ក្រុម​បាល់​ទាត់​ទាំង​១០ ដែល​មាន​ទម្រង់​លេង​ខ្លាំង​ជាង​គេ​នៅ​អ៊ឺរ៉ុប

តើអ្នកចង់ដឹងទេថា នៅរដូវកាលថ្មីនេះ ក្រុមបាល់ទាត់កំពូលៗនៅអ៊ឺរ៉ុប ក្រុមណាមួយដែលមានចំណាត់ថ្នាក់លេខ១ មាន​ទម្រង់លេងល្អជាងគេ? ហើយតើក្រុមដែលអ្នកគាំទ្រ មាននៅក្នុងចំណោមចំណាត់ថ្នាក់ទាំង១០នេះ ដែរឬទេ?
Loading...
  • ដោយ: វិន ជីវ័ន្ត អត្ថបទ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៣
  • កែប្រែចុងក្រោយ: August 26, 2013
  • ប្រធានបទ: បាល់ទាត់
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

មនោរម្យ.អាំងហ្វូ សូមលើកយកក្រុមបាល់ទាត់ទាំង១០ក្រុម ដែលបានបង្ហាញពីទម្រង់លេងយ៉ាងល្អ ក្នុង​ការ​ចាប់​ផ្តើម​រដូវកាលថ្មី និងមានទម្រង់លេងល្អ ចាប់ពីចំណាត់ថ្នាក់លេខ១ ដល់ចំណាត់ថ្នាក់លេខ១០ ដូចខាង​ក្រោម៖

១. បាសេឡូណា (Barcelona)៖
ក្រុមអ្នកមានបុណ្យបាសេឡូណា ចាប់ផ្តើមរដូវកាលថ្មីបានល្អដាច់គេ បន្ទាប់ពីសប្តាហ៏ទី១ បានយកឈ្នះគូ​ប្រជែង​ដល់ទៅ ៧-០។ ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មី លោកហ្វឺរ៉ាដូ ម៉ាទីណូ (Gerardo Martino) បាសេឡូណា នៅតែរក្សា​ទម្រង់លេង​ខ្លីដដែល ដែលយើងហៅថា «ទីគីតាកា» (tiki-taka)។ ទម្រង់នេះលេង​គ្រប់​គ្រងបាល់បានច្រើនលើសលុបជាងគូប្រកួត និងបញ្ជូនឲ្យគ្នាខ្លីៗ ដើម្បីធ្វើការបំបែកក្បួនខ្សែការពារ​របស់​ដៃគូ។ ដូច្នេះបាសេឡូណា នៅតែជាក្រុមដែលមាន​ឥទ្ធិពល​បំផុតមួយនៅអ៊ឺរ៉ុប។

២. បាយឺន ម៉ូនិជ (Bayern Munich)៖
ក្រុមយក្សរបស់អាឡឺម៉ង់ បាយឺន ម៉ូនិជ ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មី សករាជរបស់លោក ប៉ិប ហ្គាឌីអូឡា (Pep Guardiola) ២ប្រកួតនៅក្នុងក្របខ័ណ្ឌបូដេសលីកា (Bundesliga) ដំបូង ឈ្នះទាំង២ប្រកួត ប៉ុន្តែគ្រាន់តែ​មាន​គ្រាប់​បញ្ចូល​​ទីគូ​ប្រកួតតិចតួច ជាងការចង់បានពីសំណាក់អ្នកគាំទ្រ។ បាយឺន ម៉ូនិជ ជាក្រុមមួយ​ដែលលេង​មិនទុកមុខ​ឲ្យគូប្រកួត​នោះ​ទេ ពោលគឺឲ្យតែមានឱកាស ក្រុមនេះនឹងទាត់បញ្ចូលទីឲ្យអស់ពីលទ្ធភាព។

