អតីត​ទាហាន​អាមេរិក​ម្នាក់​ជាប់​ទោស​២១០ឆ្នាំ ពី​បទ​រំលោភ​កុមារី​កម្ពុជា

ពេលវេលាសេសសល់ នៃជីវិតរបស់នាយទាហានជើងទឹកចូលនិវត្តន៍ សញ្ជាតិអាមេរិកមួយរូប ត្រូវបានតុលាការ​កាត់ក្ដី ឲ្យទៅជាប់ក្នុងពន្ធនាគារ រហូតដល់ចុងបញ្ចប់ នៃជីវិតរបស់បុរសចំណាស់នេះ។ នេះបើតាមអ្នកទទួល​ខុសត្រូវស្និតនឹងសំនុំរឿងក្ដីនេះ ដែលបុរសអតីតនាយទាហានរូបនោះ ត្រូវបានរកឃើញមានស្ថានទម្ងន់ទោស ពីបទរំលោភនិងធ្វើទារុណកម្ម ទៅលើកុមារីមិនទាន់គ្រប់អាយុជាច្រើន នៅក្នុងប្រទេសកម្ពុជា។
Loading...
  • ដោយ: កេសរ កូល
  • កែប្រែចុងក្រោយ: March 03, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ពេលវេលាសេសសល់ នៃជីវិតរបស់នាយទាហានជើងទឹកចូលនិវត្តន៍ សញ្ជាតិអាមេរិកមួយរូប ត្រូវបានតុលាការ​កាត់ក្ដីឲ្យទៅជាប់ក្នុងពន្ធនាគារ រហូតដល់ចុងបញ្ចប់ នៃជីវិតរបស់បុរសចំណាស់នេះ។ នេះបើតាមអ្នកទទួល​ខុស​ត្រូវ ស្និតនឹងសំនុំរឿងក្ដីនេះ ដែលបុរសអតីតនាយទាហានរូបនោះ ត្រូវបានរកឃើញមានស្ថានទម្ងន់ទោស ពីបទ​រំលោភ និងធ្វើទារុណកម្ម ទៅលើកុមារីមិនទាន់គ្រប់អាយុជាច្រើន នៅក្នុងប្រទេសកម្ពុជា។


ស្នាមញញឹមរបស់កុមារីខ្មែរ នៅឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិសាត់។ (រូបថត MONOROOM.info/ D.KEO)

ប្រព័ន្ធច្បាប់អាមេរិក - តាមពិតទៅ ជនចោទចោទ មៃឃើល ប៉េប៉េ (Michael Pepe) ត្រូវបានគេរកឃើញ​ថាមាន​កំហុស តាំងពីឆ្នាំ២០០៨មកម្លេះ តែទើបតែនៅថ្ងៃអង្គារទី២៨ ខែកុម្ភៈ ឆ្នាំ២០១៤ កន្លងមកនេះ ដែលតុលាការ​សហព័ន្ធនៃទីក្រុងឡូសអេនជឺឡេស (Los Angeles) ក្នុងរដ្ឋកាលីហ្វ័នី បានកំណត់ឲ្យបុរសនេះជាប់ទោស២១០ឆ្នាំ នៅក្នុងពន្ធនាគារ។ នេះបើយោងតាម សាលដីការរបស់តុលាការ ដែលត្រូវបានប្រកាសនៅក្នុងសវនាការ និងចេញ​ផ្សាយឲ្យដឹងជាសាធារណៈ។

ចៅក្រម ដេល៍ ហ្វីសឆើរ (Dale Fischer) បានប្រកាសថា អតីតទាហានស័ក្ដិប្រាំមិនបានបង្ហាញនូវវិប្បដិសារីរបស់​ខ្លួនសូម្បីបន្ដិច​ឡើយ។ ចៅក្រមរូបនេះ បានបន្ដទៀតថា «ជនជាប់ចោទ បានមកប្រទេសកម្ពុជា ព្រោះនៅទីនោះ ដើម្បី​សេពកាម​ជាមួយក្មេងស្រីតូចៗ មិនមានការត្រួតពិនិត្យតឹងតែងនោះទេ»។

