ផ្ទុះ​អាវុធ​នៅ​ព្រលាន​យន្ដហោះ​ប៉ារីស «អ័រលី» សម្លាប់​ជន​សង្ស័យ​ម្នាក់

បុរសម្នាក់ ត្រូវបានបាញ់សម្លាប់ នៅវេលាព្រឹកម៉ោងជាង ៨ ក្នុងព្រលានយន្ដហោះ អ័រលី (Orly - ភាគ​ខាង​ត្បូង​រដ្ឋធានី ប៉ារីស ប្រទេស​បារាំង) បន្ទាប់ពីជននេះ បានព្យាយាម​ទៅឆក់​យក​អាវុធ ពី​ទាហាន​ម្នាក់ ដែល​ត្រូវ​បាន​ដាក់​ពង្រាយ ជាមួយ​នឹង​កង​កម្លាំង​​ផ្សេងទៀត ដើម្បីរក្សា​សន្ដិសុខ នៅ​ទី​នោះ។ កាលពី​ជាង​មួយម៉ោង​មុន​នេះ ការ​ផ្ទុះ​អាវុធ​មួយ​ផ្សេង ក៏បាន​កើត​ឡើង​ឡើង​ដែរ នៅក្នុង​ក្រុង​មួយ ស្ថិត​នៅ​ភាគ​ខាង​ជើង​រដ្ឋធានី ប៉ារីស។ អាជ្ញាធរ​បាន​ជឿថា ហេតុការណ៍​ទាំង​ពីរ​នេះ មាន​ជាប់​ទាក់ទង​គ្នា ឬបង្កឡើង ដោយ​ជន​តែម្នាក់។
ផ្ទុះ​អាវុធ​នៅ​ព្រលាន​យន្ដហោះ​ប៉ារីស «អ័រលី» សម្លាប់​ជន​សង្ស័យ​ម្នាក់
ព្រលានយន្ដហោះ អ័រលី នៃរដ្ឋធានីប៉ារីស (ប្រទេសបារាំង) និងជនសង្ស័យ ដែលត្រូវបានបាញ់សម្លាប់ នៅនឹងកន្លែង។ (រូបថតលើទ្វីសធើរ)
Loading...
  • ដោយ: សេក មនោរកុមារ ([email protected]) - ប៉ារីស ថ្ងៃទី១៨ មិនា ២០១៧
  • កែប្រែចុងក្រោយ: March 18, 2017
  • ប្រធានបទ: ឧក្រិដ្ឋកម្ម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅព្រឹកថ្ងៃសៅរ៍ ទី១៨ ខែមីនានេះ ក្នុងប្រទេសបារាំង មានហេតុការណ៍ពីរ ដែលបានកើតឡើង​​រវាង​គ្នា តែ​ជាង​មួយ​ម៉ោង​ប៉ុណ្ណោះ និងស្ថិតនៅចំងាយពីគ្នា ជាង៤០គីឡូម៉ែត្រ។ ប្រភពពីនគរបាល​បារាំង បានជឿជាក់​ថា ជា​ហេតុការណ៍​ពីរ ដែល​បាន​ជាប់​ទាក់ទងគ្នា។

ហេតុការណ៍ទីមួយ កើតឡើងនៅវេលាម៉ោង ៦ និង៥៥នាទីព្រឹក បង្កឡើងដោយជនម្នាក់ នៅ​ក្នុង​ក្រុង ស្ដាំង (Stains) ស្ថិត​នៅ​ភាគខាងជើង នៃរដ្ឋធានីប៉ារីស។ ជននោះបានផ្ទុះអាវុធឡើង នៅពេលដែល​ក្រុម​នគរបាល​ កំពុង​ធ្វើ​យុទ្ធនាការ ត្រួតពិនិត្យ​អត្តសញ្ញាណ​ជាធម្មតា​មួយ នៅតាម​ដងផ្លូវ នៃទីក្រុង​នោះ បណ្ដាល​ឲ្យភ្នាក់ងារ​នគរបាល​ម្នាក់ រងរបួសស្រាល នៅត្រង់ក្បាល។

ប្រមាណជាង១ម៉ោង​​កន្លះក្រោយមក នៅវេលាម៉ោង៨ និង៣០នាទី ហេតុការណ៍​មួយ​ទៀត បាន​កើត​ឡើង នៅ​ក្នុង​ព្រលាន​យន្ដហោះ អ័រលី ខាងត្បូង (Orly-Sud) ដែលស្ថិត​នៅ​ភាគ​ខាង​ត្បូង នៃរដ្ឋធានីប៉ារីស។ បុរស​ម្នាក់​ បាន​ព្យាយាម​ទៅ​ឆក់​យក​អាវុធ ពីទាហានម្នាក់ ដែលត្រូវ​បានដាក់​ពង្រាយ ជាមួយកង​កម្លាំង​ផ្សេង​ទៀត ដើម្បី​រក្សា​សន្ដិសុខ នៅ​ក្នុង​ព្រលានយន្ដហោះ មុន​នឹង​ជន​នេះ ត្រូវបានបាញ់​សម្លាប់​ភ្លាមៗ នៅនឹង​កន្លែង (រូបថតខាងលើ)។

ជនសង្ស័យ ត្រូវបាននគរបាលស្គាល់មុខ...

