ភ្នាក់ងាររៀបចំបុណ្យសព រងការចោទពីបទបានគាស់ធ្មេញមាសពីសព
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី២១ កក្កដា ២០១៨
- កែប្រែចុងក្រោយ: July 22, 2018
- ប្រធានបទ: ធ្មេញមាស
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
គឺបុគ្គលិករបស់សហគ្រាស ទទួលបន្ទុករៀបចំបុណ្យសពនោះ ដែលបានប្រទះឃើញអាថ៌កំបាំង ដ៏ហួសចិត្ត និងបន្ទាប់មក បានជូនដំណឹងទៅនគរបាល។ ហើយភ្លាមៗ គឺនៅថ្ងៃសុក្រសប្ដាហ៍មុន ក្នុងក្រុងលីយ៉ុង (Lyon - ភាគខាងត្បូងប្រទេសបារាំង) អ្នកទទួលខុសត្រូវមួយរូបរបស់សហគ្រាស ត្រូវបានចាប់ខ្លួន និងដាក់ឃុំជាបណ្ដោះអាសន្ន ដើម្បីធ្វើការស៊ើបអង្កេត ពីបទ«បំពានលើរាងកាយ របស់សាកសព»។
បន្ទាប់មក នៅថ្ងៃចន្ទសប្ដាហ៍នេះ បុរសរូបនោះត្រូវបានដោះលែង តែត្រូវស្ថិតក្រោមការត្រួតពិនិត្យ របស់ប្រព័ន្ធតុលាការ ដើម្បីរង់ចាំថ្ងៃបើកការជំនុំជម្រះ។ អាជ្ញាធរបានសង្ស័យជាផ្លូវការ ថាអ្នកទទួលខុសត្រូវ សហគ្រាសរៀបចំបុណ្យសពមួយនេះ បានលួចធ្មេញមាសពីសព នៅខណៈពេលសាកសព ត្រូវបានតំកល់ក្នុងសាលធ្វើបុណ្យ និងនៅមុនពេលដាក់សាកសព ចូលក្ដាមឈូស។
ភ្នាក់ងារនគរបាល នៃស្នងការដ្ឋានសង្កាត់ទី៥ របស់ក្រុង លីយ៉ុង រួមនឹងភ្នាក់ងារនគរបាល នៃស្នងការដ្ឋានតំបន់ផង បានចាប់ផ្ដើមការអង្កេតរបស់ខ្លួន បន្ទាប់ពីបានទទួលដំណឹង ពីស្ត្រីវ័យក្មេងម្នាក់ ដែលទទួលបន្ទុក ខាងចំអាសសព នៅក្នុងសហគ្រាស។
មាត់សពរហែក និងប្រអប់ដាក់ធ្មេញមាស...
សាកសពមួយ ពីក្នុងចំណោមសាកសពជាច្រើន ដែលត្រូវបានចំអាស នៅមុនដាក់ចូលក្នុងក្ដាមឈូស មានស្លាកស្នាមរហែក នៅត្រង់មាត់ ខុសប្រក្រតី។ ស្ត្រីវ័យក្មេង បានសង្កេតឃើញដូច្នេះ និងបានបន្តសំលឹងទៅខាងក្នុងមាត់របស់សាកសព ក៏ស្រាប់តែឃើញធ្មេញមួយចំនួនរបស់សព បានបាក់ និងមួយចំនួនទៀត បានបាត់ បង្កឲ្យមានចន្លោះ គួរឲ្យសង្ស័យ។ នាងថែមទាំងបានប្រទះឃើញ ប្រអប់មួយដាក់សុទ្ធតែធ្មេញមាស នៅក្នុងរថយន្ដរបស់សហគ្រាស ដែលត្រូវបានប្រើ សម្រាប់ដឹកសពនោះផងទៀត។ ដោយសារការរកឃើញទាំងនេះ ទើបស្ត្រីអ្នកចំអាសសព បានសម្រេចចិត្ត ប្ដឹងឡើងទៅនគរបាល។
នៅក្នុងការឆែកឆេរ របស់ក្រុមនគរបាល ប្រអប់មួយដែលមានផ្ទុកពេញ ដោយធ្មេញមាស ត្រូវបានរកឃើញពិតមែន។ ការស៊ើបអង្កេតរបស់អាជ្ញាធរនៅពេលនេះ ផ្ដោតសំខាន់ទៅលើទំហំ នៃអំពើល្មើស ពីជនរួមគំនិត និងស្វែងរកបណ្ដាញទទួលទិញធ្មេញមាស ខណៈបុរសសង្ស័យខាងលើ បានចាត់ចែងបុណ្យសពដូច្នេះ តាំងពីឆ្នាំ២០០៦មក។
សំនុំរឿងខាងលើ បានធ្វើឲ្យគេនឹកឃើញឡើងវិញ ពីសំនុំរឿងរបស់អ្នកជីកដីកប់សព ចំនួនបីនាក់ និងអ្នកឆ្លាក់ថ្មម្នាក់ ដែលត្រូវបានឃាត់ខ្លួន ក្នុងឆ្នាំ២០១៣ បន្ទាប់ពីពួកគេបានលួចគ្រឿងអលង្កា ប្រមាណជា ១៥០ គ្រឿង រួមនឹងធ្មេញមាសជាច្រើនទៀត ចេញពីសាកសពជាច្រើន នៅក្នុងតំបន់ដដែល។ ពួកគេទាំង៤នាក់ ទើបត្រូវបានតុលាការក្រុង លីយ៉ុង ផ្ដន្ទាទោស នៅក្នុងខែឧសភា ឆ្នាំ២០១៧កន្លងទៅនេះ ឲ្យអ្នកជីកដីបីនាក់ ជាប់ពន្ធនាគារ ក្នុងម្នាក់ៗ ១០ខែ (ពីរនាក់ត្រូវបានព្យួទោស) និងពិន័យជាប្រាក់ ក្នុងម្នាក់ៗ ៣០០០អ៊ឺរ៉ូ ខណៈអ្នកឆ្លាក់ថ្មម្នាក់នោះ គ្រាន់តែរងការពិន័យ ជាប្រាក់ប៉ុណ្ណោះ៕