ទុកកូនពិការចោលក្នុងព្រៃ ដើម្បីខ្លួនបានទៅនៅជាមួយប្រុសស្នេហ៍
- ដោយ: សុបិន្ដ អត្ថបទ៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី១៥ មេសា ២០១៥
- កែប្រែចុងក្រោយ: April 16, 2015
- ប្រធានបទ: ហួសចិត្ត
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ស្ត្រីអាយុ៤១ឆ្នាំ ត្រូវបានអាជ្ញាធរសង្ស័យថា បានទុកកូនប្រុស ដែលពិការ ស្វិតដៃជើងដ៏ធ្ងន់ធ្ងរ ចោលនៅក្នុងព្រៃ ដើម្បីទៅរស់នៅជាមួយ បុរសជាគូកំណាន់របស់ខ្លួន។ ហេតុការណ៍ដ៏គួរឲ្យតក់ស្លុត ចំពោះយុវជនពិការ ត្រូវបានស្ថានីយ៍ទូរទស្សន៍ CBS News យកមករាយការណ៍ កាលពីចុងសប្ដាហ៍នេះ បង្កឲ្យមានកំហឹងផ្ទុះឡើង នៅសហរដ្ឋអាមេរិក។ ស្ត្រីរូបនោះ ត្រូវបានអាជ្ញាធរឃាត់ខ្លួន បន្ទាប់ពីយុវជនពិការ ជាកូន ត្រូវបានរកឃើញ នៅក្នុងព្រៃ កូបក្រិក (Cobbs Creek) នៃរដ្ឋហ្វីឡាដែលហ្វី កាលពីថ្ងៃសុក្រសប្ដាហ៍មុន។
រកឃើញ នៅក្នុងភួយ ជាមួយនឹងគុម្ពីព្រះគ្រីស្ទ៍
នៅពេលដែល ត្រូវបានរកឃើញដំបូង យុវជនដែលស្វិតដៃជើង បានដេកស្ងៀម នៅក្នុងភួយ ហើយមានសៀវភៅ គុម្ពីព្រះគ្រីស្ទ៍មួយក្បាល នៅពីលើខ្លួន។ រទេះរុញ សម្រាប់ជនពិការ ក៏ស្ថិតនៅជិតនេះដែរ។ យុវជនកំសត់ បាននៅដេកស្ងៀមរបៀបនេះ អស់រយៈពេលជាច្រើនថ្ងៃមកហើយ អត់ទឹក គ្មានអាហារ រហូតលុះត្រាយុវជន ត្រូវបានអ្នកដើរកំសាន្ដម្នាក់ ប្រទះឃើញ ហើយជួយយកអាសារ។
យុវជនត្រូវបានបញ្ជូន ឲ្យទៅពិនិត្យព្យាបាលខ្លួន នៅមន្ទីរពេទ្យ ហ្វីឡាដែលហ្វី ព្រោះអាការៈ ខ្សោះជាតិទឹក និងខ្វះចំណី ព្រមទាំងមានបញ្ហា ដល់ភ្នែកទាំងគូ។ ស្ថានភាពរបស់យុវជន នៅថ្ងៃនេះ មានសភាពធម្មតា មិនប្រែប្រួលអ្វីឡើយ។
បើតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិកាំង បានឲ្យដឹងថា ម្ដាយរបស់យុវជនពិការ បានទុកកូនខ្លួនចោល ក្នុងព្រៃ ហើយបានធ្វើដំណើរ តាមរថយន្ដក្រុង ដើម្បីរស់នៅ ជាមួយប្រុសស្នេហ៍របស់ខ្លួន ដែលកំពុងរស់នៅ ក្នុងរដ្ឋម៉ារីឡេន។ អាជ្ញាធរបានរកឃើញ បទចោទជាច្រើន សម្រាប់ដាក់បន្ទុក ប្រឆាំងនឹងស្ត្រីជាម្ដាយរូបនេះ ក្នុងនោះ មាន«បង្ករបួសស្នាម» «ការខ្ជីខ្ជារ» «ការបង្ខាំងខ្លួនខុសច្បាប់» និង«មិនយកអាសារជន ដែលត្រូវការជំនួយ» ជាដើម៕