បើតាមការ​ចេញផ្សាយ នៅមុននេះ របស់សារព័ត៌មាន «Le Parisien» បានឲ្យ​ដឹងថា ជនសង្ស័យ​ម្នាក់​នោះ មាន​ឈ្មោះ «Zied B» និងធ្លាប់ត្រូវ​នគរបាលស្គាល់មុខ នៅក្នុងសំនុំ​រឿង​ឆក់ប្លន់ ហើយ​មាន​ជាប់​ទាក់ទង នឹង​បណ្ដាញ​អ៊ីស្លាម​និយម​ជ្រុល។ ជននេះ មានអាយុ​ជាង៤០ឆ្នាំ រស់នៅក្នុង​តំបន់ «Val-d’Oise (ភាគ​ខាង​លិច​ឈៀង​ខាង​ជើង នៃរដ្ឋធានីប៉ារីស)» និងកំពុងស្ថិត​នៅក្រោម ការត្រួតពិនិត្យ ពីសំណាក់​ប្រព័ន្ធ​យុត្តិធម៌​បារាំង។

សារព័ត៌មានដដែល បានស្រង់ប្រភពពីនគរបាល មកបញ្ជាក់ទៀតថា ហេតុការណ៍ទាំងពីរ​ខាង​លើ បង្ក​ឡើង​ដោយ​ជន​តែ​ម្នាក់​។ បន្ទាប់ពីបើកការបាញ់ប្រហារ ដោយកាំភ្លើងខ្លី ទៅលើភ្នាក់ងារនគរបាល ដែលបានត្រួតពិនិត្យ លើអត្តសញ្ញាណខ្លួន កាលពីព្រឹក​ព្រហាម​នោះហើយ ជននេះ​បានបើក​រថយន្ដ​រត់​គេ​ខ្លួន។ នៅប៉ុន្មាន​នាទី​​ក្រោយ​មក រថយន្ដ​នោះ ត្រូវបានរកឃើញ​ចតចោល នៅក្នុង​ក្រុង «Vitry-sur-Seine (ភាគ​ខាង​ត្បូង ជាប់រដ្ឋ​ធានី​ប៉ារីស)» ហើយ​អ្នក​បើកបរ​រថយន្ដនេះ បានផ្ទុះអាវុធ​ជាថ្មីទៀត ដើម្បីប្លន់​យករថយន្ដ​មួយ​ផ្សេង ធុន «Citroën Picasso» ដើម្បី​បើក​ចេញ​ទៅ។ តែការផ្ទុះអាវុធលើក​នេះ មិនបណ្ដាលឲ្យមាន​មនុស្សរងគ្រោះអ្វីទេ តែ​នៅ​ក្នុង​រថយន្ដ​ចតចោល នគរបាល​បានរកឃើញ អាវយឺត​មួយ​ប្រលាក់​ដិតដាម ទៅដោយ​ឈាម។

ជើងហោះហើរទាំងអស់ ត្រូវបានកាត់ផ្ដាច់...

គឺរថយន្ដ «Citroën Picasso» ដែលត្រូវបាន​ប្លន់នេះហើយ ដែលត្រូវបាន​រកឃើញ​ជាបន្ទាប់​មកទៀត នៅ​ក្នុង​ចំណត​រថយន្ដ នៃព្រលាន​យន្ដហោះ អ័រលី រហូតមាន​ផ្ទុះហេតុការណ៍ ឆក់អាវុធ​ពីទាហាន ជំរុញឲ្យកងកម្លាំងនោះ​ទីនោះ ផ្ទុះអាវុធតបវិញ បាញ់សម្លាប់ជននោះ​នៅនឹងកន្លែង។

អាជ្ញាធរ នៅមិនទាន់អះអាងនៅឡើយ ថា​ករណី​ទាំងពីរ ជាអំពើ​ភេរវកម្ម ប៉ុន្តែបាន​អះអាងថា ទុកតួនាទី​នេះ ឲ្យ​ប្រព័ន្ធ​យុត្តិធម៌​បារាំង ជាអ្នក​កំណត់។ នៅប្រមាណ​ជា​ពីរ​ម៉ោងមុន ការិយាល័យ​ស៊ើបអង្កេត ជំនាញ​ខាង​​អំពើ​ភេរវកម្ម នៃ​រដ្ឋអាជ្ញា​បារាំង ប្រចាំ​នៅ​រដ្ឋធានីប៉ារីស ត្រូវបានចាត់​ឲ្យទទួល​បន្ទុក ស្រាវជ្រាវ​សិក្សា ទៅលើ​ព្រឹត្តិការណ៍​ខាង​លើ ហើយនឹងប្រកាស​ជូនសាធារណជន ឲ្យដឹងពីការស៊ើបអង្កេត​ជំហានដំបូង​របស់ខ្លួន នៅ​វេលា​ល្ងាច​នេះ (ឬយប់នេះ)។

សូមបញ្ជាក់ដែរថា ជើងហោះហើរទាំងអស់ (ទាំងហោះចេញ និងហោះចូល) នៅក្នុងព្រលានយន្ដហោះ អ័រលី ត្រូវ​បាន​ផ្អាក រហូត​មាន​បទ​បញ្ជា​ជាថ្មី។ នេះ បើតាម​សេចក្ដីជូនដំណឹងមួយ របស់អាកាសចរណ៍ស៊ីវិលបារាំង។ ជើងយន្ដហោះ ដែលត្រូវចុះចត ត្រូវបានបញ្ជាឲ្យ​ទៅចុះចត នៅព្រលានយន្ដហោះអន្តរជាតិ រ៉័ស៊ី ឆាលឌឺហ្គោល (Rossy CDG) ស្ថិត​នៅ​ភាគ​ខាង​ជើង នៃ​រដ្ឋធានីប៉ារីស​វិញ។៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...