អាមេរិកឲ្យកម្ពុជាជាប់លេខគ្រាន់ជាងមុន ស្តីពីការជួញដូរមនុស្សឆ្នាំ២០១៦
- ដោយ: កេសរ កូល អត្ថបទ៖ កេសរកូល ([email protected]) - ភ្នំពេញ ថ្ងៃទី០១ កក្កដា ២០១៦
- កែប្រែចុងក្រោយ: July 01, 2016
- ប្រធានបទ: ទាសភាពទំនើប
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
សម្រាប់ឆ្នាំ២០១៦នេះ ប្រទេសកម្ពុជា មានចំណាត់ថ្នាក់លេខ២ ដែលជាចំណាត់ថ្នាក់ល្អជាងចំណាត់ថ្នាក់លេខ ២ ក្នុងបញ្ជីតាមដាន ដែលកម្ពុជាទទួលបាន កាលពីឆ្នាំទៅ នៅក្នុងតារាងវាយតម្លៃរដ្ឋាភិបាលនានា នៅជុំវិញពិភពលោក លើការខិតខំរបស់ពួកគេ ក្នុងការប្រយុទ្ធប្រឆាំង នឹងទាសភាពសម័យទំនើប ហៅជាភាសាអង់គ្លេស «Trafficking in Persons (TIP)»។ ចំណាត់ថ្នាក់លេខ២នេះ បានផ្ដល់ជូនទៅដល់ប្រទេសចំនួន៧៨ ដែលរដ្ឋាភិបាលរបស់ប្រទេសទាំងនោះ មិនបានគោរពឲ្យបានពេញលេញ ចំពោះបទដ្ឋានអប្បបរិមា ដូចមានចែងក្នុងច្បាប់ «TVPA» តែកំពុងមានការខិតខំច្រើនគួរសម ដើម្បីគោរពតាមបទដ្ឋានទាំងនោះ ។
តាមសេចក្ដីប្រកាសព័ត៌មានមួយ របស់ស្ថានទូតអាមេរិកប្រចាំនៅប្រទេសកម្ពុជា ចុះថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៦នេះ បានសរសេរឲ្យដឹងថា ការបានឡើងដល់ចំណាត់ថ្នាក់លេខ២ របស់កម្ពុជា ដោយផ្អែកតាមការខិតខំច្រើនគួរសម របស់រដ្ឋាភិបាលកម្ពុជា នៅក្នុងការប្រយុទ្ធប្រឆាំង នឹងការជួញដូរមនុស្ស នៅក្នុងឆ្នាំកន្លងទៅនេះ។ រដ្ឋាភិបាលកម្ពុជា បានចាប់ផ្តើមអនុវត្ត ផែនការសកម្មភាពជាតិ ដែលត្រូវបានបង្កើតឡើង នៅក្នុងអំឡុងពេល នៃរបាយការណ៍លើកមុន ហើយបានកំណត់ផ្តល់ថវិកា ចំនួន ៥០០.០០០ដុល្លារអាមេរិក ដល់គណៈកម្មាធិការអន្តរក្រសួង ដែលដឹកនាំការងារប្រយុទ្ធប្រឆាំង នឹងការជួញដូរមនុស្ស របស់ប្រទេសកម្ពុជា។
«គោលការណ៍ណែនាំថ្នាក់ជាតិ សំរាប់កំណត់ និងបញ្ជូនជនរងគ្រោះ ត្រូវបានអនុម័ត ហើយអាជ្ញាធរមូលដ្ឋាន បានរកឃើញជនរងគ្រោះ ចំនួន ៥៨៩ នាក់ ដែលជាចំនួន កើនពីចំនួន ៣២៦ នាក់ កាលពីឆ្នាំទៅ»។
សេចក្ដីប្រកាសព័ត៌មានដដែល បានសរសេរទៀតថា៖ «របាយការណ៍ឆ្នាំ ២០១៦ នេះ ក៏បានកត់សំគាល់ឃើញផងដែរ ពីដំណើរជឿនលឿនរបស់ រដ្ឋាភិបាលកម្ពុជា ក្នុងការកាត់ទោស និងដាក់ទោស ពិសេសលើបទល្មើសនៃ ការជួញដូរកំលាំងពលកម្ម។ ក្រៅពីការបញ្ជាក់ពីជោគជ័យទាំងនេះ របាយការណ៍នេះ ថែមទាំងផ្តល់អនុសាសន៍ផងដែរ ហើយបង្ហាញចំណុចនានា សំរាប់ធ្វើការកែលំអ នៅក្នុងការខិតខំរបស់ ប្រទេសកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងទាសភាពសម័យទំនើប។»
គួរបញ្ជាក់ដែរថា របាយការណ៍ «TIP» ប្រចាំឆ្នាំលើកទី ១៦ នេះ មានការរៀបរាប់ពីប្រទេស និងទឹកដីចំនួន ១៨៨ ដោយរាប់បញ្ចូលទាំងសហរដ្ឋអាមេរិកផង។ នៅក្នុងពិធីប្រកាសបាយការណ៍កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦នេះ លោករដ្ឋមន្ត្រី ចន ឃេរី (Jonh Kerry) បានផ្តល់កិត្តិយសដល់វីរៈជន ក្នុងរបាយការណ៍ «TIP» ឆ្នាំ២០១៦ គឺមនុស្សប្រុស ស្រីដែលការខិតខំផ្ទាល់ខ្លួនរបស់គេ បានធ្វើអោយគេមានស្នាដៃលេចធ្លោ នៅក្នុងការប្រយុទ្ធជាសាកល ប្រឆាំងនឹងទាសភាពសម័យទំនើបនេះ។
សេចក្ដីប្រកាសព័ត៌មាន បានបញ្ជាក់ថា របាយការណ៍លំអិតជាភាសាខ្មែរ ទាក់ទងនឹងប្រទេសកម្ពុជា នឹងត្រូវចេញផ្សាយ នៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ។ ប៉ុន្តែលោកអ្នកអាចចូលទៅទស្សនា ឬអានរបាយការណ៍នោះ ជាភាសាអង់គ្លេសបាន នាពេលនេះ ដោយចូលទៅកាន់គេហទំព័រ របស់ក្រសួងការបរទេសអាមេរិក តាមរយៈខ្សែភ្ជាប់នេះ៕