កាំជ្រួចកំទេចយន្ដហោះ MH17 «បាញ់ចេញដោយកងពលតូចរ៉ូស្ស៊ី»
- ដោយ: ដ. កែវ ([email protected]) - បារីស ថ្ងៃទី២៥ ឧសភា ២០១៨
- កែប្រែចុងក្រោយ: May 25, 2018
- ប្រធានបទ: គ្រោះអាកាស
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្រុមអ្នកស៊ើបអង្កេត មកពីប្រាំប្រទេស មានប្រទេសហូឡង់ ប៊ែលហ្សិក អ៊ុយក្រែន ម៉ាឡេស៊ី និងប្រទេសអូស្ត្រាលី ដែលមានបេសកកម្មអង្កេត ទៅលើការបាញ់ទម្លាក់យន្តហោះប៊ូអីញ (Boeing 777) ជើងហោះហើរលេខ «MH 17» របស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ីអ៊ែរឡាញ ក្នុងតំបន់ភាគខាងកើត ប្រទេសអ៊ុយក្រែន កាលពី៤ឆ្នាំមុន បានកំណត់អត្តសញ្ញាណថា គឺកងពលលេខ៥៣ របស់កងទ័ពរ៉ូស្ស៊ី ជាអ្នកមានកាំជ្រួចមីស៊ីល ប្រភេទ «Bouk-Telar» នោះ ហើយវាជាកាំជ្រួច ដែលត្រូវបានយកមកប្រើ ដើម្បីបាញ់ទម្លាក់យន្តហោះ។
តំណាងឲ្យក្រុមអ្នកស៊ើបអង្កេតអន្តរជាតិ លោក «Wilbert Paulissen» បានថ្លែងឡើង នៅក្នុងសន្និសីទសារព័ត៌មាន កាលពីរសៀលថ្ងៃព្រហស្បត្តិ៍ នាក្រុងឡាអេ ប្រទេសហូឡង់ថា៖ «កាំជ្រួចប្រភេទ "Bouk-Telar" ដែលបានកំទេចយន្ដហោះ "MH17" ត្រូវបានបាញ់ចេញ ពីកងពលការពារដែនអាកាស លេខ ៥៣ ដែលមានមូលដ្ឋាន ក្នុងក្រុង "Koursk" នៃប្រទេសរ៉ូស្ស៊ី»។
លោកបានបញ្ជាក់បន្ថែមថា៖ «កងពលលេខ ៥៣នេះ ជាផ្នែកមួយ នៃកងទ័ពរ៉ូស្ស៊ី»។
អ្នកដំណើរ២៨៣នាក់ និងអ្នកបម្រើការលើយន្ដហោះ ១៥នាក់ បានស្លាប់ នៅពេលដែលយន្តហោះ «MH 17» បានប៉ះជាមួយនឹងកាំជ្រួច ប្រឆាំងយន្ដហោះមួយគ្រាប់ ដែលត្រូវបានបាញ់ចេញពីដី កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៤។
ឧបទ្ទវហេតុនេះ បានកើតមានឡើង នៅពេលដែលយន្តហោះ របស់ក្រុមហ៊ុនម៉ាឡេស៊ីអ៊ែរឡាញ បានហោះប្រហែល៣ម៉ោង ចេញពីរាជធានី អាមស្ទែដាម (ប្រទេសហូឡង់) ឆ្ពោះទៅកាន់រាជធានី គូឡាឡាំពួរ (ប្រទេសម៉ាឡេស៊ី) មកដល់ត្រង់ចំណុច ជិតក្រុង ដូនិក (Donetsk) ភាគខាងកើត នៃប្រទេសអ៊ុយក្រែន ដែលកំពុងស្ថិតនៅក្រោម ការប្រទាញប្រទង់គ្នា រវាងកងទ័ពអ៊ុយក្រែន និងក្រុមប្រដាប់អាវុធ និយមបំបែកទឹកដីអ៊ុយក្រែន ស្និតនឹងប្រទេសរ៉ូស្ស៊ី។
ប៉ុន្តែការលើកឡើងខាងលើ របស់ក្រុមអ្នកស៊ើបអង្កេតអន្តរជាតិ ត្រូវបានកងទ័ពរ៉ូស្ស៊ីច្រានចោលភ្លាមៗ ក្នុងល្ងាចថ្ងៃព្រហស្បត្តិ៍ដដែល។ សេចក្ដីប្រកាសព័ត៌មានមួយ ដែលចេញផ្សាយ ដោយក្រសួងការពារជាតិរ៉ូស្ស៊ី បានអះអាងថា គ្មានកាំជ្រួចរ៉ូស្ស៊ីណាមួយ បានឆ្លងកាត់ព្រំដែន រ៉ូស្ស៊ី-អ៊ុយក្រែន ទេ និងបានទម្លាក់កំហុស នៃឧបទ្ទវហេតុនេះ ទៅលើរដ្ឋាភិបាលក្រុង គៀវ (ប្រទេសអ៊ុយក្រែន) វិញ។
សេចក្ដីប្រកាសព័ត៌មាន បានសរសេរថា៖ «ក្រសួងការពារជាតិរ៉ូស្ស៊ី បានច្រានចោលតាំងពីនាទីដំបូង ជុំវិញសំដីគ្មានខ្លឹមសារ របស់ភាគីអ៊ុយក្រែន ដែលលើកឡើង ពីការភ្ជាប់កងទ័ពរ៉ូស្ស៊ី ទៅក្នុងហេតុការណ៍នេះ។ តែអ្នកស៊ើបអង្កេត របស់ប្រទេសហូឡង់ មិនបានយកចិត្តទុកដាក់សោះឡើយ ពីសាក្សីដែលនៅជិតកន្លែងកើតហេតុ និងពីសាក្សី ដែលដឹងពីការបាញ់កាំជ្រួច ចេញពីតំបន់គ្រប់គ្រង ដោយកងទ័ពអ៊ុយក្រែននោះ។»។
កាលពីខែកញ្ញា ឆ្នាំ២០១៦ ក្រុមអ្នកស៊ើបអង្កេតអន្តរជាតិ បានចេញសេចក្ដីសន្និដ្ឋាន ជំហានដំបូងថា ប្រព័ន្ធកាំជ្រួច ការពារដែនអាកាស ប្រភេទ «Bouk-Telar» ត្រូវបានដឹកចូលពីប្រទេសរ៉ូស្ស៊ី មុននឹងដាក់ឲ្យប្រើប្រាស់ នៅក្នុងតំបន់ភាគខាងកើតរ៉ូស្ស៊ី ដែលគ្រប់គ្រងដោយក្រុមនិយមបំបែកទឹកដី ស្និតប្រទេសរ៉ូស្ស៊ី។ នៅពេលនោះ ក្រុមអ្នកស៊ើបអង្កេត មិនបានអះអាងថា តើនរណាជាអ្នកទទួលខុសត្រូវ ក្នុងការបាញ់កាំជ្រួចនេះទេ៕