យន្ដហោះបាត់ខ្លួន៖ កំទេចរាប់រយទៀត រកឃើញដោយផ្កាយរណបថៃ
- ដោយ: សេក មនោរកុមារ
- កែប្រែចុងក្រោយ: March 27, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ប្រមាណជាជាង៣០០ វត្ថុអណ្ដែតលើផ្ទៃទឹកផ្សេងទៀត ត្រូវបានថតឆ្លុះឃើញដោយប្រព័ន្ធផ្កាយរណប របស់ប្រទេសថៃ នៅលើផ្ទៃមហាសមុទ្រឥណ្ឌាខាងត្បូង នៅថ្ងៃព្រហស្បត្តិ៍ទី២៧ ខែមីនានេះ។ ការថតឆ្លុះរកឃើញ ត្រូវបានផ្សាយឲ្យដឹងនៅមុនពេលបេសកកម្មរុករកនៅកណ្ដាលផ្ទៃមហាសមុទ្រ ត្រូវបានផ្អាកជាថ្មីទៀត ដោយសារស្ថានភាពឧត្តុនិយម មិនអំណោយផល។
រូបភាពថតចម្លងពីការឆ្លុះឃើញ របស់ផ្កាយរណបថៃ។
បាត់យន្ដហោះ - រូបភាពជាច្រើន ពីប្រព័ន្ធផ្កាយរណបរបស់ប្រទេសថៃ បានបង្ហាញពីវត្ថុអណ្ដែតលើផ្ទៃទឹកប្រមាណជា ៣០០ ក្នុងតំបន់រុករកយន្ដហោះប៊ូអីង នៃជើងហោះហើរ MH370 នៅកណ្ដាលមហាសមុទ្រឥណ្ឌាខាងត្បូង។ នាយកប្រតិបត្តិនៃទីភ្នាក់ងារសាធារណៈ GISTDA លោក អាណុដ ស្នីដវង្ស បានថ្លែងបញ្ជាក់ថា «វត្ថុមួយចំនួន ពីក្នុងចំណោមនោះ មានបណ្ដោយប្រវែងរហូតដល់ទៅ១៥ម៉ែត្រ»។
ប៉ុន្តែអ្នកទទួលខុសត្រូវរូបនេះ មិនបានបញ្ជាក់ថា រូបភាពទាំងនេះ ថាជាបំណែកបែកបាក់របស់យន្ដហោះ របស់ក្រុមហ៊ុនម៉ាឡេស៊ីអ៊ែឡាញ ដែលបានបាត់ខ្លួនតាំងពីថ្ងៃទី៨ ខែមីនានោះទេ។ វត្ថុទាំងនេះ បានស្ថិតរាយដេរដាស នៅលើផ្ទៃទឹកជាច្រើនរយគីឡូម៉ែត្រការ៉េ និងស្ថិតនៅចម្ងាយ២០០គីឡូម៉ែត្រ ពីវត្ថុទាំង១២២ ថតឆ្លុះឃើញដោយប្រព័ន្ធផ្កាយរណបរបស់បារាំង ផ្សាយឲ្យដឹងកាលពីមួយថ្ងៃមុន។
ការរុករកបានផ្អាកជាថ្មីទៀត
នៅលើតំបន់ដែលគេសង្ស័យថា ជាកន្លែងដែលយន្ដហោះធ្លាក់នោះ បានរងនូវស្ថានភាពឧត្តុនិយមយ៉ាងអាក្រក់ជាថ្មីទៀត នៅថ្ងៃព្រហស្បត្តិ៍នេះ បង្កឲ្យការរុករកដែលបានចាប់ផ្ដើមធ្វើឡើងវិញ កាលពីថ្ងៃពុធម្សិលម៉ិញ បានផ្អាកសកម្មភាពរបស់ខ្លួនជាថ្មីទៀត។ យន្ដហោះ និងនាវាទាំងអស់ ត្រូវបានហៅឲ្យត្រឡប់មកវិញ។
ក្រុមហ៊ុនធានារ៉ាប់រងចិន ចាប់ផ្ដើមសងប្រាក់ធានារ៉ាប់រង ទៅឲ្យគ្រួសារជនរងគ្រោះ
បើទោះជាបំណែកយន្ដហោះ មិនទាល់ត្រូវបានរកឃើញ និងមូលហេតុពិតប្រាកដរបស់យន្ដហោះ នៅមិនទាន់បានរកឃើញច្បាស់លាស់នៅឡើយ តែក្រុមហ៊ុនធានារ៉ាប់រងចិន ចាប់ផ្ដើមសងប្រាក់ធានារ៉ាប់រង ទៅដល់អតិថិជនរបស់ខ្លួន។ បើតាមសារព័ត៌មានចិនថ្មី បានឲ្យដឹងថា គ្រួសាររបស់ជនរងគ្រោះ យ៉ាងហោចណាស់ចំនួន៧ បានទទួលកាលពីថ្ងៃអង្គារ នូវទឹកប្រាក់ប្រមាណជា ៤,១៧លានយ័ន ពីក្រុមហ៊ុន ឆាណាឡៃហ្វ (China Life) ដែលពួកគេបានទិញការធានារ៉ាប់រង សម្រាប់ធ្វើដំណើរ។ ក្រុមហ៊ុនផ្សេងទៀត ដូចជា ឆាណាប៉ាស៊ីភិក អ៊ិនសួរ៉េន (China Pacific Insurance) ក៏បានអះអាងដែរថាខ្លួន បានបង់ប្រាក់ចំនួន ៥២៥ ០០០យ័ន ទៅគ្រួសារដែលមានសាច់ញាតិរងគ្រោះ នៅលើយន្ដហោះប៊ូអ៊ីង ៧៧៧៕
-----------------------------------
ដោយ សេក មនោរកុមារ (ទំនាក់ទំនង៖ [email protected]) - ប៉ារីស ថ្ងៃទី២è មីនា ២០១៤