ជនចាប់​ចំណាប់ខ្មាំង​នៅ​ប៉ារីស​យប់​ម៉ិញ ត្រូវ​បាន​ចាប់​ខ្លួន

បុរសម្នាក់ដែលបានឃាត់មនុស្សពីរនាក់ ទុកជាចំណាប់ខ្មាំង កណ្ដាលរដ្ឋធានី ប៉ារីស តាំងពីរសៀលម្សិលម៉ិញនោះមក ត្រូវបានចាប់ខ្លួន នៅយប់ថ្ងៃដដែល។ រីឯចំណាប់ខ្មាំងទាំងពីរនាក់ ត្រូវបានដោះលែងវិញ ដោយមិនមានរងរបួសអ្វីទេ។
ជនចាប់​ចំណាប់ខ្មាំង​នៅ​ប៉ារីស​យប់​ម៉ិញ ត្រូវ​បាន​ចាប់​ខ្លួន
ទិដ្ឋភាពកងកម្លាំងពិសេស របស់អាជ្ញាធរ បន្ទាប់ពីការវាយសម្រុក ចូលទៅរំដោះចំណាត់ខ្មាំងរួច កាលពីយប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨។ (រូបថតលើទ្វីសធើរ)
Loading...
  • ដោយ: ដ. កែវ ([email protected]) - ប៉ារីស ថ្ងៃទី១៣ មិថុនា ២០១៨
  • កែប្រែចុងក្រោយ: June 13, 2018
  • ប្រធានបទ: ចំណាប់ខ្មាំង
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កម្លាំងនគរបាលពិសេសបារាំង បានបើកការវាយសម្រុក ចូលទៅរំដោះចំណាប់ខ្មាំង និងចាប់ខ្លួនបុរស ដែលចាប់មនុស្សធ្វើចំណាប់ខ្មាំង កាលពីយប់ម្សិលម៉ិញ វេលាម៉ោងប្រមាណជិត ២០។ ហេតុការណ៍បានកើតឡើង នៅក្នុងអាគារមួយ ស្ថិតក្នុងសង្កាត់លេខ១០ កណ្ដាលរដ្ឋធានីប៉ារីស បន្ទាប់ពីបុរសម្នាក់នោះ បានចាប់មនុស្សពីរនាក់ ធ្វើជាចំណាប់ខ្មាំង ចាប់តាំងពីម៉ោង ១៦រសៀលនោះមក។

ប្រភពស្និតនឹងហេតុការណ៍ បានបញ្ជាក់ឲ្យដឹងថា បុរសសង្ស័យ មានដើមកំណើតមកពីប្រទេស​ម៉ារ៉ុក មិនដែលត្រូវបានអាជ្ញាធរ ស្គាល់ពីមុនមកទេ ជាពិសេេសនៅក្នុងបញ្ជី «S» នៃក្រុមអ៊ីស្លាមនិយមជ្រុល។ ជនសង្ស័យរូបនេះ បានរងរបួសស្រាល នៅពេលនគរបាលចាប់ខ្លួន និងត្រូវបានបញ្ជូនទៅឃុំខ្លួន ជាបណ្ដោះអាសន្ន។

ស្ថាប័នអយ្យការបារាំង ប្រចាំរដ្ឋធានីប៉ារីស បានប្រកាសបើកការសើបអង្កេតមួយឡើង ពីបទ«ចាប់ពង្រត់ និងឃុំខ្លួនដោយខុសច្បាប់» «បង្កហិង្សាដោយប្រើអាវុធ» «កាន់អាវុធខុសច្បាប់» «គម្រាមប្រើអំពើឧក្រិដ្ឋ» និងបទ «ប៉ុនប៉ងធ្វើឃាតដោយចេតនា»។

ប្រភពស្និតនឹងសំនុំរឿង បានរៀបរាប់ថា ដំបូងឡើយ បុរសរូបនេះបានចូលចាប់មនុស្ស នៅក្នុងទីស្នាក់ការរបស់ក្រុមហ៊ុនមួយ ស្ថិតក្នុងផ្លូវ «des Petites écuries» ដែលមានសម្បូរដោយ មនុស្សម្នាឆ្លងកាត់ និងភោជនីយដ្ឋានផឹកស៊ីជាច្រើន។ បន្តិចម្ដងៗ កងកម្លាំងពិសេស របស់អាជ្ញាធរ បានរំកិលខ្លួន ចូលទៅជិតទីស្នាក់ការនោះ បន្ទាប់ពីបានជជែកចរចា ជាមួយបុរសសង្ស័យ អស់រយៈពេលជាច្រើនម៉ោង។

កងកម្លាំងអជ្ញាធរ មិនបានផ្ទុះអាវុធទេ ដោយសារតែពួកគេ បានដឹងថា មានប្រេងសាំងនៅទីនោះ។ ជនសង្ស័យបានប្រើកាំបិត ភ្ជង់នៅជាប់នឹងបំពង់ក របស់ចំណាប់ខ្មាំង ដែលត្រូវបានស្រោចជោគខ្លួន ដោយប្រេងសាំង។ ប៉ុន្តែកងកម្លាំងនគរបាល បានបង្ក្រាបជនសង្ស័យ ដោយជោគជ័យ ហើយមិនបាន ធ្វើឲ្យចំណាប់ខ្មាំង រងរបួសឡើយ។

មានចំណាប់ខ្មាំងម្នាក់ទៀត បានគេចខ្លួនចេញផុត នៅមុនពេលកងកម្លាំងនគរបាល ទៅដល់។ ចំណាប់ខ្មាំងរូបនេះ បានរងរបួសស្រាល ដែលទំនងជាបណ្ដាល មកពីបានប្រយុទ្ធ ជាមួយជនសង្ស័យ។ នៅពេលនគរបាលទៅដល់ មានមនុស្សនៅក្នុងហេតុការណ៍នេះ តែបីនាក់ប៉ុណ្ណោះ គឺជនសង្ស័យម្នាក់ និងចំណាប់ខ្មាំង២នាក់។

មូលហេតុដែលធ្វើឲ្យជនសង្ស័យ ធ្វើសកម្មភាពដូចនេះ នៅមិនទាន់ត្រូវបាន​ឲ្យដឹង​នៅឡើយ។ ប្រភពមួយពីនគរបាល បានបង្ហើបប្រាប់ថា ជនសង្ស័យអាចមានបញ្ហាផ្លូវចិត្ត និងបាននិយាយអ្វីមិនច្បាស់លាស់ ដូចជាលើកឡើង ពីស្ថានទូតអៀរ៉ង់ និងបន្ទាប់មក លើកពីរដ្ឋាភិបាល (...)៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...