៣. ម៉ែនឆេស្ទើ ស៊ីធី (Manchester City)៖
មេឃខៀវ ម៉ែនស៊ីធី ជាក្រុមមួយដែលត្រូវបានអ្នកព្យាករណ៏មួយចំនួន បានធ្វើការព្យាករណ៏ថា នឹងអាចឈ្នះ​ពាន​រង្វាន់​ព្រីមែលីក (Premier League) នៅរដូវកាលនេះ ហើយជាក់ស្តែងក្នុងការប្រកួតបើកឆាករដូវកាល​ដំបូង ពួកគេធ្វើបាន​យ៉ាង​ល្អឥតខ្ចោះ បន្ទាប់ពីយកឈ្នះក្រុមញ៉ូកាស្ស៊ល (Newcastle) ៤-០ នៅក្នុងទឹកដីខ្លួន​ឯង។ គ្រូ​បង្វឹក​ថ្មី លោកម៉ាញ៉ូអែល ប៉េឡេហ្គ្រីនី (Manuel Pellegrini) ជាគ្រូបង្វឹកដែលមានបទពិសោធន៍ ដឹកនាំក្រុម​ខ្លាំងៗ​ច្រើន ដូច្នេះម៉ែនស៊ីធី ជាក្រុមមួយ ដែលជាទីចាប់អារម្មណ៏នៅរដូវកាលនេះ។

៤. ជូវីនទូស (Juventus)៖
ក្រុមម្ចាស់ជើងឯកអ៊ីតាលី សេះបង្កង់ ជូវីនទូស ជាក្រុមមួយដែលលេងបានស៊ីចង្វាក់គ្នាយ៉ាងល្អ និងជាក្រុមមួយ​ដែលគួរ​ឲ្យញញើត​ឲសម្រាប់ក្រុមនានានៅអ៊ីតាលី។ ប៉ុន្តែក្របខ័ណ្ឌ ស៊េរីអេ (Serie A) មិនទាន់បានចាប់ផ្តើម​នៅឡើយទេ ហើយ​នឹងត្រូវចាប់ផ្តើមនៅថ្ងៃសៅរ៏ចុងសប្តាហ៏នេះ។ តែទោះជាយ៉ាងណា ជូវីនទូស បានលើក​ពាន​មួយរួចទៅហើយ បន្ទាប់ពី​យកឈ្នះក្រុម ឡាស្ស៊ីអូ (Lazio) ៤-០ ក្នុងការប្រកួតពានរង្វាន់ ស៊ុបព័រខូផា (Supercoppa) វគ្គផ្តាច់ព្រ័ត្រ កាលពីចុង​សប្តាហ៏​មុន។

៥. បូរ៉ាស្សៀ ដតម័ន (Borussia Dortmund)៖
ក្រុមជើងឯករងអាឡឺម៉ង់ ដតម័ន នៅតែបង្ហាញពីទម្រង់លេងយ៉ាងល្អ បន្ទាប់ពីប្រកួត២ប្រកួតក្នុងលីក ឈ្នះទាំង​២ប្រកួត​ដែរ។ ការប្រកួតសប្តាហ៏ទី១ ក្រៅដីជាមួយនឹងក្រុម អូស្បឺក (Augsburg) ដតម័ន បានយកឈ្នះ​ដោយ​លទ្ធផល ៤-០ ខណៈ​​ដែលកីឡាករចំណូលថ្មី ភៀអ៊ិមឺរ៉ិក អាំបាម៉េយ៉ាង (Pierre Emerick Aubameyang) រក​បាន​៣គ្រាប់ម្នាក់ឯង (hat-trick)។ ប៉ុន្តែនៅសប្តាហ៏ទី២ ពួកគេហាក់ដូចលំបាកបន្តិច ដោយយកឈ្នះក្រុម អេនត្រាច់ថ៏ (Eintracht) តែ ២-១ ប៉ុណ្ណោះ។

៦. ម៉ែនឆេស្ទើ យូណៃធីត (Manchester United)៖
បីសាចក្រហម ដែលដឹកនាំដោយគ្រូបង្វឹកថ្មី លោកដេវីដ ម៉យ (David Moyes) នោះក៏មិនធម្មតាដែរ បន្ទាប់ពី​បើក​ឆាករដូវ​កាលលត់ក្រុមក្ងាន ស្វានស៊ី ស៊ីធី (Swansea City) ដល់ក្នុងដី ដោយលទ្ធផល ៤-១។ ខ្សែប្រយុទ្ធ រ៉ូបីន វ៉ាន់ផឺស៊ី (Robin van Persie) នៅតែជាទីចាប់អារម្មណ៏ដដែលនៅក្នុងរដូវកាលថ្មីនេះ បន្ទាប់ពី១ប្រកួត គាត់​អាចទាត់បញ្ចូលទីបាន២គ្រាប់។

