អូស្ត្រាលី៖ យុវជនអាយុ២៥ឆ្នាំអស់ធ្មេញ ដោយផឹកសូដាផ្អែមច្រើនជ្រុល
សុខភាព៖ ជាកុសលល្អ ដែលវេជ្ជសាស្ត្រក្នុងសម័យនេះ អនុញ្ញាតអោយនាយ អាចពាក់ធ្មេញសិប្បនិមិត្តបាន។
យុវជន វីល្លៀម កេណេវែល និងធ្មេញសិប្បនិមិត្តរបស់នាយ។
ទើបតែមានអាយុ ២៥ឆ្នាំប៉ុណ្ណោះ តែយុវជនកម្លាំងពេញម្នាក់នេះ អស់ធ្មេញពីមាត់រលីងទៅហើយ។ វីល្លៀម កេណេវែល (William Kennewell) ជនជាតិអូស្ត្រាលី ធ្លាប់បានផឹកទឹកសូដា ពី៦ទៅ៨លីត្រក្នុងមួយថ្ងៃ ក្នុងរយះពេល៣ឆ្នាំ ហើយបានធ្វើអោយនាយជ្រុះធ្មេញអស់ ដោយដាក់ជំនួសនៅថ្ងៃនេះ នូវធ្មេញសិប្បនិមិត្តវិញ។ នេះជាការអោយដឹងរបស់ សារព័ត៌មានប្រចាំថ្ងៃ អាឌឺឡេដ ណាវ (Adelaide Now)។
«រឿងនេះចាប់ផ្ដើម នៅពេលដែលខ្ញុំមិនចូលចិត្តផឹកទឹកសោះ ហើយខណៈខ្ញុំធ្វើការនៅភោជនីយដ្ឋាន ខ្ញុំងាយនឹងរកបាន នូវភេសជ្ជះកូកាកូឡា មកផឹក» នេះជាការរំលឹកឡើងវិញ ពីការចាប់ផ្ដើមជីវិត«ឯករាជ្យ»ដំបូងរបស់ យុវជននេះ និងបាននិយាយអោយដឹងថា ខ្លួនបានធ្វើមិនដឹងមិនលឺពីដំបូន្មាន ដែលផ្ដល់ដោយទន្ដពេទ្យរបស់ខ្លួន។ «ធម្មតា មនុស្សម្នាក់ ត្រូវមានធ្មេញ៣២ តែខ្ញុំមាននៅសល់១៣ធ្មេញទៀតប៉ុណ្ណោះ ដែលត្រូវដកចេញទៀត នៅពេលក្រោយបន្តិចមក។» វិល្លៀម បានបន្ថែម។ លើសពីការបាត់បង់ធ្មេញរបស់យុវជន ការទទួលទានច្រើនជ្រុល នៃភេសជ្ជះមានជាតិសូដាផ្អែម បានបង្កអោយមានបញ្ហា ទៅលើដំណើររត់ក្នុងឈាម និងបេះដូងរបស់នាយថែមទៀត។
ទោះជាយ៉ាងណាក៏ដោយ វិល្លៀម កេណេវែល បានបញ្ជាក់ថា ក្នុងពេលបច្ចុប្បន្ន នាយមានអារម្មណ៍ល្អប្រសើរ ជាមួយនឹងធ្មេញសិប្បនិមិត្តនេះច្រើនជាង។
ដំណើរផ្សងព្រេងក្នុងជីវិត ជាមួយនឹងធ្មេញធម្មជាតិរបស់យុវជន ត្រូវបានបិតបញ្ចប់ តែក៏បានពញាក់អាជ្ញាធរមានសមត្ថកិច្ច ផ្នែកសុខភាពរបស់ប្រទេសដែរ អោយចាត់វិធានការដើម្បីរំលឹកទៅដល់ អ្នកទទួលទានសូដា ដែលមានវ័យក្មេងទាំងឡាយផ្សេងទៀត។ ការសិក្សាវិភាគមួយ របស់មជ្ឈមណ្ឌលស្រាវជ្រាវអូស្ត្រាលី ផ្នែកសុខភាព បានបង្ហាញថា៥៦% នៃបណ្ដាជនវ័យក្មេងអូស្ត្រាលី ១៦៨០០នាក់ អាយុពី៥ដល់១៦ឆ្នាំ ទទួលទានសូដា (ទឹកផ្លែឈើ) ដែលមាន រសជាតិផ្អែម យ៉ាងហោចមួយដបក្នុងថ្ងៃ។ ស្ថាប័ននេះបានសំនូមពរអោយ ដាក់សញ្ញាសម្គាល់នៅលើសំបកដប ដើម្បីនិយាយរំលឹកពីគ្រោះថ្នាក់ដល់សុខភាព បន្ទាប់ពីបានទទួលទានភេសជ្ជះទាំងនេះរួច ជាពិសេសទៅលើធ្មេញ៕
--------------------------------------------------
ដោយ៖ ឈូករ័ត្ន - ប៉ារីស ថ្ងៃទី ០៩ ខែកម្ភះ ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