រ៉ូណាល់ដូ ឲ្យប្រាក់«ធីប» ២ម៉ឺនអ៊ឺរ៉ូ ទៅបុគ្គលិកសណ្ឋាគារ១០នាក់
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី២២ កក្កដា ២០១៨
- កែប្រែចុងក្រោយ: July 22, 2018
- ប្រធានបទ: តារាបាល់ទាត់
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ប្រាក់ធីប ២០ ០០០អ៊ឺរ៉ូនោះ ជាការលើកទឹកចិត្ត ចំពោះបុគ្គលិក១០នាក់ របស់សណ្ឋាគារដ៏ទំនើបមួយ ក្នុងប្រទេសក្រិច ដែលបានបម្រើការដោយផ្ទាល់ ក្នុងអំឡុងពេល នៃការលំហែកាយ របស់កំពូលកីឡាករ គ្រីសយ៉ាណូ រ៉ូណាល់ដូ (Cristiano Ronaldo) និងក្រុមគ្រួសារ។ ជាពិសេស វាជាការលើកទឹកចិត្ត ចំពោះក្រុមបុគ្គលិក ដែលបានជួយបំបាំងវត្តមាន របស់ម្ចាស់បាល់មាសប្រាំជំនាន់ ពីក្រុមអ្នកតាមប្រមាញ់ថតរូបទាំងឡាយ និងធ្វើឲ្យកំពូលកីឡាករ និងគ្រួសារ បានស្នាក់នៅលំហែកាយ ដោយក្ដីសោមនស្ស។
គឺសារព័ត៌មានកីឡា «Sportime.gr» របស់ប្រទេសក្រិច ជាអ្នកទម្លាយចេញ នូវដំណឹងទុកប្រាក់«ធីប» ដ៏សម្បើមក្រៃ សម្រាប់ក្រុមបុគ្គលិកសណ្ឋាគារ។ សារព័ត៌មាន បានរាយការណ៍ថា៖ «បុគ្គលិកទាំង១០នាក់ ដែលទទួលបន្ទុក ផ្ដល់សេវាកម្មលំហែកាយ ទៅឲ្យគ្រួសាររបស់កីឡាករ រ៉ូណាល់ដូ និងជួយលាក់បំបាំងពួកគេ ពីក្រុមតាមប្រម៉ាញ់ថតរូបនោះ ទទួលបានប្រាក់ធីប ក្នុងម្នាក់ៗ ២ ០០០អ៊ឺរ៉ូ»។
បន្ទាប់ពីត្រូវបានផាត់ចេញ ពីបាល់ទាត់ពិភពលោក ជាមួយក្រុមជម្រើសជាតិ ព័រទុយហ្គាល់ រួចភ្លាម កំពូលកីឡាករ គ្រីសយ៉ាណូ រ៉ូណាល់ដូ បានចាកចេញ ទៅលំហែកាយ ជាមួយសមាជិកគ្រួសារខ្លួន សម្រាប់រយៈពេល១០ថ្ងៃ នៅក្នុងតំបន់ឆ្នេរផ្នែកខាងលិច នៃប្រទេសក្រិច។ សណ្ឋាគារដ៏ប្រណិត និងតំបន់នោះ តែងទទួលជនល្បីៗជាច្រើន ដូចយ៉ាងតារាសំដែងហូលីវ៉ូដ និងកំពូលកីឡាករជាច្រើន មកស្នាក់នៅ និងលំហែកាយ ជាមួយនឹងទឹកថ្លាឈ្វេង នៃសមុទ្រមេឌីទែរ៉ាណេ ដោយមានការជួយលាក់កំបាំង ចេញពីភ្នែក របស់ក្រុមអ្នកតាមប្រមាញ់ថតរូប។
ទឹកប្រាក់ ២០ ០០០ អ៊ឺរ៉ូ (ប្រមាណជា ២៣ ៤៥០ ដុល្លារអាមេរិក) ដែលម្ចាស់បាល់មាសប្រាំជំនាន់ ផ្ដល់ជាលុយធីប ទៅឲ្យក្រុមបុគ្គលិក ហាក់មានទំហំយ៉ាងសម្បើម។ ប៉ុន្តែសម្រាក់កីឡាករ រ៉ូណាល់ដូ ទឹកប្រាក់នេះមានកម្រិត មិនបាន ១ភាគ៤ នៃប្រាក់បៀវត្សន៍ប្រចាំថ្ងៃ ដែលកីឡាករទើបនឹងចុះកិច្ចសន្យា ជាមួយក្រុម ជូវេនទូស នោះផងទេ។
កាលពីដើមសប្ដាហ៍កន្លងទៅ កីឡាករបានចុះកិច្ចសន្យា លេងជាមួយក្រុមម្ចាស់ជើងឯក នៃប្រទេសអ៊ីតាលី សម្រាប់រយៈពេល ៤ឆ្នាំ ហើយសារព័ត៌មានអ៊ីតាលី បានបង្ហើបឲ្យដឹងថា កីឡាករ រ៉ូណាល់ដូ ទទួលបានបៀវត្សន៍ ៣០លានអ៊ឺរ៉ូ ក្នុងមួយឆ្នាំៗ (មួយរដូវកាលៗ) ឬមានន័យថា កីឡាករ មានបៀវត្សន៍ ៨២ ២០០អ៊ឺរ៉ូ (ប្រមាណជា ៩៧ ០០០ដុល្លារអាមេរិក) ក្នុងមួយថ្ងៃៗ៕