គណៈកម្មការវាយតម្លៃការខូតខាតបង្កឡើងដោយបាតុកម្ម ចង្អុលដាក់បក្សប្រឆាំង
មនុស្សចំនួន៤នាក់បានស្លាប់ ប្រជាពលរដ្ឋនិងកំលាំសមត្ថកិច្ចចំនួន ៦៤នាក់បានរងរបួសនិង មនុស្ស ២៣នាក់បានឃាត់ខ្លួន ព្រមទាំងខូខាតទ្រព្យសម្បតិ្តសាធារណៈរបស់រដ្ឋ និងទ្រព្យសម្បត្តិរបស់ឯកជននៅរាជធានីភ្នំពេញ និងខេត្តចំនួន ជាង៧លានដុល្លារចាប់តាំងថ្ងៃធ្វើបាតុកម្ម ក្រោយការបោះឆ្នោត ថ្ងៃទី២៨កក្កដា ឆ្នាំ២០១៣ រហូតដល់ដើមខែមករា ឆ្នាំ២០១៤ ដែលអាជ្ញាធរបានហៅថា ជាបាតុកម្មខុសច្បាប់ ដែលដឹកនាំដោយគណបក្សសង្គ្រោះជាតិ។ នេះបើយោងទៅតាម ការចេញផ្សាយសេចក្តីសម្រង់ របកគំហើញរបស់គណៈកម្មការវាយតម្លៃការខូតខាត ដែលបង្កឡើងដោយបាតុកម្ម របស់ក្រសួងមហាផ្ទៃដែលបានចេញផ្សាយកាលពីថ្ងៃទី២៦ ខែមិនា។
នៅក្រោយការបំបែកបន្ទាយបាតុកម្មរបស់គណបក្សប្រឆាំង នៅទីលានប្រជាធិបតេយ្យថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O.vary)
បាតុកម្ម - សេចក្តីសម្រង់ពីការវាយតម្លៃ ចេញផ្សាយនៅថ្ងៃទី២៦ ខែមីនា ឲ្យដឹងថា ការខូចខាតទ្រព្យសម្បត្តិសាធារណៈរដ្ឋ និងឯកជននៅរាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួន មានចំនួន៧.៦លានដុល្លារ ដែលក្នុងនោះការខូចខាតនៅរាជធានីភ្នំពេញ មានទៅដល់ជាង៧.៥លានដុល្លារ ខេត្តស្វាយរៀង ជាង៥ម៉ឺនដុល្លារ និងខេត្តកំពង់ឆ្នាំង ជិត២ពាន់ដុល្លារ។ ការខូចខាតទាំងនោះ រាប់បញ្ចូលទៅលើការខូចខាតផ្ទៃកៅស៊ូ មុខសួនកាណាឌីយ៉ាផ្លូវវ៉េងស្រេង មុខសាលារាជធានីភ្នំពេញ ការខូចខាតខឿនបែងចែកចរាចរណ៍ បាក់ក្បាលរ៉ូមប៊ីណេបាញ់ទឹកចំនួន ៣៥ក្បាល ខូចផ្កា ខូចមន្ទីរពេទ្យពហុព្យាបាលឯករាជ្យ និងហាងកាហ្វេជាដើម។ ចំណែកការខូចខាតនៅរោងចក្រកាត់ដេរវិញ មានចំនួនប្រមាណ ៧២លានដុល្លារ ក្នុងនោះរួមមានការខូចទ្រព្យសម្បត្តិ ១៧.២លាន ខូចសង្វាក់ផលិតកម្ម៤៦.២ ខូចសម្ភារៈផ្សេងៗចំនួន៨.៧លាន។
នៅក្នុងរបាយការណ៍បានបញ្ជាក់ថា ការខូចខាតបណ្តាលមកពីបាតុកម្ម ដឹកនាំដោយគណបក្សសង្គ្រោះជាតិ បង្កឲ្យមានការប៉ះទង្គិចគ្នាដោយហិង្សា ក្នុងព្រឹត្តិការណ៍ កាលពីថ្ងៃទី២ និងថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤ នៅតំបន់រោងចក្រយាកជីង និងតាមបណ្តាយផ្លូវវេងស្រេង បានបណ្តាលឲ្យប្រជាពលរដ្ឋស្លាប់ ៤ នាក់ ប្រជាពលរដ្ឋរងរបួស ៣៥ នាក់ កងកម្លាំងរាជអាវុធហត្ថរបួស ២៩ នាក់ កងកម្លាំងនគរបាលជាតិ របួស ១៦ នាក់ ឃាត់ខ្លួនមនុស្ស ២៣ នាក់។
នៅក្នុងរបាយការណ៍នោះបានសរសេរថា ក្រោយការប្រកាសលទ្ធផលបោះឆ្នោតអាណត្តិទី៥ ថ្ងៃទី២៨ កក្កដា ឆ្នាំ២០១៣ គណបក្សសង្គ្រោះជាតិដឹកនាំដោយលោក សម រង្ស៊ី និងលោក កឹម សុខា បានដឹកនាំធ្វើបាតុកម្មជាបន្តបន្ទាប់ ដោយញុះញង់ កុហក បោកប្រាស់ ប្រជាពលរដ្ឋក្នុងនិងក្រៅប្រទេស ព្រមទាំងមតិសាធារណៈ ដើម្បីគៀងគរប្រមូលកំលាំងមនុស្ស និងធនធានហិរញ្ញវត្ថុសំរាប់ចូលរួម និងគាំទ្របាតុកម្មរបស់ខ្លួននៅទីលានប្រជាធិបតេយ្យ ប៉ុន្តែដោយសកម្មភាពបាតុកម្មរបស់ខ្លួន ពុំទទួលបានលទ្ធផលដូចការរំពឹងទុក គណបក្សសង្គ្រោះជាតិបានប្រកាសធ្វើបាតុកម្មជារៀងរាល់ថ្ងៃនៅទីលានប្រជាធិបតេយ្យ ដែលបន្ទាប់មកបាតុកម្មនៅនឹងកន្លែងនេះ ក៏ក្លាយជាបាតុកម្មដើរដង្ហែរតាមដងផ្លូវនានា ក្នុងរាជធានីភ្នំពេញ ទោះបីពុំមានច្បាប់អនុញ្ញាតិពីសាលារាជធានីក្តី។
