អាមេរិក៖ ស្ត្រីម្នាក់បើកបរ ជាមួយនឹង«ទីទុយ» ជាប់ក្នុងឃ្លុបឡានខាងមុខ (វីដេអូ)
- ដោយ: សេក មនោរកុមារ
- កែប្រែចុងក្រោយ: February 10, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
កូណេ វីលៀវ (Coney Williaws) ស្ត្រីដែលជាអ្នកកាន់ចង្កូតរថយន្ដម្នាក់ នៅក្រុងផ្លេនតាសិន (Plantation) ក្នុងរដ្ឋផ្ល័រីដ (Floride) នោះ បានរកឃើញ«អ្នកដំណើរមិនបានអញ្ជើញម្នាក់» នៅក្នុងរថយន្តរបស់នាង៖ សត្វទីទុយ ជាប់នៅក្នុងឃ្លុបខាងមុខនៃរថយន្ដរបស់នាង។
សត្វទីទុយ ជាប់នៅក្នុងឃ្លុប សម្លឹងមើលមកក្រៅ តាមសំណាញ់របាំងរថយន្ដខាងមុខ។ រូបចម្លងពីអេក្រង់វីដេអូ។
ស្ត្រីអ្នកកាន់ចង្កូតនេះ បើករថយន្ដធុន ៤X៤ របស់នាង ទៅកាន់ក្រុងផ្លេនតាសិន ក្នុងរដ្ឋផ្ល័រីដ។ ពេលនោះជាពេលយប់ ដែលងងឹកមើលអ្វីមិនឃើញ ហើយនាងបានជួបបុកនឹងសត្វអ្វីមួយ ដែលនាងបានគិតថា គ្រាន់តែជាសត្វស្លាបតូចមួយប៉ុណ្ណោះ។ ដោយហេតុនេះហើយ ទើបកូណេបានជ្រើសរើស ការបន្តដំណើររហូតដល់ទិសដៅ ហើយបានចតរថយន្ដរបស់នាង ទៅក្នុងចំណតរថយន្ដ ដោយមិនចាប់អារម្មណ៍ នឹងអ្វីទាំងអស់។
«អ្នកឯងមានអ្វីមួយ នៅក្នុងឃ្លុប ...»
ប៉ុន្តែរហូតមកដល់ព្រឹកស្អែកឡើង ទើបកូណេ បានដឹងថា នាងមិនបានបុកសត្វស្លាបតូចមួយនោះទេ។ គ្រួសារមួយ ដែលចតរថយន្ដនៅជាប់ នឹងរថយន្ដរបស់នាង បានទូរស័ព្ទហៅមកនាង ហើយនិយាយប្រាប់ថា «ចូរអ្នកកុំធ្វើអ្វីទាំងអស់ ព្រោះមានអ្វីមួយ នៅក្នុងឃ្លុបខាងមុខ នៃរថយន្ដរបស់អ្នក»។ បន្ទាប់ក្រោយមក ពួកគេនោះបានបន្តទៀតថា «ជាសត្វទីទុយមួយក្បាល»។ នាងកូណេ ភ្ញាក់ព្រើត «សត្វទីទុយ» !!??
សត្វទីទុយ នៅមានសុខភាពល្អ
នៅពេលនាងមកដល់ និងបានពិនិត្យដោយផ្ទាល់ភ្នែករបស់នាងនោះ ស្ត្រីជនជាតិអាមេរិកាំងរូបនេះ បានយល់និងឃើញ សត្វទីទុយមួយក្បាល មានភ្នែកមូលធំៗមួយគូ បញ្ចេញពន្លឺពណ៌លឿង កំពុងសម្លឺងមកនាងវិញ តាមសំណាញ់របាំងខាងមុខ នៃរថយន្ដរបស់នាង។ នាងកូណេក៏បានហៅជាបន្ទាន់ ទៅកាន់ភ្នាក់ងារការពារសត្វ ដើម្បីសុំកិច្ចអន្តរាគមន៍។ នៅពេលភ្នាក់ងារម្នាក់នោះមកដល់ គាត់បានបើកឃ្លុបរថយន្ដឡើង ហើយចាប់បីដោយថ្នមៗ សត្វទីទុយដ៏កំសត់ យកចេញមកក្រៅ។
មើលទៅ សត្វស្លាប មិនមានរងរបួសអ្វីឡើយ ហើយទំនងជានៅមានសុខភាពល្អដូចធម្មតា៕
សូមទស្សនាវីដេអូខាងក្រោម ដែលនិយាយពីព័ត៌មានដ៏ពិសេសនេះ៖
-----------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស ថ្ងៃទី១០ ខែកុម្ភះ ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