ចៅក្រមដដែលបានបញ្ជាក់ពីទោសកំហុសរបស់ ប៉េប៉េ យ៉ាងដូច្នេះថា «ជនជាប់ចោទបានរំលោភ និងធ្វើទារណកម្ម​ទៅលើ​កុមារីទាំងនោះ នៅក្រោមលេស ថាខ្លួនមានចំណាប់អារម្មណ៍ និងចង់ផ្ដល់ការសិក្សាអប់រំទៅឲ្យ​កុមារៗ​នៅ​កម្ពុជា»។

ចៅក្រមបានកំណត់ឲ្យជនជាប់ចោទទទួលទោសក្នុងកម្រិតធ្ងន់បំផុត ដែលចែងក្នុងច្បាប់​អាមេរិក ចំនួន៣០ឆ្នាំ ក្នុង​កុមាររងគ្រោះមួយរូបៗ ពីក្នុងចំណោមកុមាររងគ្រោះទាំងអស់៧នាក់។ ចៅក្រមបានថ្លែង​បញ្ជាក់ទៀតថា «បើទោះ​ជាមានការខិតខំប្រឹងប្រែង ពីសំណាក់មេធាវីការពារជនជាប់​ចោទយ៉ាង​ណាក៏​ដោយ តែ​តុលាការរកមិន​ឃើញ​ពី​អំណះអំណាងណាមួយទាល់តែសោះ ដើម្បីអាចអនុញ្ញាតឲ្យជនជាប់ចោទ អាច​នឹង​ត្រូវបាន​ដោះលែងពីពន្ធនាគារ សូម្បីតែមួយថ្ងៃក៏ដោយ»។

មិនត្រឹមតែទោស ២១០ឆ្នាំ នៅក្នុងពន្ធនាគារប៉ុណ្ណោះនោះទេ តែចៅក្រមជំនុំជម្រះរូបនេះ បានបង្ខំឲ្យជនជាប់ចោទ ម៉ៃឃើល ប៉េប៉េ ផ្ដល់សំណងជាទឹកប្រាក់ចំនួន ២៤៧ពាន់ដុល្លា ទៅដល់បណ្ដាអង្គការសមាគមទាំងឡាយណា ដែលបានទទួលយកកុមាររងគ្រោះទាំងនោះ ទៅបីបាច់ថែរក្សា។ ចៅក្រមបានបញ្ជាឲ្យយក ប្រាក់សោធននិវត្តន៍​របស់​ជន​ជាប់ចោទ ក៏ត្រូវតែយកមកទូទាត់នៅក្នុងសំណងនោះដែរ។ «តាមឆន្ទានុសិទ្ធិរបស់ខ្ញុំ សូម្បីតែមួយសេន​ក៏ដោយ ក៏ត្រូវតែយកទៅឲ្យកុមាររងគ្រោះនោះទាំងអស់» ចៅក្រមបានបន្ថែម។

ជាអ្នករស់នៅក្នុងក្រុង អូសណាដ៍ (Oxnard) នៃរដ្ឋកាលីហ្វ័នី សហរដ្ឋអាមេរិក ជនជាប់ចោទម៉ៃឃើល ប៉េប៉េ បាន​ចូលទៅធ្វើការក្នុងលក្ខណៈពាក់កណ្ដាលម៉ោង ជាគ្រូបង្រៀនម្នាក់នៅក្នុងសកលវិទ្យាល័យមួយនារាជធានីភ្នំពេញ។ បុរសនេះ បានធ្វើការងារបែបនេះ រហូតទាល់តែនគរបាលកម្ពុជា ចាប់ឃាត់ខ្លួននៅឆ្នាំ២០០៦៕

-----------------------------------------------
ដោយ កេសរកូល (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី០៣ មីនា ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...