ទំព័រហ្វេសប៊ុក CNRM ចែករំលែករូបភាពឃោសនាឲ្យ ហ៊ុន សែន?
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី២១ កក្កដា ២០១៨
- កែប្រែចុងក្រោយ: July 21, 2018
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ប្រសិនជាគេឧស្សាហ៍ឃើញ ទំព័រហ្វេសប៊ុករបស់ចលនាសង្គ្រោះជាតិ ដែលដាក់ឈ្មោះ ជាភាសាអង់គ្លេស «Cambodia National Rescue Movement - CNRM» តែបង្ហោះសារ រូបភាព ឬចែករំលែកការបង្ហោះផ្សេងៗ ប្រឆាំងរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះ តែកាលពីម្សិលម៉ិញ គេបែរជាឃើញទំព័រមួយនេះ បានចែករំលែកការបង្ហោះមួយ ដែលមាននិន្នាការឃោសនា ឲ្យលោក ហ៊ុន សែន ទៅវិញ។
ការបង្ហោះនោះ ធ្វើឡើងដោយទំព័រមួយ ដាក់ឈ្មោះ «Kroko ក្រគរ ជួយ ក្រគរ» បង្ហាញពីសកម្មភាពលោក កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា និងក្រុមមន្ត្រីរបស់អគ្គិសនីកម្ពុជា ចុះជួបកងទ័ពដែលឈរជើង ក្នុងស្រុកវាលវែង ជាប់ព្រំប្រទល់ថៃ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨។ ទំព័រ «Kroko ក្រគរ ជួយ ក្រគរ» បានបង្ហោះរូបភាពជាច្រើន នៃការចុះជួបនោះ ដោយប្រើពាក្យពេជន៍ល្អៗ សរសើរលោក ហ៊ុន សែន ដូច្នេះថា៖
«ថ្ងៃឬយប់ ភ្លៀងឬបើកថ្ងៃ ទឹកដីត្រូវការពារគ្រប់ពេល នេះជាឱវាទរបស់សម្តេចតេជោ ហ៊ុន សែន។ សម្តេចបានកែប្រែតំបន់ វាលវែង-ថ្មដា ដែលជាសមរភូមិបង្ហូរឈាម ពេលខ្មែរបែកបាក់ពីមុន មកជាតំបន់សុខសាន្ត និងការអភិវឌ្ឍ។ ចំការមីន ក្លាយជាចំការពោត អំពៅ ក្រូចពោធិ៍សាត់ ខ្នុរ ចេក ។ល។ ផ្លូវនិងភ្លើង បានមកដល់ តំបន់ដាច់ស្រយ៉ាលនេះ បើកផ្លូវសម្រាប់ការកសាងជាតិបន្ថែម ជាមួយប្រទេសជិតខាង។»
ទំព័រដដែលនោះ បានសរសេរឃោសនា ឲ្យបុរសខ្លាំងកម្ពុជាទៀតថា៖ «កងទ័ពប្តេជ្ញាការពារទឹកដី និងជួយកសាងប្រទេស តាមគន្លងដឹកនាំ ដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន»។
នៅមិនទាន់ដឹងមូលហេតុពិតប្រាកដ ដែលទំព័រហ្វេសប៊ុករបស់ចលនាប្រឆាំង «CNRM» បានជួយចែករំលែក ការបង្ហោះបែបឃោសនា ឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នេះនៅឡើយ។ មន្ត្រីគណបក្សសង្គ្រោះជាតិមួយរូប នៅក្នុងប្រទេសបារាំង បានបដិសេធមិនធ្វើអត្ថាធិប្បាយ ជុំវិញរឿងនេះ ដោយសារ តែអ្នកកាន់ទំព័រហ្វេសប៊ុក របស់ចលនាសង្គ្រោះជាតិ មានទីតាំង នៅសហរដ្ឋអាមេរិកទាំងអស់។ មន្ត្រីរូបនោះ ដែលមិនចង់បញ្ចេញអត្តសញ្ញាណ គ្រាន់តែនិយាយថា ការចែករំលែកនេះ អាចជាការភ័ន្ដច្រឡំ៕