«បាតុកម្មខុសច្បាប់ ដែលដឺកនាំដោយគណបក្សសង្គ្រោះជាតិ គឺជាសកម្មភាពបង្ករហេតុ ដែលមានផែនការគ្រោងទុក និងមានចេតនាផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ដោយធ្វើការញុះញង់ បង្កឲ្យកើតមានអំពើហិង្សាយ៉ាងអនាធិបតេយ្យ ពេលប៉ះទង្គិចជាមួយកងកម្លាំងសមត្ថកិច្ច រហូតដល់បង្កឲ្យមានការបាត់បង់អាយុជីវិតមនុស្ស របួសកងកម្លាំងសមត្ថកិច្ច ប្រជាពលរដ្ឋ និងមានការឃាត់ខ្លួនមនុស្សមួយចំនួន»។
នៅក្នុងរបាយការណ៍បានលើកឡើងថា បាតុកម្មនេះ បានបង្កឲ្យប៉ះពាល់ដល់សិទ្ធិសេរីភាព សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋ និងវិនិយោគិនដទៃទៀតយ៉ាងធ្ងន់ធ្ងរ ដែលជាសកម្មភាពរំលោភសិទ្ធិមនុស្សវិច្ឆេទកម្មសេដ្ឋកិច្ច វិធ័ង្សនានយោបាយ និងបង្កគ្រោះមហន្តរាយដល់សន្តិសុខជាតិ បំរើឲ្យឧបាយកល និងមហិច្ឆតានយោបាយរបស់គណបក្សសង្គ្រោះជាតិ។ នៅក្នុងរបាយការណ៍នោះបានឲ្យដឹងទៀតថា ៖ «បាតុកម្មខុសច្បាប់ដឹកនាំដោយគណបក្សសង្គ្រោះជាតិ ក៏បង្កឲ្យមានការរើសអើងជាតិសាសន៍ បំបែកបំបាក់សាមគ្គីជាតិបង្កអនាធិបតេយ្យ មិនមានការទទួលខុសត្រូវ និងមិនគោរពច្បាប់ ដែលនៅជាធរមាន»។
លោក គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យស្នងការនគរបាលជាតិបានថ្លែងឲ្យដឹងថា សមត្ថកិច្ចត្រូវរងចាំមើលរបាយការណ៍មួយទៀតដែលស៊ើបអង្កេតដែលបង្កឲ្យមានអំពើរហឹង្សារនៅថ្ងៃទី២និងថ្ងៃទី២ ខែមករា នៅលើវិថីវ៉េងស្រេង ចំណែករបាយការណ៍គ្រាន់តែនិយាយ អំពីបាតុកម្មធ្វើឲ្យខូចខាតដោយសារតែបាតុកម្មប៉ុណ្ណោះ ប៉ន្តែអំពើហឹង្សាដែលនាំឲ្យខូខាតនោះវាទាក់ទងគ្នា។ លោកបានឲ្យដឹងទៀតថា ៖ «ទាក់ទងចំណាត់ការដាក់ទោសពៃ គណបក្សសង្គ្រោះជាតិ គឺហួសសមត្ថភាពខ្ញុំហើយ លុះត្រាតែក្រសួងមហាផ្ទៃ រឺក៏រដ្ឋាភិបាលទើបអាចឆ្លើយបាន»។
លោកស្រី មូរ សុខហួ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានថ្លែងថា គណបក្សសង្គ្រោះជាតិ ពុំអាចទទួលយកបានទេ ចំពោះរបាយការណ៍ ដែលចេញមកពីគណកម្មាធិការមិនឯករាជ្យនោះ គឺពុំទទួលយកបានទេ ថាតើកំាភ្លើង អាវុធទាំងអស់នោះបានមកពីណា? ហើយគណកម្មាធិការនោះ គឺជាក្រសួងមហាផ្ទៃដដែល។ អ្នកស្រីបានថ្លែងថា៖ «នេះគឺជារបាយការណ៍ ចោរចាប់ចោរតែប៉ុណ្ណោះ»។
កាលពីថ្ងៃ ទី១២ ខែ មករា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសបង្កើតគណៈកម្មការ ដើម្បីធ្វើការស៊ើបអង្កេតលើអំពើហិង្សា ដែលបានកើតឡើងនៅផ្លូវ វ៉េងស្រេង ដោយគណៈកម្មការនេះ ដឹកនាំដោយលោក ស ខេង រដ្ឋមន្រ្តីក្រសួង មហាផ្ទៃ៕
------------------------------
ដោយ គិន ង៉ុយ (ទំនាក់ទំនង [email protected]) - ភ្នំពេញ ថ្ងៃទី២៧ មីនា ២០១៤