វាយបីដៃខៀវភ្នែក ព្រោះឃាត់មិនឲ្យរួមរ័ក្សក្នុងរថយន្ដសង្គ្រោះ!
- ដោយ: ដារី អត្ថបទ ៖ ដាវី ([email protected]) - ភ្នំពេញ ថ្ងៃទី ១៦ មេសា ២០១៥
- កែប្រែចុងក្រោយ: April 16, 2015
- ប្រធានបទ: ហួសចិត្ត
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
កាលពីថ្ងៃទី១៥ ខែកុម្ភៈកន្លងទៅ ក្រុមអ្នកជួយសង្គ្រោះបន្ទាន់មួយ បានចូលទៅក្រុង គ្រីមបាយ (Grimsby ភាគខាងកើត នៃចក្រភពអង់គ្លេស) ដើម្បីជួយទៅពិនិត្យព្យាបាល បុរសចំណាស់ម្នាក់ អាយុ ៩២ ឆ្នាំ ដែលជួបអាការៈ ឈឺចាប់ក្នុងទ្រូង យ៉ាងខ្លាំង។ ក្រុមអ្នកជួយសង្គ្រោះ បានចូលទៅក្នុងគេហដ្ឋាន របស់បុរសចំណាស់ ដោយបានទុកទ្វារថយន្ដសង្គ្រោះអ្នកជំងឺរបស់ពួកគេ នៅចំហរ ដោយពួកគេគិតថា អាចត្រូវការអ្វីៗពីក្នុងរថយន្ដ ដោយមិនចាំបាច់ បើកសោរទ្វារថយន្ដ។ នេះ បើតាមសេចក្ដីរាយការណ៍ របស់សារព័ត៌មានចម្រុះភាសា Huffington Post ចេញផ្សាយ ក្នុងប្រទេសអង់គ្លេស។
ប៉ុន្តែនៅពេលក្រុមអ្នកជួយសង្គ្រោះ បានត្រឡប់មករថយន្ដពួកគេវិញ ស្រាប់តែប្រទះឃើញ រឿងដ៏ហួសចិត្តមួយ បានកើតឡើងក្នុងរថយន្ដ។ យុវជនម្នាក់អាយុ១៨ឆ្នាំ កំពុងធ្វើសកម្មភាពរួមរ័ក្សស្នេហា នៅក្នុងនោះ នៅពីលើរទេះសម្រាប់សែងអ្នកជំងឺ។
ជាប់គុក៣ឆ្នាំ
នៅពេលដែលក្រុមអ្នកជួយសង្គ្រោះ សុំឲ្យយុវជន និងដៃគូ ចេញពីរថយន្ដ ដើម្បីឲ្យពួកគេ អាចធ្វើកិច្ចការជួយសង្គ្រោះ បន្តទៅទៀត ស្រាប់តែយុវជននោះ ប្រតិកម្មមកវិញ យ៉ាងសម្បើមដៃ។ យុវជនដែលមានឈ្មោះ ឃីលី ហារហ្គេវេស (Kyle Hargreaves) និយាយទៅក្រុម អ្នកជួយសង្គ្រោះថា៖ «តើអ្នកឯងមានបញ្ហាអ្វី? យើងគ្រាន់តែ ចង់ធ្វើការរួមរ័ក្សប៉ុណ្ណោះ។» បន្ទាប់មកយុវជននោះ បានស្ទុះទៅវាយបុគ្គលិក អ្នកជួយសង្គ្រោះម្នាក់ ចំនួនបីដៃ ចំកណ្ដាលមុខយ៉ាងដំណំ។ មិនត្រឹមតែប៉ុណ្ណឹង យុវជនដ៏អស្ចារ្យ បានស្ដោះទឹកមាត់ ដល់លើបុគ្គលិកម្នាក់នោះ ថែមទៀត។
ក្រុមនគរបាល បានមកដល់ផ្ទាល់ នឹងកន្លែងភ្លាម បន្ទាប់ពីក្រុមអ្នកជួយសង្គ្រោះ បានចុចលើប៊ូតុង «មានបញ្ហាបន្ទាន់» ដើម្បីហៅកម្លាំងជំនួយ។ សំណាងល្អ បុរសចំណាស់ជាអ្នកជំងឺ មិនបានរងគ្រោះ ដោយសារបញ្ហាជម្លោះ ជាមួយយុវជន ឃីលី ខាងលើនេះទេ។ ប៉ុន្តែបុគ្គលិក ដែលទទួលបានបីដៃពីយុវជន មានភ្នែកម្ខាងឡើងជាំខ្មៅ។ ជាទង្វើដ៏ហួសចិត្ត ដែលតុលាការ បានផ្ដន្ទាទោសយុវជនដៃដល់ កាលពីដើមខែមេសា កន្លងមកនេះ ឲ្យជាប់ពន្ធនាគារ បីឆ្នាំ៕