សម រង្ស៊ី និងមន្ត្រីប្រឆាំង៥នាក់ ត្រូវតុលាការកោះឲ្យចូលខ្លួនក្នុងរឿងបង្កើតចលនា
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី០៤ មេសា ២០១៨
- កែប្រែចុងក្រោយ: April 04, 2018
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នៅថ្ងៃទី៤ ខែមេសានេះ លោក សៀង សុខ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាចំនួន៦ ខុសៗគ្នា កោះហៅមេដឹកនាំ និងមន្ត្រីជាន់ខ្ពស់ ទាំង៦នាក់ របស់គណបក្សប្រឆាំង ដែលសព្វថ្ងៃរងការចោទប្រកាន់ថា បានបង្កើតចលនាសង្គ្រោះជាតិ ខុសច្បាប់ បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរ ក្នុងសង្គម ប៉ះពាល់ដល់សន្តិសុខជាតិ ក្នុងគោលបំណង ផ្តួលរំលំអាជ្ញាធរស្របច្បាប់ នៅកម្ពុជា។
មេដឹកនាំ និងមន្ត្រីជាន់ខ្ពស់ទាំង៦នាក់នោះ រួមមានលោកក សម រង្ស៊ី ត្រូវចូលខ្លួន នៅថ្ងៃទី២២ ខែឧសភា - លោក អេង ឆៃអ៊ាង ត្រូវចូលខ្លួន នៅថ្ងៃទី២៣ ខែឧសភា - អ្នកស្រី ជូឡុង សូមួរ៉ា កោះហៅចូលថ្ងៃទី២៤ ខែឧសភា - លោក ហូរ វ៉ាន់ ត្រូវចូលខ្លួន នៅថ្ងៃទី២៨ ខែឧសភា - លោក នុត រំដួល ត្រូវចូលខ្លួន នៅថ្ងៃទី២៩ ខែឧសភា និងលោក តុ វ៉ាន់ចាន់ ត្រូវចូលខ្លួន នៅថ្ងៃទី៣០ ខែឧសភា។ អ្នកទាំង៦ ដែលត្រូវលោក សៀង សុខ ហៅថា ជា«ជនសង្ស័យ» ត្រូវចូលខ្លួន នៅវេលាព្រឹកម៉ោង៩ ដូចគ្នាទាំងអស់។
ដីកាទាំង៦ ដែលចុះហត្ថលេខា ដោយលោក សៀង សុខ តាំងពីថ្ងៃទី៣០ ខែមីនា ត្រូវបានមន្ត្រីនគរបាល យកទៅបិទនៅតាមរបងផ្ទះ របស់មន្ត្រីបក្សប្រឆាំងទាំង៦រូប ក្នុងព្រឹកថ្ងៃទី៤ ខែមេសានេះ។
ចំពោះប្រធានចលនាសង្គ្រោះជាតិ លោក សម រង្ស៊ី នេះជាក្ដីមួយទៀត បន្ថែមពីលើសម្ពាយក្ដី ដែលមានចំនួន មិនតិចជាង១០សំណុំរឿង នៅក្នុងប្រព័ន្ធតុលាការកម្ពុជា។ ប៉ុន្តែមេដឹកនាំប្រឆាំង ដែលជាគូបដិបក្ខនយោបាយ ដ៏ស្រួចស្រាវ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាង កាលពីប៉ុន្មានថ្ងៃមុនរួចហើយថា សំណុំរឿងទាំងអស់នេះ គ្រាន់តែជា«ឆាកកំប្លែង» «គ្មានន័យ» និង«គួរឲ្យអស់សំណើច» ដែលបង្ហាញពី «ភាពភ័យខ្លាចរបស់លោក ហ៊ុន សែន និងការខិតខំទាំងអស់សង្ឃឹម» ដើម្បីផាត់រូបលោក ចេញពីការបោះឆ្នោតប៉ុណ្ណោះ។
ចលនាសង្គ្រោះជាតិ ត្រូវបានបង្កើតឡើងជាផ្លូវការ នៅសហរដ្ឋអាមេរិក កាលពីចុងខែមករា ដោយមន្ត្រីច្រើននាក់ ពីគណបក្សសង្គ្រោះជាតិ និងអ្នកគាំទ្រ នៅជុំវិញពិភពលោក ក្នុងគោលបំណងដើម្បីអ្វីមួយ ដែលក្រុមមន្ត្រីទាំងនេះ ហៅថា ជា«សន្ទុះថ្មី» និង«យុទ្ធសាស្ត្រ» ដើម្បី«លើកទឹកចិត្ត និងបំផុសបំផុល កម្លាំងស្នេហាជាតិ និងកម្លាំងប្រជាធិបតេយ្យ ក្នុងគោលបំណងបង្កើនប្រសិទ្ធភាព នៃការតស៊ូ» របស់គណបក្សសង្គ្រោះជាតិ និងដំណើរដើរឡើងវិញ នូវលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា។
ក្បាលម៉ាស៊ីនដឹកនាំ របស់ចលនានេះ មានតែប៉ុន្មាននាក់ប៉ុណ្ណោះ ដែលបានឡើងបង្ហាញខ្លួន នៅក្នុងពិធីបង្កើតចលនា ក្នុងនោះមានលោក សម រង្ស៊ី ជាប្រធានចលនា លោក លី សុខា ជាអនុប្រធាន និងលោក រី គា ជាអគ្គលេខាធិការ។ ផ្ទុយទៅវិញ ចលនាថ្មីថ្មោងនេះ មិនទទួលបានការគាំទ្រ ទាំងស្រុងពីមន្ត្រីគណបក្សសង្គ្រោះជាតិ ដែលមានកូតា មកពីគណបក្សសិទ្ធិមនុស្សនោះទេ៕