ជាច្រើនទៀត ដែលមិនទាន់បានបើកនោះ គណបក្សសង្រ្គោះជាតិ បានបន្តដាក់សម្ភាធកាន់តែខ្លាំងថែមទៀត លើគណបក្សប្រជាជនកម្ពុជា ឲ្យមានការបង្កើតគណៈកម្មការចម្រុះ ដើម្បីស៊ើបអង្កេតភាពមិនប្រក្រតី ក្នុងកំឡុងពេលបោះឆ្នោត។
លោក សម រង្ស៊ី (ខាងឆ្វេង) និងលោក កឹម សុខា នៅក្នុងសន្និសិទកាសែតរបស់គណបក្សសង្គ្រោះជាតិថ្ងៃទី២៦ខែសីហា។ (រូបថត MONOROOM.info/ U. Bory)
លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ បានថ្លែងទៅកាន់អ្នកសារព័ត៌មាន ក្នុងកម្មវិធីសន្និសិទសារព័ត៌មាន ស្ថិតនៅទីស្នាក់ការកណ្តាល របស់គណបក្សសង្រ្គោះជាតិនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៣នេះថា៖ «យើងនៅតែទាមទារ ឲ្យបង្កើតគណៈកម្មការឯករាជ្យមួយ ដើម្បីស្រាវជ្រាវ ស៊ើបអង្កេតពីភាពមិនប្រក្រតី»។
ការលើកឡើងដូចច្នេះ ក៏ព្រោះតែមេដឹកនាំគណបក្សប្រឆាំងរូបនេះ បានដាក់ការសង្ស័យថា អាចមានការឃុបឃិតគ្នាជាប្រព័ន្ធ ក្នុងការលួចបន្លំសន្លឹកឆ្នោត រវាងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប និងគណបក្សប្រជាជនកម្ពុជា។
លោក សម រង្ស៊ី បានអះអាងថា គណបក្សសង្គ្រោះជាតិមានយុទ្ធវិធី៣យ៉ាង ក្នុងការទម្លុះម្លាយភាពទាល់ច្រកនយោបាយ ក្រោយការបោះឆ្នោត ទី១បន្តការដាក់ពាក្យបណ្តឹងតវ៉ាតាមនីតិវិធីច្បាប់ ទី២បន្តទាមទារឲ្យមានការបង្កើតគណៈកម្មការចម្រុះ និងទី៣ការធ្វើមហាបាតុកម្មដោយអហិង្សា។
សូមរម្លឹកថារហូតមកដល់ពេលនេះ ការបង្កើតគណៈកម្មការចម្រុះដែលមានភាពឯករាជ្យ ដើម្បីស៊ើបអង្កេតពីភាពមិនប្រក្រតី ក្នុងកំឡុងពេលបោះឆ្នោត នៅតែមិនអាចសម្រេចទៅបាន បើទោះជាមានការជួបចរចារគ្នា ៣ដងរួចមកហើយ វាងមន្រ្តីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា និងគណៈបក្សសង្រ្គោះជាតិ។
លោក ជាម យៀប មន្រ្តីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា បានថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ តាមទូរស័ព្ទក្នុងពេលកន្លងមកថា៖ «ការបង្កើតគណៈកម្មការចម្រុះ គឺហួសពេលហើយ ដោយសារតែ គ.ជ.ប បានប្រកាសថា ខ្លួនបានដោះស្រាយបណ្តឹងរួចរាល់ហើយ»។ មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជារូបនេះ បន្ថែមថា ចំពោះបណ្តឹងដែលប្តឹងដោយគណបក្សសង្រ្គោះជាតិ ហើយនៅសេសសល់ ដោយសារតែមិនអាចដោះស្រាយ រួចត្រឹម គ.ជ.ប នឹងបន្តការដោះស្រាយដោយក្រុមប្រឹក្សាធម្មនុញ។
លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប កន្លងមកបានបដិសេធ ចំពោះការបង្កើតគណៈកម្មការចម្រុះ ដែលស្មើរឲ្យបង្កើតដោយគណៈបក្សសង្រ្គោះជាតិ ដោយលើកហេតុផលថា វាហួសពីសមត្ថកិច្ចរបស់ គ.ជ.ប។
លោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ បានថ្លែងទៅកាន់អ្នកសារព័ត៌មាននៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៣នេះដែរថា គណបសង្រ្គោះជាតិអាចដាក់ពាក្យបណ្តឹង ប្តឹងមន្រ្តី គ.ជ.ប ទៅកាន់តុលាការប្រសិនបើ គ.ជ.ប មិនបង្កើតឲ្យមានការដោះស្រាយប្រកបដោយតម្លាភាព។
អនុប្រធានគណបក្សសង្រ្គោះជាតិរូបនេះ បានធ្វើការព្រមានថា អាចនឹងមានមហបាតុកម្មអហិង្សា ដែលមានការងើបក្រោកឈរ តវ៉ាពីសំណាក់ក្រុមប្រជាជន និងប្រជាពលរដ្ឋប្រសិនបើ គ.ជ.ប និងគណបក្សប្រជាជន នៅតែមានៈប្រកាសលទ្ធផលផ្លូវការ មុនការស៊ើបអង្កេតរបស់គណៈកម្មការឯករាជ្យ។
ប្រធានគណៈបក្សង្រ្គោះជាតិលោក សម រង្ស៊ី បានបង្ហាញគោលជំហរថា គណៈបក្សសង្រ្គោះជាតិ នឹងប្រកាសទទួលស្គាល់លទ្ធផល ដែលប្រកាសឲ្យដឹងដោយគណៈកម្មការចម្រុះ ដែលថាគណបក្សប្រជាជនកម្ពុជាជាអ្នកឈ្នះ។ ទន្ទឹមនឹងនេះ លោកបានបន្ថែមថាគណបក្សប្រជាជនកម្ពុជា ក៏ត្រូវតែប្រកាសគាំទ្រជ័យជម្នះ របស់គណបក្សសង្រ្គោះផងដែរ ប្រសិនបើគណៈកម្មការចម្រុះ រកឃើញថាគណបក្សសង្រ្គោះជាតិជាអ្នកឈ្នះ៕
សូមទស្សនាវីដេអូ នៃសន្និសិទកាសែតនេះទាំងស្រុងដូចតទៅ៖
--------------------------------------------------------
ដោយៈ អ៊ុំ បូរី - ភ្នំពេញថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