ហ៊ុន សែន ថាបក្សសង្រ្គោះជាតិ គួរ«ខន្តី»
នាយករដ្ឋមន្រ្តីកម្ពុជាលោក ហ៊ុន សែន មិនបានប្រតិកម្មខ្លាំងក្លា ចំពោះគម្រោងសមាជរបស់គណបក្សសង្រ្គោះជាតិនោះទេ តែបានព្រមានដោយប្រយោលថា កុំធ្វើអ្វីហួសដែនកំណត់របស់ច្បាប់ ហើយគម្បីប្រកាន់ធម៌ខន្តី។ ការលើកឡើងរបស់លោក ហ៊ុន សែន បានកើតឡើងមួយថ្ងៃប៉ុណ្ណោះ ក្រោយការប្រកាសរបស់លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ថានឹងដឹកនាំធ្វើសមាជប្រជាពលរដ្ឋ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៤ នៅទីលានប្រជាធិបតេយ្យ។
លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។
នយោបាយកម្ពុជា - ថ្ងៃទី២៧ មីនា នេះលោក ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងកម្មវិធីមួយនៅខេត្តពោធិ៍សាត់ បានអះអាថា លោកមិនព្រួយបារម្ភ នឹងការធ្វើបាតុកម្មណាមួយនោះទេ តែលោកបានព្រមានថា ការធ្វើបាតុកម្មណាមួយនោះ កុំឲ្យតែផុតពីច្បាប់កំណត់ និងហួសកំណត់ពីការខន្តី។ ការថ្លែងសារនយោបាយ ដែលទំនងសំដៅដល់ការធ្វើសមាជ របស់គណបក្សសង្គ្រោះជាតិ លោកហ៊ុន សែន បានសង្កត់ធ្ងន់ថា ការធ្វើបាតុកម្មជាសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ តែកុំឲ្យឈានទៅដល់ការប្រើអំពើហិង្សា និងការបែកបាក់ជាតិ។
លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ បានថ្លែងក្នុងសន្និសីទកាសែត នៅទីស្នាក់ការកណ្តាល របស់គណបក្សខ្លួន ពីថ្ងៃម្សិលមិញថា គណបក្សសង្រ្គោះជាតិ នឹងដឹកនាំធ្វើសមាជប្រជាពលរដ្ឋ តាមបែបប្រជាធិបតេយ្យ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៤ លើទីលានប្រជាធិបតេយ្យ ក្បែរស្ថានទូតអាមេរិក។ ប្រធានគណបក្សជំទាស់រូបនេះ បានបន្ថែមថា កម្មវិធីនោះ គឺជាសមាជសម្តែងមតិប្រជាពលរដ្ឋ មិនមែនជាបាតុកម្មដើម្បីទម្លាក់រដ្ឋាភិបាល ឬប្រឆាំងគណបក្សនយោបាយណាមួយនោះទេ។
ប្រធានមជ្ឈមណ្ឌលអភិវឌ្ឍន៍ពលរដ្ឋ និងសន្តិភាព លោក យ៉ង់ គឹមអេង បានពន្យល់ថា ការអត់ធ្មត់ ក្នុងការចរចា ដើម្បីសម្រេចបានលទ្ធផលពិតប្រាកដ ក្នុងការកំណែទម្រង់ដ៏ទូលំទូលាយ គឺជាកាតព្វកិច្ចដែល គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ ត្រូវតែប្រកាន់យក។
លោក យ៉ង់ គឹមអេង បញ្ជាក់ថា៖ «យើងឃើញថាបាតុកម្មបណ្តើរចរចាបណ្តើរ ដែលជាការដាក់សម្ពាធ ក៏ដូចជាមិនមានឃើញអ្វីប្លែក។ ហើយរឿងសំខាន់គណបក្សទាំងពីរ ត្រូវតាំងចិត្តឲ្យមុតមាំ ក្នុងការស្វែងរកដំណោះស្រាយរួម។ ហើយត្រូវយកបញ្ហាជាក់ស្តែង ជាអាទិភាព មកជជែក ដោយភាពស្មោះត្រង់។»
គួរកត់សម្គាល់ថា ការធ្វើសមាជរបស់គណបក្សសង្រ្គោះជាតិ គឺបានកើតឡើង ស្របពេលដែលគណៈកម្មការចម្រុះកែទម្រង់ការបោះឆ្នោត របស់គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ បានផ្អាកការចរចាមួយរយៈ ដោយសារមានការខ្វែងគំនិតគ្នា លើលក្ខខណ្ឌកំណែទម្រង់ តែតំណាងក្រុមការងារបច្ចេកទេស នៃគណបក្សទាំងពីរបានអះអាងថា នឹងបន្តជួបជជែកគ្នាជាថ្មី៕
-------------------------------------
ដោយ អ៊ុំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៧ មីនា ២០១៤