៧. ឆែលស៊ី (Chelsea)៖
ក្រុមដែលគេរំពឹងថា នឹងលើកពានព្រីមែលីកនៅរដូវកាលនេះ តោខៀវ ឆែលស៊ី ប្រកួតបាន២លើកហើយ ហើយ​ទទួល​ជ័យជំនះទាំង២លើក។ គ្រូបង្វឹកថ្មី លោកជូសេ ម៉ូរីញ៉ូ (Jose Mourinho) ជាក្តីសង្ឃឹមថ្មីរបស់ក្រុម​ឆែលស៊ី ដោយគ្រូបង្វឹក​រូបនេះ ធ្លាប់ជាគ្រូបង្វឹកដែលទទួលបានជោគជ័យធំធេងបំផុត និងមានមហិច្ចតាធំបំផុត​ផង​ដែរ។

៨. រៀលម៉ាឌ្រីដ (Real Madrid)៖
ក្រុមអធិរាជស រៀលម៉ាឌ្រីដ ចាប់ផ្តើមរដូវកាលទាំងត្រដាប្រដួសបន្តិច បន្ទាប់ពីយកឈ្នះក្រុម រៀលបេទីស (Real Betis) ដោយលទ្ធផល ២-១។ ប៉ុន្តែពួកគេមានទម្រង់លេងល្អ ហើយជាក់ស្តែងនៅក្នុងការប្រកួតនោះ គួរតែរៀលម៉ាឌ្រីដឈ្នះដល់ ៦-១ តែដោយសារតែអ្នកចាំទី និងខ្សែការពារក្រុមរៀលបេទីស ជួយសង្គ្រោះ​បាល់​បានច្រើន ទើបធ្វើឲ្យក្រុមជើងឯករង​មួយនេះ ចង់ភ័យបះសក់ដែរ។

៩. ស្ស៊ាតា ដូណែស (Shakhtar Donetsk)៖
ក្រុមដែលលេងនៅក្នុងលីកប្រទេសអ៊ុយក្រែនមួយនេះ នៅតែបង្ហាញពីភាពអស្ចារ្យរបស់ខ្លួនបន្តទៀត បន្ទាប់ពី​ប្រកួត​បាន​៦ប្រកួត ឈ្នះទាំង៦ប្រកួត ទាត់បញ្ចូលទីគេបាន១៥គ្រាប់ ហើយគេទាត់ចូលវិញតែ២គ្រាប់ប៉ុណ្ណោះ។ ម្ចាស់ជើងឯក​អ៊ុយក្រែន បានលក់កីឡាករសំខាន់ៗ២រូបចេញ ប៉ុន្តែក៏ទិញបានកីឡាករវ័យក្មេងល្អៗ​ចូលវិញ​ដែរ។

១០. អាត្លិកទិកូ ម៉ាឌ្រីដ (Atletico Madrid)៖
ក្រុមលេខ៣អេស្ប៉ាញ អាត្លិកទិកូ បានយកឈ្នះ ៣-១ លើក្រុម សេវីឡា (Sevilla) កាលពីសប្តាហ៏មុនក្នុងថ្ងៃ​ប្រកួត​បើក​ឆាករដូវកាល។ គ្រូបង្វឹកលោក ឌីហ្គូ ស៊ីមវ័ន (Diego Simeone) បាននិយាយថា គាត់មិនឲ្យ​លីកអេស្ប៉ាញ មើលទៅគួរឲ្យ​ធុញទ្រាន់ដោយមានតែក្រុមខ្លាំង បាសេឡូណា និងរៀលម៉ាឌ្រីដនោះទេ ពោល​គឺ​គាត់ចង់ដឹកនាំក្រុមអាត្លិកទិកូ ដើម្បី​ប្រជែងយកពានរង្វាន់ឡាលីកានៅរដូវកាលនេះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...